អន្តរជាតិ
នាយករដ្ឋមន្រ្តីថៃ សន្យាបង្កើនចំណូលកសិករឱ្យបាន៣ដងក្នុងរយៈពេល៤ឆ្នាំ
05, Oct 2023 , 11:19 am        
រូបភាព
លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ។ រូបភាព X_Srettha Thavisin
លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ។ រូបភាព X_Srettha Thavisin
នាយករដ្ឋមន្រ្តីថៃ លោក សេដ្ឋា ថាវីស៊ីន បានសន្យាបង្កើនចំណូលកសិករឱ្យបាន៣ដង ក្នុងរយៈពេល៤ឆ្នាំ។ ត្រង់ចំណុចនេះ ប្រមុខរដ្ឋាភិបាលថៃ បានលើកឡើងថា រដ្ឋាភិបាលក្រុងបាងកក នឹងស្វែងរកវិធីសាស្រ្តថ្មីក្នុងការបង្កើនចំណូលសម្រាប់កសិករ ជាជាងអនុវត្តព្យួរបំណុលកសិករ។

 
ក្នុងវេទិកាមួយនៅថ្ងៃទី៤ ខែតុលា លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ បានយល់ឃើញថា វិស័យកសិកម្មនៅថៃ តម្រូវឱ្យមានការរៀបចំឡើងវិញ ហើយលោកក៏មិនយល់ស្របទាំងស្រុងដែរលើគោលនយោបាយលើកលែងបំណុល និងការធានាតម្លៃដំណាំ។ 
 
ត្រង់ចំណុចនេះ ប្រមុខរដ្ឋាភិបាលថៃ បានលើកឡើងថា រដ្ឋាភិបាលចាំបាច់ ត្រូវស្វែងរកវិធីសាស្រ្តថ្មីក្នុងការជួយកសិករឱ្យបង្កើនចំណូល ដើម្បីអាចឱ្យកសិករបង់បំណុលបាន។ មិនតែប៉ុណ្ណោះ លោកសេដ្ឋា បានបន្តថា លោកសង្ឃឹមនឹងជួយបង្កើនចំណូលឱ្យបាន៣ដង សម្រាប់កសិករក្នុងរយៈពេល ៤ឆ្នាំផង។ 
 
បើតាមលោកសេដ្ឋា រដ្ឋាភិបាលរបស់លោកក៏បានបន្ថែមបញ្ហាទឹកទៅក្នុងរបៀបវារៈរបស់រដ្ឋាភិបាលផង។ នាយករដ្ឋមន្រ្តីថៃ កត់សម្គាល់ថា វិស័យកសិកម្មរបស់ថៃ នឹងអាចបង្កើនទិន្នផលបន្ថែមទៀត ប្រសិនបើប្រទេសថៃ អាចដោះស្រាយបញ្ហាដូចជាគ្រោះរាំងស្ងួត និងទឹកជំនន់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។ 
 
បន្ថែមពីវិស័យកសិកម្ម ប្រមុខរដ្ឋាភិបាលរូបនេះ បានទទូចឱ្យប្រជាជនថៃ កុំចាត់ទុកលោកត្រឹមនាយករដ្ឋមន្រ្តី ប៉ុន្តែជាអ្នកលក់លំដាប់ទីមួយរបស់ប្រទេស។ ត្រង់ចំណុចនេះ លោកសេដ្ឋា បានប្តេជ្ញាលក់ផលិតផលថៃប្រកបដោយគុណភាព និងកសាងការទុកចិត្តរបស់អ្នកវិនិយោគផង។ 
 
មិនតែប៉ុណ្ណោះ នាយករដ្ឋមន្រ្តីថៃ បានជំរុញឱ្យវិស័យទាំងអស់នៅក្នុងប្រទេស រួមគ្នាក្នុងការទាក់ទាញអ្នកវិនិយោគពីប្រទេស ក៏ដូចជាអំពាវនាវឱ្យក្រុមហ៊ុនរដ្ឋមានភាពសកម្មជាងមុនដើម្បីបង្ហាញប្រទេសផ្សេងទៀតថា ថៃសក្តិសមសម្រាប់ការវិនិយោគ។ 
 
ចាប់តាំងពីឡើងកាន់តំណែងមក លោកសេដ្ឋា បានដាក់ចេញគោលនយោបាយជាច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស កសាងសេដ្ឋកិច្ច ដោះស្រាយបំណុលរបស់កសិករ ក៏ដូចជាសុខមាលភាពរបស់ប្រជាជនជាដើម៕
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com