ជាតិ
សង្គមជាតិ
លោក ស សុខា បណ្ដេញជនជាតិជប៉ុន២៥នាក់ចេញពីកម្ពុជា ដោយសារជាប់ពាក់ព័ន្ធនឹងការបង្ខាំងមនុស្ស
05, Oct 2023 , 4:39 pm        
រូបភាព
លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ រូបពី ក្រសួងមហាផ្ទៃ
លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ រូបពី ក្រសួងមហាផ្ទៃ
ភ្នំពេញ៖ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចដាក់ឈ្មោះជនជាតិជប៉ុន២៨នាក់ ចូល ក្នុងបញ្ជីខ្មៅ ។ ក្នុងនោះ មាន២៥នាក់​ ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួន នឹងត្រៀមបណ្ដេញចេញពីកម្ពុជា។

 
តាមសំណើរបស់ស្ថានទូតជប៉ុន សមត្ថកិច្ចកម្ពុជា បានចុះបង្ក្រាបក្រុមជនជាតិជប៉ុនមួយក្រុម ហើយឃាត់ខ្លួនបាន២៥នាក់ ប៉ុន្តែមាន៣នាក់ទៀត បានរត់គេចខ្លួនកាលពីខែកញ្ញា។ ស្ថានទូតជប៉ុន ស្នើសុំកិច្ចអន្តរាគមន៍ពីសមត្ថកិច្ចកម្ពុជា ក្រោយពីមានសំណើរបស់ជនរងគ្រោះម្នាក់ ដែលអះអាងថា រងការបង្ខាំងនិងអំពើហិង្សា នៅក្នុងអគារSkyline ក្នុងរាជធានីភ្នំពេញ។ នេះបើតាមលោក ទូច សុឃៈ ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃនេះ ហើយបន្ថែមថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានជួយសង្គ្រោះជនរងគ្រោះបានម្នាក់។ 
 
កាលពីថ្ងៃទី១២ កញ្ញា អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រកាសស្វែងរកជនជាតិជប៉ុន៣នាក់ ដែលគេចខ្លួនបាត់ នៅម្ដុំជ្រោយចង្វារ ហើយស្នើឱ្យសាធារណជនរាយការណ៍ បើសិនមានអ្នកប្រទេះឃើញ។ យ៉ាងណាមកដល់ពេលនេះ ពុំទាន់ស្វែងរកឃើញនៅឡើយទេ។ 
 
បច្ចុប្បន្ន ជនសង្ស័យ២៥នាក់ដែលសមត្ថកិច្ចបានឃាត់ ត្រូវបានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រៀមបណ្ដេញចេញពីកម្ពុជា ទៅជប៉ុនវិញ។ 
 
លោក ទូច សុឃៈ បានសង្កត់ធ្ងន់ថា៖ «ប្រតិបត្តិការនេះ សបញ្ជាក់ពីការគ្រប់គ្រងសន្តិសុខក្នុងប្រទេស មិនគិតថាជនបង្កនោះជាជនបរទេស ឬជនជាតិណានោះទេ!...សមត្ថកិច្ចនឹងបន្តខិតខំគ្រប់គ្រងសន្តិសុខ ដើម្បីភាពសុខសន្តិភាពរបស់កម្ពុជា ផ្ដល់ភាពកក់ក្ដៅដល់ក្រុមអ្នកវិនិយោគ…»។
 
ដោយឡែក ថ្ងៃបញ្ជូនក្រុមជនជាតិជប៉ុនទាំង២៥នាក់ ចេញពីកម្ពុជា លោក ទូច សុឃៈ ពុំទាន់ដឹងច្បាស់នៅឡើយទេ ដោយសារខាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ជាអ្នកចាត់ចែង។ ករណីនេះ សារព័ត៌មានថ្មីៗ ពុំអាចទាក់ទងលោក កែវ វណ្ណថន ដែលអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឡើយ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com