ជាតិ
​​​ន​យោ​បាយ​ជាតិ​
នាយទាហាន​ច្រើន​ជាងពលទាហាន, សម្តេច ហ៊ុន ម៉ាណែត ឱ្យ​លោក ទៀ សីហា ដោះស្រាយ
05, Oct 2023 , 5:59 pm        
រូបភាព
ដោយ: រួបរួម
សម្តេច ហ៊ុន ម៉ាណែត ​បាន​ប្រាប់​ទៅលោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួង​ការពារជាតិ ពាក់ព័ន្ធករណី​នាយទាហាន​ច្រើន​ជាងពល​ទាហាន​នាពេល​បច្ចុប្បន្ន។ ប្រមុខ​រដ្ឋាភិបាលបាន​បញ្ជាក់យ៉ាងដូច្នេះ នា​ពិធី​ប្រារព្ធ​ទិវា​គ្រូ​បង្រៀន​ ៥តុលា នៅ​វិទ្យាស្ថាន​បច្ចេក​វិទ្យាកម្ពុជា។

 
បច្ចុប្បន្ន នាយទាហាន​មាន​ច្រើន​ជាងពលទាហាន។ នេះក៏ដោយសារតែកម្ពុជា​បាន​ឆ្លងកាត់ភ្លើង​សង្គ្រាម ហើយនាយ​ទាហាន​ជាច្រើន​មិន​ទាន់ដល់អាយុ​ចូលនិវត្តន៍។ សម្តេច ហ៊ុន ម៉ាណែត បានណែនាំទៅ​រដ្ឋមន្ត្រីក្រសួង​ការពារជាតិឱ្យ​ដោះស្រាយ​បញ្ហា​នេះ។
 
សម្តេច ហ៊ុន ម៉ាណែត បាន​កត់សម្គាល់ថា ផែន​ការ​បណ្តុះបណ្តាល​ប្រចាំឆ្នាំ សុទ្ធតែ​ជាការបណ្តុះបណ្តាល​នាយទាហាន ដោយមិនមាន​ផែនការ​បណ្តុះបណ្តាល​ពល​ទាហានឡើយ។ សម្តេចសង្កត់ធ្ងន់ថា បើ​ករណីនេះនៅ​តែបន្ត ៣០​ឆ្នាំទៀត ក៏នឹងគ្មាន​ការ​បណ្តុះបណ្តាលពល​ទាហានដែរ ដូច្នេះសម្តេចទាមទារឱ្យមាន​ការគិតគូរឡើងវិញ។
 
បើតាមអ្វីដែលសម្តេចបាន​លើកឡើង បញ្ហាកន្លងមក គឺដោយសារ​តែបណ្តាប្រទេសជាមិត្ត​ផ្តល់អាហារូបករណ៍​លើ​ការ​បណ្តុះបណ្តាលនាយ​ទាហាន ហើយ​ថ្នាក់ដឹកនាំស្ថាប័ន​ខ្លាច​បាត់បង់អាហារូបករណ៍ទាំងនោះ។ «អត់ទេ យើង​ត្រូវគិតឡើង​វិញ បើនាយទាហានខ្ពស់ជាងនាយទាហានហើយ ត្រូវហ៊ានអារកាត់»។ ប្រមុខរដ្ឋាភិបាល ស្នើឱ្យពិចារណា​កាត់ចំនួននាយទាហាន ហើយ​ថវិការើសពល​ទាហានវិញ ដើម្បីឱ្យស៊ីសង្វាក់​តាមស្ថានភាព​ជាក់ស្តែង។
 
សម្តេច ហ៊ុន ម៉ាណែត លើកឡើង​ថា៖ «កុំខ្លាចពាក្យ មិត្តគេកាត់ជំនួយ បើគេ​ឲ្យ​៤ឆ្នាំមក​រៀន តែយើងជាប់បន្ទុក​៤០​ឆ្នាំ យកមកធ្វើអី្វ? នាយទាហាន​រៀនមកទៅណា បើគាត់ច្រើនពេក យើង​តែងតាំងអត់កើត»។ 
 
ទោះបីជាយ៉ាងណាក៏ដោយ សម្តេច​នាយករដ្ឋមន្ត្រី​បញ្ជាក់ថា អ្វី​ដែលបាន​ធ្វើកន្លងមកមិន​ខុសនោះឡើយ ប៉ុន្តែ​ចាំបាច់ឱ្យមាន​ការគិត​គូឡើង​វិញ ដោយ​សារ​ផែនការ​ឆ្នាំចាស់ជា​ផែនការ​ដែលមនុស្ស​សរសេរ។ សម្តេចណែនាំឱ្យថ្នាក់ដឹកនាំស្ថាប័ន​ចេះពន្យល់​ភាគីជាមិត្តវិញ ដោយ​បង្វែរពីការបណ្តុះបណ្តាល​នាយទាហានទៅជាការបណ្តុះបណ្តាល​ពលទាហាន ពោលគឺ​គិតគូរលើ​ក្របខណ្ឌអាទិភាព ហើយ​យក​ជំនួយ​ដាក់ឱ្យចំគម្រោង​ផែនការ (Master Plan)៕
 

© រក្សាសិទ្ធិដោយ thmeythmey.com