កីឡាជាតិ
ជាតិ
ប្រវត្តិសាស្ត្រ! ខ្សែបម្រើជប៉ុន Yudai Ogawa ក្លាយជាសមាជិកក្រុមជម្រើសជាតិកម្ពុជា
× ស្វាគមន៍កីឡាករ Yudai Ogawa មកកាន់ក្រុមជម្រើសជាតិកម្ពុជា។ នេះជាសារដែលបង្ហោះនៅលើហ្វេសប៊ុកផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា អមដោយរូបភាពកីឡាកររូបនេះ ជាមួយនឹងអាវជម្រើសជាតិកម្ពុជា។
សហព័ន្ធបានបន្ថែមថា៖ «ជូនពរជោគជ័យលើវិថីបាលទាត់ជាមួយក្រុមជម្រើសជាតិយើង»។ ដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលនាព្រឹកថ្ងៃទី៦ ខែតុលា នេះ មានន័យថា ខ្សែបម្រើជប៉ុន Yudai Ogawa ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លិបភ្នំពេញក្រោន ក្លាយជាកីឡាករបាល់ទាត់បរទេសទីមួយដែលចូលរួមក្នុងក្រុមជម្រើសជាតិកម្ពុជា។
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកអាហ្សង់ទីន Felix Dalmas កំពុងត្រៀមខ្លួនសម្រាប់ការប្រកួតជម្រុះបឋម FIFA World Cup ដោយត្រូវស្វាគមន៍ប៉ាគីស្ថាន នាជំនួបជើងទីមួយនៅពហុកីឡដ្ឋានជាតិ ល្ងាចថ្ងៃទី១២ ខែតុលា។
វ័យ២៧ឆ្នាំ Yudai បានចាប់ផ្តើមប្រឡូកក្នុងក្របខណ្ឌបាល់ទាត់កម្ពុជា ជាមួយក្លិបក្រសួងការពារជាតិ (កងយោធពលខេមរភូមិន្ទ) នៅឆ្នាំ២០១៨ ហើយបន្តជាមួយអង្គរថាយហ្គឺរ២រដូវកាល មុននឹងចូលរួមជាមួយភ្នំពេញក្រោនចាប់ពីឆ្នាំ២០២១ មក។ មុនមកដល់កម្ពុជា ខ្សែបម្រើរូបនេះ មានប្រវត្តិប្រឡូកក្នុងអាជីពជាមួយក្លិបជប៉ុន FC Gifu និងក្លិបប៉ូឡូញ RTS Widzew Lodz។
នៅភ្នំពេញក្រោន Yudai ឈ្នះពាន Premier League ពីរលើក ឈ្នះ Cambodian Super Cup ពីរលើក និង Cambodian League Cup ពីរលើក ហើយជាប់ជាកីឡាករឆ្នើមប្រចាំការប្រកួតជាញឹកញាប់។
តាមលក្ខន្តិកៈ FIFA ឆ្នាំ២០១៦ កីឡាករដែលអាចលេងឱ្យក្រុមជម្រើសជាតិណាមួយបាន លុះត្រាតែ គាត់កើតលើទឹកដីនៃសហព័ន្ធកីឡាបាល់ទាត់នោះ, មានម្តាយបង្កើត ឬឪពុកបង្កើត កើតនៅលើទឹកដីនៃសហព័ន្ធកីឡាបាល់ទាត់នោះ, មានជីដូនឬជីតា កើតនៅលើទឹកដីនៃសហព័ន្ធកីឡាបាល់ទាត់នោះ ឬ គាត់រស់នៅយ៉ាងហោចណាស់៥ឆ្នាំជាប់គ្នា ក្រោយឈានដល់អាយុ១៨ឆ្នាំ នៅលើទឹកដីនៃសហព័ន្ធកីឡាបាល់ទាត់នោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com