អន្តរជាតិ
លោកហ្សេលេនស្គីព្រមានថា រុស្ស៊ីនឹងវាយប្រហារប្រទេសអឺរ៉ុបផ្សេងទៀត បើអ៊ុយក្រែនចាញ់សង្រ្គាម
06, Oct 2023 , 10:30 am        
រូបភាព
លោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប (ឆ្វេង) ជាមួយ  ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបភាព X_Volodymyr Zelenskyy
លោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប (ឆ្វេង) ជាមួយ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបភាព X_Volodymyr Zelenskyy
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី៥ ខែតុលា បានព្រមានមេដឹកនាំអឺរ៉ុបថា រុស្ស៊ីមានសមត្ថភាពកសាងយោធាឡើងវិញ និងអាចវាយប្រហារប្រទេសផ្សេងទៀតត្រឹមរយៈពេល៥ឆ្នាំប៉ុណ្ណោះ ប្រសិនបើអឺរ៉ុបបោះបង់ការគាំទ្រ ហើយអ៊ុយក្រែនចាញ់សង្រ្គាមនោះ។

 
អ៊ុយក្រែនពេលនេះ កំពុងស្ថិតក្នុងសភាពមិនច្បាស់លាស់ និងមានក្តីបារម្ភយ៉ាងខ្លាំង ដោយសារតែជំនួយអាម៉េរិក មិនទាន់ត្រូវបានអនុម័តបន្ថែមឡើយ ស្របពេលជំនួយចាស់ក៏កាន់តែខើច។ នៅក្នុងកិច្ចប្រជុំសហគមន៍នយោបាយអឺរ៉ុបរៀបចំឡើងក្នុងក្រុងភាគខាងត្បូង Granada របស់អេស្ប៉ាញ ក្នុងថ្ងៃទី៥ ខែតុលា លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន នៅតែបង្ហាញក្តីសង្ឃឹមថា អាម៉េរិក និងអឺរ៉ុប នៅតែបន្តផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ បើទោះមានបញ្ហានយោបាយនៅក្នុងសភាអាម៉េរិកក៏ដោយ។ 
 
«អឺរ៉ុបត្រូវតែខ្លាំង»។ ប្រធានាធិបតីអ៊ុយក្រែន បានសង្កត់ធ្ងន់បែបនេះ នៅចំពោះមុខថ្នាក់ដឹកនាំអឺរ៉ុប ដោយលោកបន្តអំពាវនាវសុំជំនួយយោធាបន្ថែមដូចជា កាំភ្លើងធំ ដ្រូន មីស៊ីលចម្ងាយឆ្ងាយ រួមទាំងប្រព័ន្ធការពារមីស៊ីល។ បើតាមលោកហ្សេលេនស្គី ជ័យជម្នះ ឬបរាជ័យរបស់អ៊ុយក្រែន នឹងកំណត់ពីជោគវាសនារបស់អឺរ៉ុប។ 
 
បន្ថែមពីនេះ មេដឹកនាំអ៊ុយក្រែន បានព្រមានថា រុស្ស៊ី អាចពង្រឹងសមត្ថភាពយោធារបស់ខ្លួនឡើងវិញ ក្នុងរយៈពេល ៥ឆ្នាំ និងអាចវាយប្រហារប្រទេសដទៃ ប្រសិនបើអ៊ុយក្រែនចាញ់សង្រ្គាម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
បើតាមលោក ហ្សេលេនស្គី ប្រព័ន្ធការពារអាកាសពិតជាសំខាន់ណាស់សម្រាប់អ៊ុយក្រែន ដើម្បីការពារកុមារ និងអាចផ្តល់លទ្ធភាពឱ្យក្មេងៗអ៊ុយក្រែន អាចចូលរៀននៅសាលាបានផងដែរ។ ក្នុងជំនួបនៅប្រទេសអេស្ប៉ាញនេះ លោក ហ្សេលេនស្គី បានបញ្ជាក់ថា កុមារនៅតំបន់ភាគខាងកើត គឺសិក្សាតាមប្រព័ន្ធអនឡាញ ឬចូលរៀនក្នុងថ្នាក់ ដែលរៀបចំនៅស្ថានីយរថភ្លើងក្រោមដី។ 
 
ត្រង់ចំណុចនេះ ប្រធានាធិបតីអ៊ុយក្រែន បានទទូចឱ្យមេដឹកនាំបណ្តាប្រទេសអឺរ៉ុប កុំអនុញ្ញាតឱ្យលោកពូទីន នៅតែបង្កអស្ថិរភាពក្នុងដែនដីនៃបណ្តាប្រទេសណាមួយទៀត ហើយវត្តមានយោធារបស់រុស្ស៊ី ក្នុងដែនដីប្រទេសណាមួយសុទ្ធតែបង្កការគំរាមកំហែងសម្រាប់ប្រទេសទាំងអស់។ 
 
ក្នុងថ្ងៃដដែលនោះ លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានលើកឡើងថា រុស្ស៊ី មិនបានចាប់ផ្តើមសង្រ្គាមនៅអ៊ុយក្រែនឡើយ ប៉ុន្តែរុស្ស៊ី កំពុងព្យាយាមបញ្ចប់វាប៉ុណ្ណោះ។ ត្រង់ចំណុចនេះ លោកពូទីន បានចាត់ទុកប្រទេសលោកខាងលិច ជាអ្នកបង្កសង្រ្គាម ដោយសារតែអាម៉េរិក បន្តស្វះស្វែងរកអនុត្តរភាពនិយម តាមរយៈការចាត់ទុកខ្លួនឯងជាអ្នកកាត់សេចក្តី។ 
 
ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ រុស្ស៊ី បានចាប់ផ្តើមវាយប្រហារលើអ៊ុយក្រែន ដែលខ្លួនចាត់ទុកជាប្រតិបត្តិការយោធាពិសេស​ ក្រោមហេតុផលការពារប្រជាជនរបស់ខ្លួន។ មកទល់ពេលនេះ ប្រជាជនស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច ក៏ដូចជាសន្តិសុខស្បៀងជាដើម បានរងផលប៉ះពាល់យ៉ាងខ្លាំង។ 
 
សូមបញ្ជាក់ថា មេដឹកនាំនៃបណ្តាប្រទេសប្រមាណ៥០ បានមកជួបជុំគ្នានៅក្រុង Granada ដែលស្ថិតនៅភាគខាងត្បូងអេស្ប៉ាញដើម្បីបញ្ជាក់ពីការគាំទ្រចំពោះសង្រ្គាមនៅអ៊ុយក្រែន នៅចំពោះមុខការឈ្លានពានរបស់រុស្ស៊ី។ បន្ថែមពីនេះ កិច្ចប្រជុំនេះ ក៏ជាវេទិកាសម្រាប់មេដឹកនាំបារាំង អាល្លឺម៉ង់ និងអង់គ្លេស ប្តេជ្ញាពីការគាំទ្រចំពោះអ៊ុយក្រែនផង៕ 
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
  អាម៉េរិក
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com