ជាតិ
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ហាមមិនឱ្យលួចលាក់បើកល្បែងស៊ីសងខុសច្បាប់
06, Oct 2023 , 12:04 pm        
រូបភាព
ប្រភេទឆ្នោតឡូតូ (រូបពី អគ្គស្នងការដ្ឋាននគរបាលជាតិ)
ប្រភេទឆ្នោតឡូតូ (រូបពី អគ្គស្នងការដ្ឋាននគរបាលជាតិ)
ភ្នំពេញ៖ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា(គ.ល.ក) ហាមមិនឱ្យលួចលាក់បើកល្បែងស៊ីសងខុសច្បាប់ ។ បម្រាមនេះ ក្រោយពេល គ.ល.ក សង្កេតឃើញ មានការលួចបើកល្បែងស៊ីសងខុសច្បាប់ បង្កឱ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម។ នេះបើតាមសេចក្ដីណែនាំរបស់ គ.ល.ក។

 
ភ្នាក់ងាយលក់ឆ្នោតនៃក្រុមហ៊ុនផ្សងសំណាង និងក្រុមជនខិលខូចមួយចំនួន បានធ្វើសកម្មភាព លួចបង្កប់ការលេងល្បែងស៊ីសងដោយគ្មានការអនុញ្ញាត ដូចជាឆ្នោតកន្ទុយលេខ ល្បែងខេនណូ(Keno) និងល្បែងដទៃទៀតផងដែរ។
 
ដើម្បីពង្រឹងការអនុវត្តច្បាប់ គ.ល.ក បញ្ជាឱ្យក្រុមហ៊ុនល្បែងផ្សងសំណាងទាំងអស់ ត្រូវតែដំណើរការអាជីវកម្មនៅទីតាំង ដែលមានបញ្ជាក់លើអាជ្ញាបណ្ណ និងអាជ្ញាបណ្ណសាខាឬលិខិតអនុញ្ញាប៉ុស្តិ៍សាខា ដែលចេញដោយ គ.ល.ក តែប៉ុណ្ណោះ។ ជាមួយគ្នាដែរ នៅទីតាំងអាជីវកម្ម គឺត្រូវតែដាក់តាំងបង្ហាញអាជ្ញាបណ្ណល្បែងផ្សងសំណាងនៃច្បាប់ដើម។ 
 
ទន្ទឹមនឹងនេះ គ.ល.ក បានហាមឃាត់ដាច់នូវរាល់សកម្មភាពលួចលាក់បង្កប់ការលេងល្បែងស៊ីសងគ្រប់ប្រភេទ ដែលមិនមានការអនុញ្ញាត។ គ.ល.ក ក៏បញ្ជាឱ្យក្រុមហ៊ុនល្បែងផ្សងសំណាងទាំងអស់ ត្រូវតែសហការផ្ដល់ព័ត៌មាន ដល់ក្រុមការងារជំនាញនៃ គ.ល.ក ពាក់ព័ន្ធពាក់នឹងភ្នាក់ងារលក់ និងក្រុមជនខិលខូចដែលលួចលាក់បើកល្បែងស៊ីសងខុសច្បាប់ផងដែរ។ 
 
ទាក់ទិននឹងករណីនេះ គ.ល.ក ព្រមានចាត់វិធានការផ្លូវច្បាប់ បើក្រុមហ៊ុនល្បែងផ្សងសំណាងមិនអនុវត្តតាមការណែនាំឬការបញ្ជាខាងលើ។ ដូចនេះ ក្រុមហ៊ុនល្បែងផ្សងសំណាង ដែលមិនធ្វើតាមការណែនាំ នឹងប្រឈមនឹងការដាក់ទណ្ឌកម្មរដ្ឋបាល ពិន័យអន្រការណ៍ ស្របតាមច្បាប់កំណត់៕ 
 

Tag:
 ល្បែងស៊ីសង
© រក្សាសិទ្ធិដោយ thmeythmey.com