កីឡាជាតិ
ជាតិ
AFC Cup៖ គ្រូភ្នំពេញក្រោន ចាត់ទុកការឈ្នះ Shan United ជាដំណើរចាប់ផ្ដើម ទៅប្រកួតបន្ដបន្ទាប់
06, Oct 2023 , 6:59 pm        
រូបភាព
កីឡាករភ្នំពេញក្រោន អបអរគ្រាប់បាល់ទី៤
កីឡាករភ្នំពេញក្រោន អបអរគ្រាប់បាល់ទី៤
លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន ចាត់ទុកការឈ្នះក្រុម Shan United FC លទ្ធផល ៤-០ ក្នុងវគ្គចែកពូល F នៃព្រឹត្តិការណ៍ AFC Cup 2023-2024 នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ គឺគ្រាន់តែជាការចាប់ផ្ដើមប្រកួត ក្នុងព្រឹត្តិការណ៍នេះ តែប៉ុណ្ណោះ។ គ្រូបង្វឹករូបនេះ និយាយថា បើទោះជាឈ្នះ ដោយគូប្រកួតគ្មានគ្រាប់បាល់វាយបកក៏ដោយ មិនត្រូវវាយតម្លៃក្រុមនេះជាក្រុមខ្សោយឡើយ ស្របពេលភ្នំពេញក្រោន ត្រូវត្រៀមខ្លួនបន្ថែម សម្រាប់ប្រកួតបន្ទាប់ ជាពិសេស គឺការស្វាគមន៍ ក្រុម​ Macarthur FC របស់លីគកំពូលអូស្ដ្រាលី នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣។



ក្នុងសន្និសីទ្ធក្រោយការប្រកួត រវាងភ្នំពេញក្រោន និង Shan United FC លោក Oleg Starynskyi បានបង្ហាញពីការត្រៀមខ្លួនរបស់លោក នៃការប្រកួតពានរង្វាន់ AFC Cup ដោយមិនគ្រាន់តែឈ្នះ ២ ឬ ៣ប្រកួតទេ ប៉ុន្ដែ គឺការឡើងទៅវគ្គបន្ទាប់។ ម្យ៉ាងវិញទៀត បើទោះជាភ្នំពេញក្រោន ឈ្នះ Shan United ៤-០ ប៉ុន្ដែ គ្រូបង្វឹករូបនេះ នៅតែមិនអាចវិនិច្ឆ័យថាក្រុមនេះ មានកម្រិតអន់ជាងក្រុមខ្លួនឡើយ។ 
 
គ្រូបង្វឹកភ្នំពេញក្រោនរូបនេះ បន្ថែមទៀតថា ក្រុមខ្លួន នឹងត្រូវត្រៀមខ្លួនឲ្យបានល្អ បន្ថែមទៀត ដើម្បីប្រកួតជាមួយ Macarthur FC។
 
«ខ្ញុំ គិតថា យើង មិនត្រូវវិនិច្ឆ័យចំពោះក្រុមគេទេ ព្រោះនេះគ្រាន់តែជាការចាប់ផ្ដើមប្រកួត របស់ពួកយើងប៉ុណ្ណោះ។ ឥឡូវនេះ យើង ត្រូវត្រៀមខ្លួន ផ្ដោតលើការប្រកួតជាមួយ Macarthur FC។ យើង អបអរបាល់ទាត់កម្ពុជា! អបអរភ្នំពេញក្រោន។ យើង ត្រូវត្រៀមខ្លួនប្រកួតបន្ទាប់។ យើង ស្គាល់ពីដៃគូ។ យើង នឹងប្រកួតប្រជែង ហើយបង្កើតឱកាស។»។ លោក Oleg Starynskyi បាននិយាយដូច្នេះ។
 
សម្រាប់ជ័យជម្នះ ៤-០នោះ ខ្សែប្រយុទ្ធភ្នំពេញក្រោន កីឡាករ Shintaro Shimizu រកបាន ៣គ្រាប់ (នាទី ២៧, ៧៤ និង ៩០+៣) និងកីឡាករ លឹម ពិសុទ្ធ (នាទី ៨៩)។ 
ក្នុងថ្ងៃជាមួយគ្នានេះដែរ ក្រុម Macarthur FC បានយកឈ្នះ Dynamic Herb Cep ក្នុងលទ្ធផល ៨-២ នៅកីឡដ្ឋាន Campbelltown នៃប្រទេសអូស្ដា្រលី។
 
គួរបញ្ជាក់ផងដែរថា ភ្នំពេញក្រោន ត្រូវស្វាគមន៍ Macarthur FC នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានអូឡាំពិក ហើយត្រូវជួប Macarthur FC ម្ដងទៀត នៅប្រទេសអូស្ដ្រាលី នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ លុះចូលដល់ថ្ងៃទី៣០ ខែតុលា ភ្នំពេញក្រោន ត្រូវស្វាគមន៍ក្រុម Dynamic Herb Cebu និងថ្ងៃទី១៤ ខែធ្នូ ត្រូវប្រកួតជាមួយ Shan United នៅប្រទេសមីយ៉ាន់ម៉ា៕
 

Tag:
 Oleg Starynskyi
  AFC Cup
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com