ធុតង្គ គឺអង្គរបស់បុគ្គលអ្នកកំចាត់កិលេស ឬថា ធម្មជាតិ មានញាណ សម្រាប់កំចាត់បង់នូវកិលេស។ ន័យមួយទៀតថា អង្គនៃសេចក្តីប្រតិបត្តិ សម្រាប់កំចាត់បង់នូវធម៌ជាសត្រូវ ។
បុគ្គលអ្នកមានសទ្ធា ប្រព្រឹត្តធុតង្គ ហើយចំរើនកម្មដ្ឋានផងក៏បាន ឬមានសទ្ធាត្រឹមតែរក្សាសីល ចំរើនកម្មដ្ឋានក៏បាន តែបើមានសេចក្តីនឿយណាយក្នុងខន្ធ ៥ ដែលប្រកបដោយមហាទុក្ខគ្រប់យ៉ាង ក៏គួរប្រព្រឹត្តធុតង្គផង ចម្រើនកម្មដ្ឋានផង ព្រោះជាកិច្ចប្រតិបត្តិមួយនាំមកនូវសេចក្តីចំរើននៃសីលដ៏បរិសុទ្ធផង ជាកិច្ចប្រតិបត្តិយ៉ាងហ្មត់ហ្មង ក្នុងការលះកិលេសយ៉ាងឧក្រិដ្ឋផង ជាកិច្ចប្រតិបត្តិក្នុងការត្រាស់ដឹងនូវលោកុត្តរធម៌យ៉ាងឆាប់រហ័សផង ហើយជាកិច្ចមួយដើម្បីរក្សាទុកនូវវត្តដ៏ប្រសើររបស់ព្រះអរិយបុគ្គលទាំងឡាយ មានព្រះពុទ្ធជាដើមផង។
ធុតង្គ មាន១៣យ៉ាងគឺ៖
១. បង្សុកូលិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាទ្រទ្រង់នូវចីវរដែលដល់នូវភាពគួរខ្ពើមដូចអាចម៍ដី ជាប្រក្រតី។
២. តេចីវរិកង្គ អង្គរបស់ភិក្ខុអ្នកមានចីវរ ៣ គឺ សង្ឃាដិ ចីវរ និងស្បង់ ជាប្រក្រតី។
៣. បិណ្ឌបាតិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាត្រាច់ទៅដើម្បីបិណ្ឌបាតជាវត្ត។
៤. សបទានចារិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាត្រាច់ទៅដើម្បីបិណ្ឌបាតរៀងតាមលំដាប់នៃផ្ទះ ជាប្រក្រតី គឺមិនរំលងទៅផ្ទះដទៃ។
៥. ឯកាសនិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាបរិភោគនូវភោជនតែក្នុងអាសនៈ ១ ជាប្រក្រតី គឺឆាន់ក្នុងកន្លែងតែមួយរហូតដល់ឆាន់រួចរាល់។
៦. បត្តបិណ្ឌបាតិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាបរិភោគនូវភោជនតែក្នុងបាត្រ ១។
៧. ខលុបច្ឆាភត្តិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាមិនបរិភោគនូវភត្ត ដែលខ្លួនហាមនូវភោជនរួចហើយ ទើបបានមកខាងក្រោយ ជាប្រក្រតី គឺថាបើចាប់ផ្តើមឆាន់ហើយ គឺមិនទទួលចង្ហាន់ដែលនាំមកតាមក្រោយឡើយ។
៨. អារញ្ញិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយានៅអាស្រ័យព្រៃជាប្រក្រតី។
៩. រុក្ខមូលិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយានៅអាស្រ័យទៀបគល់ឈើជាប្រក្រតី។
១០. អព្ភោកាសិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយានៅអាស្រ័យក្នុងទីវាលស្រឡះ ជាប្រក្រតី។
១១. សោសានិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយានៅអាស្រ័យក្នុងព្រៃស្មសាន។
១២. យថាសន្ថតិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយានៅតែក្នុងទីសេនាសនដែលភិក្ខុសំដែងឲ្យជាដំបូងដដែល មិនរើរុះ ជាប្រក្រតី។
១៣. នេសជ្ជិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាឃាត់នូវឥរិយាបថដេក ហើយនៅដោយឥរិយាបថអង្គុយ ជាប្រក្រតី៕
ប្រភព៖ www.5000-years.org