អន្តរជាតិ
ហេតុអ្វីរដ្ឋាភិបាលថៃអនុវត្តគោលនយោបាយលើកលែងបំណុល?
07, Oct 2023 , 11:19 am        
រូបភាព
លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ។ រូបភាព X_Srettha Thavisin
លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ។ រូបភាព X_Srettha Thavisin
តាមការបញ្ជាក់របស់អនុរដ្ឋមន្រ្តីហិរញ្ញវត្ថុថៃ លោក Julapun Amornvivat  នៅចុងខែកញ្ញាកន្លងមក រដ្ឋាភិបាលថៃ បានអនុម័តផែនការពន្យារពេលសងបំណុលរបស់កសិកររួចហើយ ដោយការព្យួរបំណុលនេះ នឹងធ្វើឡើងរយៈពេល ៣ឆ្នាំ ហើយអាចចំណាយថវិការដ្ឋាភិបាលប្រមាណ ៣០២.៧៨លានដុល្លារ (១១ពាន់លានបាត)។ ការព្យួរបំណុលរបស់កសិករនេះ បានចាប់ផ្តើមពីថ្ងៃទី១ ខែតុលា។ កសិករប្រមាណ ២,៧លាននាក់ឯណោះ មានសិទ្ធិចូលរួមក្នុងកម្មវិធីពន្យារពេលសងបំណុលរបស់រដ្ឋាភិបាលនេះ ថាតើហេតុអ្វីបានជាកសិករថៃមានបំណុលច្រើន?

 
ជាការពិត នៅពេលថ្មីៗនេះ គណៈរដ្ឋមន្រ្តីថៃបានអនុម័តព្យួរបំណុលហើយ សម្រាប់កសិករ ដោយកម្មវិធីនេះ ចាប់ផ្តើមតាំងពីថ្ងៃទី១ ខែតុលាមកម្លេះ។ ជាការពិត វាមានមូលហេតុច្រើន ដែលកសិករថៃ មានបំណុលរុំខ្លួនច្រើន ហើយវាក៏មិនខុសគ្នាពីបណ្តាប្រទេសផ្សេងដែរ។  
 
ការជួលដី និងជី ជាហេតុផលជំរុញឱ្យប្រជាជនថៃធ្លាក់ក្នុងបំណុល។ តាមទិន្នន័យរបស់រដ្ឋាភិបាលបញ្ចេញនៅពេលកន្លងមក គ្រាន់តែឆ្នាំ២០២១ គ្រួសារកសិករថៃប្រមាណ ៦៦,៧ភាគរយ បានជំពាក់បំណុលគេរួចទៅហើយ។ ដោយបំណុលទាំងនោះ កសិករថៃ ត្រូវចំណាយលើការជួលដី ទិញជី និងសម្ភារប្រើប្រាស់ផ្សេងៗទៀត។ 
 
ផលប៉ះពាល់ដោយសារជំងឺឆ្លង ក៏រឹតតែធ្វើឱ្យកសិករមានបន្ទុកកាន់តែច្រើនផងដែរ។ ដូចដឹងស្រាប់ហើយថា ចាប់តាំងពីចុងឆ្នាំ២០១៩ មក ពិភពលោក បានផ្ទុះឡើងនៃជំងឺឆ្លង ហើយបណ្តាប្រទេសទាំងអស់ ក្នុងពិភពលោក សុទ្ធតែរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។ កសិករនៅថៃ ក៏រងផលប៉ះពាល់ពីបញ្ហានេះដែរ ដែលវាកាន់តែបង្កបន្ទុកកាន់តែធ្ងន់សម្រាប់កសិករថៃ ពាក់ព័ន្ធនឹងបញ្ហាបំណុល ដែលវានៅតែបន្តរាំរ៉ៃ។ 
 
មិនតែប៉ុណ្ណោះ វាក៏អាចមានកត្តាផ្សេងទៀតរួចផ្សំដែរ ដូចជាការចំណាយលើការធ្វើកសិកម្ម និងប្រេងអីជាដើមននឹង ដែលសុទ្ធតែធ្វើឱ្យកសិករថៃ កាន់តែមានបំណុលរុំកកាន់តែច្រើន ដែលចាំបាច់តម្រូវឱ្យមានអន្តរាគមន៍ពីរដ្ឋាភិបាល។ 
 
ដោយសារទើបតែចូលកាន់តំណែងទេ ប៉ុន្តែលោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តី ហើយក៏ជារដ្ឋមន្រ្តីហិរញ្ញវត្ថុផងនោះ សម្រេចអនុម័តការព្យួរបំណុលរបស់កសិករ ទាំងការប្រាក់ និងការបង់ប្រាក់ដើម? តើវាមានហេតុផលអ្វីដែរ?
 
មែនទែនទៅ ការសម្រេចអនុម័តការព្យួរបំណុល ក៏ដូចជាការសន្យាពីសំណាក់មេដឹកនាំថៃកន្លងមក មិនមែនជារឿងអ្វីប្លែកទេ។ ដូចដែលបានបញ្ជាក់ពីបញ្ហាលំបាកៗខាងលើរួចហើយរបស់កសិក។ ដោយសារតែបញ្ហាលំបាកបែបនោះ កន្លងមក សមាគមកសិករថៃ បានអំពាវនាវឱ្យជួយដោះស្រាយបន្ទុករបស់កសិករនៅក្នុងប្រទេសថៃ ដែលជាប្រទេសនាំចេញអង្ករដ៏ធំមួយនៅក្នុងពិភពលោក។ 
 
ម្យ៉ាងកសិករម្នាក់ៗមានបំណុល នៅជាប់ខ្លួនច្រើនផង ចង់មិនចង់ រដ្ឋាភិបាលថៃ ជាពិសេសលោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃថ្មី ចាំបាច់ត្រូវអនុម័តការពន្យារពេលសងបំណុលទាំងការប្រាក់ និងប្រាក់ដើមបែបនេះ ដើម្បីជួយកសិករ ក៏ដូចជាជួយបន្ធូរបន្ទុករបស់កសិករ។ 
 
មិនតែប៉ុណ្ណោះ រដ្ឋាភិបាលថៃ ចាំបាច់ត្រូវដាក់ចេញវិធានការបែបនេះ ដើម្បីបង្ការផលវិបាកណាមួយ ដែលអាចលេចចេញនៅពេលអនាគតពាក់ព័ន្ធនឹងបញ្ហាបំណុលរបស់កសិករនេះ ជាពិសេស គឺការរឹបអូសយកដីរបស់កសិករជាដើម។ 
 
លើសពីនេះ ការព្យួរបំណុលនេះ អាចជាការយកចិត្តប្រជាជនពីសំណាក់រដ្ឋាភិបាល ជាពិសេសពីសំណាក់លោកសេដ្ឋា ផ្ទាល់តែម្តង ដែលកន្លងមក បានរួមគ្នាជាមួយបក្សគាំទ្រដោយយោធា ក្នុងការបង្កើតរដ្ឋាភិបាល។ មែនទែន ក្រោយការចងសម្ព័ន្ធភាពនោះ ប្រជាជនថែមិនតិចទេ បានខកចិត្តចំពោះរដ្ឋាភិបាលថៃ។ 
 
ក្រៅពីគោលនយោបាយព្យួរបំណុលនេះ តើរដ្ឋាភិបាលថៃមានវិធានការផ្សេងទេ ដើម្បីជួយកសិករខ្លួន ដែលកំពុងប្រឈមនឹងការលំបាក ក៏ដូចជាដោះស្រាយបញ្ហាបំផុត?  
 
ពិតណាស់ រដ្ឋាភិបាលថៃ ប្រាកដជាមាន ព្រោះថៃមិនអាចពឹងផ្អែកតែលើការពន្យារពេលសងបំណុលនេះផងដែរ។ សូម្បីតែលោកសេដ្ឋា ដែលជាប្រមុខរដ្ឋាភិបាលថៃ បានយល់ឃើញថា លោកក៏មិនយល់ស្របទាំងស្រុងឡើយ លើគោលនយោបាយពន្យារពេលសងបំណុល។ 
 
តាមការបញ្ជាក់របស់នាយករដ្ឋមន្រ្តីថៃ រដ្ឋាភិបាលចាំបាច់ ត្រូវស្វែងរកវិធីសាស្រ្តថ្មីក្នុងការជួយកសិករឱ្យបង្កើនចំណូល ដើម្បីអាចឱ្យកសិករបង់បំណុលបាន។ មែនទែនទៅ លោកសេដ្ឋា ធ្លាប់សន្យាថា រដ្ឋាភិបាលថៃនឹងជួយចែករំលែកចំណេះដឹង និងការប្រើប្រាស់បច្ចេកវិទ្យាបន្ថែមទៀត ដើម្បីកាត់បន្ថយការចំណាយ និងបង្កើនប្រាក់ចំណូល។ បន្ថែមពីនេះ លោកសេដ្ឋា បានលើកទឹកចិត្តឱ្យកសិករប្រើប្រាស់ជីធម្មជាតិ និងវិធីសាស្រ្តបង្កើនផលកសិកម្ម។
 
ការដាក់ចេញគោលនយោបាយ ដើម្បីដោះស្រាយ បញ្ហាដូចជាគ្រោះរាំងស្ងួត និងទឹកជំនន់ និងការគ្រប់គ្រងទឹក ក៏ជារបៀបវារៈដ៏សំខាន់សម្រាប់រដ្ឋាភិបាលផង។ គោលនយោបាយបែបនេះ នឹងជួយកសិករ ក្នុងការបង្កើនទិន្នផលរបស់ខ្លួន។ 
 
តើគោលនយោបាយពន្យារពេលសងបំណុលនេះ ធ្វើឱ្យរដ្ឋាភិបាលខាតបង់ប្រាក់ប៉ុន្មាន ហើយប្រជាជនថៃប៉ុន្មាននាក់ មានសិទ្ធិចូលរួម?
 
ការព្យួរបំណុលនេះ នឹងធ្វើឡើងរយៈពេល ៣ឆ្នាំ ហើយអាចចំណាយថវិការដ្ឋាភិបាលប្រមាណ ៣០២.៧៨លានដុល្លារ (១១ពាន់លានបាត)។ ការព្យួរបំណុលរបស់កសិករនេះ បានចាប់ផ្តើមពីថ្ងៃទី១ ខែតុលា។ កសិករប្រមាណ ២,៧លាននាក់ឯណោះ មានសិទ្ធិចូលរួមក្នុងកម្មវិធីនេះ។ 
 
ជារួម គោលនយោយបាយរបស់ថៃបែបនេះ គឺវាចាំបាច់ ហើយចាំបាច់ណាស់នៅក្នុងសង្គមថៃ ដែលរដ្ឋាភិបាលត្រូវតែដោះស្រាយជាបន្ទាន់ ខណៈសេដ្ឋកិច្ចប្រទេសមួយនេះ កំពុងជួបបញ្ហាប្រឈម ដែលកើតចេញពីជំងឺឆ្លង និងបញ្ហាសេដ្ឋកិច្ចរបស់ពិភពលោក ក៏ដូចជាសង្រ្គាមនៅអ៊ុយក្រែនជាដើម៕ 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com