អន្តរជាតិ
លោកMcCarthy ប្រកាសមិនលាលែងពីសមាជិកសភា ក្រោយការដកតំណែងជាប្រធានសភា
07, Oct 2023 , 7:59 pm        
រូបភាព
លោក Kevin McCarthy អតីតប្រធានសភាតំណាងអាម៉េរិក។ រូបភាព AFP
លោក Kevin McCarthy អតីតប្រធានសភាតំណាងអាម៉េរិក។ រូបភាព AFP
លោក Kevin McCarthy អតីតប្រធានសភាតំណាងអាម៉េរិក បានប្រកាសថា លោកនឹងកាន់តំណែងជាសមាជិកសភាតំណាងមកពីបក្សសាធារណរដ្ឋរហូតដល់ចប់អាណត្តិ ហើយឈរឈ្មោះជាថ្មី។ ការបញ្ជាក់បែបនេះ ធ្វើឡើងក្រោយសារព័ត៌មានអាម៉េរិក បានចុះផ្សាយថា លោក McCarthy នឹងលាលែងពីតំណែង។


តាមការចុះផ្សាយរបស់សារព័ត៌មានអាម៉េរិក CNN នៅថ្ងៃទី៦ ខែតុលា លោក Kevin McCarthy អតីតប្រធានសភាតំណាងអាម៉េរិក នឹងលាលែងពីសមាជិកសភា ហើយលោកមិនមានគម្រោងប្រជែងតំណែងជាប្រធានសភាតំណាងជាថ្មីឡើយ។ ការចុះផ្សាយនេះ គឺផ្អែកលើប្រភព ដែលសុំមិនបញ្ចេញឈ្មោះ។ 
 
ក្រោយការចុះផ្សាយរបស់សារព័ត៌មាន CNN លោក McCarthy បានបញ្ជាក់យ៉ាងច្បាស់ៗថា លោក នឹងមិនលាលែងពីសមាជិកសភាឡើយ ហើយនៅបន្តរហូតដល់ចប់អាណត្តិ។ 
 
«ខ្ញុំនឹងមិនលាលែងឡើយ។ ខ្ញុំនឹងបន្ត កុំភ័យអី»។ លោក McCarthy បានសង្កត់ធ្ងន់បែបនេះ ទៅកាន់អ្នកសារព័ត៌មាន នៅថ្ងៃទី៦ ខែតុលា ដោយបន្តថា បក្សសាធារណរដ្ឋ នឹងបន្តមានសំឡេងភាគច្រើននៅក្នុងសភាតំណាង ហើយលោកនៅតែបន្តជួយប្រជាជន។ 
 
កន្លងមក លោក McCarthy ត្រូវបានដកតំណែង ក្រោយលោកបានបញ្ចៀសការបិទរដ្ឋាភិបាលសហព័ន្ធអាម៉េរិក តាមរយៈការអនុម័តកញ្ចប់ថវិការយៈពេលខ្លី។ 
លោក McCarthy ត្រូវបានដកចេញពីតំណែងដោយសារមានការមិនពេញចិត្តពីក្រុមអភិរក្សជ្រុលក្នុងចំណោមសមាជិកសភាបក្សសាធារណរដ្ឋ ពិសេសលោក  Matt Gaetz តែម្ដង។ 
 
ពេលនេះ សមាជិកសភាបក្សសាធារណរដ្ឋចំនួន ២រូប កំពុងធ្វើយុទ្ធនាការ ដើម្បីប្រជែងយកកៅអីប្រធានសភាតំណាង។ សមាជិកសភាពីររូបនោះមាន លោក Steve Scalise និងលោក Jim Jordan ដែលគាំទ្រលោកដូណាល់ ត្រាំ ជាប្រធានាធិបតី៕ 
 

Tag:
 អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com