អន្តរជាតិ
លោកពូទីន៖ រុស្ស៊ី នៅតែបើកទ្វារចរចាជាមួយជប៉ុន ដើម្បីស្តារទំនាក់ទំនងទ្វេភាគីឡើងវិញ
07, Oct 2023 , 9:19 pm        
រូបភាព
លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ រូបភាព AFP
លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ រូបភាព AFP
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី០៥ ខែតុលា បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលក្រុងមូស្គូ នៅតែបន្តបើកកិច្ចចរចាជាមួយក្រុងតូក្យូ បើសិនបើប្រទេសរដ្ឋាភិបាលអាស៊ីខាងកើតមួយនេះ ស្នើសុំចរចា។ យ៉ាងណក៏ដោយ មេដឹកនាំរុស្ស៊ី ក៏បានដាក់លក្ខខណ្ឌផងដែរសម្រាប់ក្រុងតូក្យូ ប្រសិនបើជប៉ុន ចង់ចរចា។

 
ថ្លែងក្នុងជំនួបមួយនៅក្រុង Sochi ដែលស្ថិតនៅជាប់សមុទ្រខ្មៅ ក្នុងថ្ងៃទី៥ ខែតុលា លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានថ្លែងពីទំនាក់ទំនងរវាងជប៉ុន និងរុស្ស៊ី ដែលបានធ្លាក់ចុះទាបបំផុត ដោយគិតចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើងក្នុងឆ្នាំ២០២២។ 
 
ឆ្លើយនឹងសំណួររបស់អ្នកស្រាវជ្រាវមួយរូបរបស់មូលនិធិសន្តិភាព Sasakawa របស់ជប៉ុន  លោកពូទីន បានលើកឡើងថា ជប៉ុនចាំបាច់ត្រូវតែចាត់វិធានការមួយចំនួន ដូចជាដកទណ្ឌកម្មលើរុស្ស៊ី ប្រសិនបើខ្លួនចង់ស្តារទំនាក់ទំនងទ្វេភាគីឡើងវិញ។ ត្រង់ចំណុចនេះ មេដឹកនាំរុស្ស៊ី បានអះអាងថា រុស្ស៊ីមិនបានដាក់ទណ្ឌកម្មលើជប៉ុន ហើយក៏មិនបិទទ្វារចរចាដែរ។ 
 
បើតាមលោកពូទីន វាតែងតែល្អ ក្នុងការមានកិច្ចចរចា ប្រសិនបើក្រុងតូក្យូគិតថា ដល់ពេលសម្រាប់ចរចាប្រកបដោយខ្លឹមសារ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Japan Times។ 
 
គួររំឭកថា កន្លងមក ជប៉ុន បានសម្រេចដាក់ទណ្ឌកម្មលើ រួមទាំងបង្កកទ្រព្យសម្បត្តិលើបុគ្គល និងក្រុមហ៊ុន ដែលមានពាក់ព័ន្ធនឹងក្រុមហ៊ុនពាក់ព័ន្ធយោធារបស់រុស្ស៊ី ដើម្បីឆ្លើយតបនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន៕ 
 

Tag:
 រុស្ស៊ី
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com