អន្តរជាតិ
រុស្ស៊ី សន្យាមិនសាកល្បងនុយក្លេអ៊ែរឡើងវិញឡើយ
07, Oct 2023 , 6:39 pm        
រូបភាព
លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ រូបភាព AFP
លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ រូបភាព AFP
អ្នកនាំពាក្យវិមានក្រេមឡាំង លោកDmitry Peskov នៅថ្ងៃទី៦ ខែតុលា បានសន្យាថា រុស្ស៊ី នឹងមិនសាកល្បងនុយក្លេអ៊ែរឡើងវិញឡើយ បើទោះរុស្ស៊ី ដកចោលការផ្តល់សច្ចាប័នលើសន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែរ។ ការនិយាយការពារបែបនេះ ធ្វើឡើងក្រោយពេល លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ព្រមានលើកចោលការផ្តល់សច្ចាប័នសន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែរ(CTBT)។

 
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី៥ ខែតុលា បានព្រមានលុបចោលការផ្តល់សច្ចាប័នសន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែរ ក្រោយហេតុផលឆ្លើយតបនឹងទង្វើរបស់អាម៉េរិក ដែលនៅតែបន្តមិនព្រមផ្តល់សច្ចាប័នលើសញ្ញាមួយនេះ។ 
 
ក្រោយការថ្លែងរបស់លោកពូទីនបែបនេះ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រេមឡាំង បាននិយាយការពារថា ការលើកឡើងរបស់លោកពូទីន មិនបានបញ្ជាក់ពីចេតនារបស់រុស្ស៊ី ចង់សាកល្បងនុយក្លេអ៊ែរឡើងវិញនោះទេ។ 
 
ចំណែក លោក Mikhail Ulyanov ប្រេសិតរុស្ស៊ីប្រចាំនៅអង្គការសន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយ ក្នុងថ្ងៃទី៦ ខែតុលា បានបញ្ជាក់នៅលើបណ្តាញសង្គម X ថា រុស្ស៊ីមានបំណងដកចោលសច្ចាប័ន លើសន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែរ ដែលខ្លួនបានធ្វើឡើងចាប់តាំងពីឆ្នាំ២០០០ មកម្លេះ។
 
«បំណងលុបចោលសច្ចាប័ននេះ គឺដើម្បីធ្វើឱ្យស្មើភាពនឹងអាម៉េរិក»។ កន្លងមក អាម៉េរិក បានត្រឹមតែចុះហត្ថលេខាលើសន្ធិសញ្ញាមួយនេះប៉ុណ្ណោះ និងមិនបានផ្តល់សច្ចាប័នឡើយ។ បើតាមប្រេសិតរុស្ស៊ីរូបនេះ ការលើកចោលសច្ចាប័ន មិនមែនមានន័យថា រុស្ស៊ីចាប់ផ្តើមសាកល្បងនុយក្លេអ៊ែងឡើងវិញនោះទេ។
 
ក្រោយការអះអាងបែបនេះ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក បានឆ្លើយតបថា រាល់ការបង្ហាញពីចេតនារបស់ប្រទេសសមាជិកចង់លុបចោលការផ្តល់សច្ចាប័ន អាចធ្វើឱ្យប៉ះពាល់ដល់បទដ្ឋានសកល ដែលប្រឆាំងនឹងការសាកល្បងនុយក្លេអ៊ែរ។ 
 
សូមបញ្ជាក់ថា សន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែរ បានហាមឃាត់រាល់ការសាកល្បងនុយក្លេអ៊ែរទាំងអស់ មិនថាក្រោមគោលបំណងសន្តិភាព ឬយោធា។ សន្ធិសញ្ញានេះ ត្រូវបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិ នៅក្នុងឆ្នាំ១៩៩៦ ហើយវាត្រូវបានចុះហត្ថលេខាដោយរដ្ឋចំនួន ១៨៧។ មកទល់ពេលនេះ រដ្ឋចំនួន ១៧៨ បានផ្តល់សច្ចាប័ន៕
 

Tag:
 រុស្ស៊ី
  នុយក្លេអ៊ែរ
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com