អន្តរជាតិ
អាស៊ានចាប់ផ្តើមសហការចែកចាយអគ្គិសនីថ្នាក់តំបន់ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ
08, Oct 2023 , 8:39 am        
រូបភាព
រូបឯកសារ៖ ផ្ទាំងសូឡារស្រូបពន្លឺព្រះអាទិត្យនៅក្បែរកង្ហារផលិតអគ្គិសនីពីខ្យល់បក់នៅតំបន់ Quy Non ប្រទេសវៀតណាម កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣។
រូបឯកសារ៖ ផ្ទាំងសូឡារស្រូបពន្លឺព្រះអាទិត្យនៅក្បែរកង្ហារផលិតអគ្គិសនីពីខ្យល់បក់នៅតំបន់ Quy Non ប្រទេសវៀតណាម កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣។
ដោយ: VOA
ការគំរាមជាបន្ទាន់កើនឡើងដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុកំពុងជំរុញបណ្ដាប្រទេសសមាគមអាស៊ាន (ASEAN) ឱ្យចាប់ផ្ដើមធ្វើកិច្ចសហប្រតិបត្តិការគ្នាលើផែនការអាយុកាល ២០ ឆ្នាំដើម្បីអភិវឌ្ឍបណ្ដាញចែកចាយអគ្គិសនីនៅក្នុងតំបន់។


 
គោលបំណងគឺដើម្បីពន្លឿនការផ្ទេរទៅរកប្រភពថាមពលកកើតឡើងវិញដូចជាថាមពលព្រះអាទិត្យ ថាមពលខ្យល់ និងថាមពលវារីអគ្គិសនីជាដើមតាមរយៈការសម្របសម្រួលការផ្ទេរថាមពលពីប្រទេសដែលមានការផ្គត់ផ្គង់លើសតម្រូវការទៅឱ្យប្រទេសដែលត្រូវការថាមពលទាំងនោះ។
 
កាលពីខែសីហា ក្រុមហ៊ុនអគ្គិសនីនៅក្នុងប្រទេសម៉ាឡេស៊ីនិងឥណ្ឌូណេស៊ីបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាមួយដើម្បីសិក្សាលើទីតាំងសក្ដានុពលចំនួន ១៨ ដែលខ្សែផ្ទេរចរន្តអគ្គិសនីឆ្លងព្រំដែនអាចបង្កើតឡើងបាន។
 
កិច្ចព្រមព្រៀងនេះ ដែលបន្ថែមពីលើកិច្ចព្រមព្រៀងពាណិជ្ជកម្មថាមពលរវាងប្រទេសឡាវ ម៉ាឡេស៊ី ថៃ និងសិង្ហបុរី ត្រូវបានចុះហត្ថលេខានៅក្រៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានលើកទី ៤១ អំពីថាមពល ដែលធ្វើឡើងស្របជាមួយនឹងវេទិកាអាជីវកម្មថាមពលថ្នាក់តំបន់កាលពីថ្ងៃទី ២៤ ខែសីហាកន្លងទៅនេះនៅកោះ Bali ប្រទេសឥណ្ឌូណេស៊ី។
 
តម្រូវការថាមពលនៅក្នុងតំបន់បានកើនឡើងជាង ៨០% រវាងឆ្នាំ ២០០០ និងឆ្នាំ ២០១៩ ហើយត្រូវគេរំពឹងថានឹងកើនឡើង ៣ ដងនៅត្រឹមឆ្នាំ ២០៥០ ពីកម្រិតនៅឆ្នាំ ២០២០។ នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអាជីវកម្មអាស៊ាន-សហភាពអឺរ៉ុបឆ្នាំ ២០២៣៕

© រក្សាសិទ្ធិដោយ thmeythmey.com