អន្តរជាតិ
ការបាញ់ផ្កាយរណបទីពីររបស់ថៃ ត្រូវបានលើកពេល ដោយសារបញ្ហាបច្ចេកទេស
08, Oct 2023 , 12:09 pm        
រូបភាព
រូបភាព GISTDA
រូបភាព GISTDA
ការបាញ់ផ្កាយរណបអង្កេតផែនដីទីពីររបស់ថៃ (THEOS-2) ដែលត្រូវបាញ់នៅថ្ងៃទី៧ ខែតុលា បានសម្រេចលើកពេល ដោយសារតែបញ្ហាបច្ចេកទេស។ ការពន្យារពេលដោយគ្មានរយៈពេលកំណត់នេះ ធ្វើឡើងត្រឹមរយៈពេល ១៤វិនាទីមុនប៉ុណ្ណោះ។



តាមការបញ្ជាក់របស់ទីភ្នាក់ងារអភិវឌ្ឍបច្ចេកវិទ្យាអវកាស និងព័ត៌មានភូមិសាស្រ្ត (GISTDA) នៅថ្ងៃទី៧ ខែតុលា បានបញ្ជាក់ថា ការបាញ់ ផ្កាយរណបអង្កេតផែនដីទីពីររបស់ថៃ (THEOS-2) បានត្រូវលុបចោល ត្រឹមរយៈពេល ១៤វិនាទីមុនការបាញ់ប៉ុណ្ណោះ ដោយសារតែមានបញ្ហាបច្ចេកទេស។ 
 
ទន្ទឹមនេះទីភ្នាក់ងារ GISTDA បានបញ្ជាក់ផងដែរថា ការពន្យារពេលបាញ់ផ្កាយរណបដែលអភិវឌ្ឍដោយក្រុមហ៊ុន Arianspace និង Airbus ត្រូវពន្យារពេលបាញ់ ដោយគ្មានពេលកំណត់។ 
 
លោកស្រី Supamas Isarabhakdi រដ្ឋមន្រ្តីឧត្តមសិក្សា ស្រាវជ្រាវវិទ្យាសាស្រ្ត និងនវានុវត្តន៍ បានអះអាងថា ការពន្យារពេលធ្វើឡើងដោយសារវាមានបញ្ហាបច្ចេកទេស បង្កដោយទំហំអគ្គិសនី គឺលើសពីចំនួនកំណត់។ ដោយសារតែបញ្ហានេះ លោកស្រី Supamas បានបន្តថា ក្រុមការងារទទួលបន្ទុកលើសុវត្ថិភាពផ្កាយរណប ចាំបាច់ត្រូវបញ្ឈប់ប្រតិបត្តិការ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ 
 
ជាការពិត ផ្កាយរណប THEOS-2នេះ មិនត្រឹមតែបាញ់នៅជាប់រ៉ុក្កែតសម្រាប់បាញ់ទៅក្នុងលំហតែមួយទេ ប៉ុន្តែវាក៏មានផ្កាយរណបផ្សេងផង ក្នុងនោះមានដូចជា ផ្ការណបតៃវ៉ាន់ Triton និងផ្កាយរណបតូចៗផ្សេងទៀតចំនួន ១០ របស់ទីភ្នាក់ងារអវកាសអឺរ៉ុបផង៕ 
 

Tag:
 ថៃ
  ផ្កាយរណប
© រក្សាសិទ្ធិដោយ thmeythmey.com