ជាតិ
សង្គមជាតិ
អង្គការអុកស្វាម រៀបចំជំនួបរវាងអាជ្ញាធរ និងកម្មករ ពិភាក្សាពីការលើកកម្ពស់ប្រព័ន្ធគាំពារសង្គម ដោយបរិយាបន្ន
08, Oct 2023 , 3:39 pm        
រូបភាព
លោកស្រី សុខ ច័នឆវី ប្រធានកម្មវិធីអង្គការអុកស្វាមនៅប្រចាំកម្ពុជា
លោកស្រី សុខ ច័នឆវី ប្រធានកម្មវិធីអង្គការអុកស្វាមនៅប្រចាំកម្ពុជា
ដំណើរឆ្ពោះទៅ របបសន្តិសុខសង្គមប្រកបដោយបរិយាបន្ន ឆ្លើយតបយេនឌ័រ និងជាសកលនៅកម្ពុជាជាវេទិកាដែលបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងអង្គការអុកស្វាម រៀបចំឡើង ដើម្បីពិភាក្សាគ្នារវាងអាជ្ញាធរពាក់ព័ន្ធ និងកម្មករវិនិយោជិត ពីបញ្ហាប្រឈមនានា និងការស្វែងរកដំណោះស្រាយ។ វេទិកានេះ ត្រួវបានធ្វើឡើង នៅខេត្តស្វាយរៀង នាថ្ងៃទី៨តុលានេះ។

 
វេទិកានេះ ផ្តោតសំខាន់លើការការពង្រីកចំណេះដឹងរបស់កម្មករនិយោជិត និងការអនុវត្តគោលនយោបាយរបស់ថ្នាក់ដឹកនាំមូលដ្ឋាន តំណាងកម្មករនិយោជិត និងតំណាងសហគមន៍ ជាមួយនិយតករ និងប្រតិបត្តិករ នៃរបបសន្តិសុខសង្គម ស្តីពីវឌ្ឍនភាព បញ្ហាប្រឈម ។ 
 
អុកស្វាម បានបញ្ជាក់ថា វេទិកាពិភាក្សាគ្នានេះ ក៏សិក្សាស្វែងយល់ពីបញ្ហាប្រឈម និងសំណើរនានារបស់ថ្នាក់ដឹកនាំមូលដ្ឋាន និងតំណាងកម្មករនិយោជិត ស្តីពីសេវា និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម។ ជាពិសេស ពង្រឹងកិច្ចសហការ និងកិច្ចសន្ទនាគោលនយោបាយ រវាងនិយតករ និងប្រតិបត្តិករ នៃរបបសន្តិសុខសង្គម ជាមួយតំណាងអង្គការសង្គមស៊ីវិល ថ្នាក់ដឹកនាំមូលដ្ឋាន និងតំណាងកម្មករនិយោជិត ដើម្បីស្តាប់កង្វល់ សំណើរ និងចងក្រងធាតុចូលនានា ដើម្បីតាក់តែងគោលនយោបាយរបបសន្តិសុខសង្គមសង្គម ឱ្យបានទូលំទូលាយ ឆ្លើយតបយេនឌ័រ និងប្រកបដោយ បរិយាបន្ន។ 
 
លោកស្រី សុខ ច័នឆវី ប្រធានកម្មវិធីអង្គការអុកស្វាមនៅប្រចាំកម្ពុជា បានលើកឡើងពីបេសកកម្មរបស់ខ្លួន ក្នុងធ្វើការងារជាមួយរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធ ដើម្បីកាត់បន្ថយភាពក្រីក្រ និងវិសមភាពក្នុងចំណោមកម្មករនិយោជិតក្នុងវិស័យកាត់ដេរ កសិករខ្នាតតូច កម្មករក្នុងសេដ្ឋកិច្ចក្រៅ។ ការណ៍ធ្វើបែបនេះ សំដៅដល់ការធានានូវលទ្ធភាពរបស់ពួកគេ ក្នុងការទទួលបានរបបសន្តិសុខសង្គម។ 


 
លោកស្រី ច័នឆវី បានអះអាងយ៉ាងដូច្នេះ៖ «ការទទួលបានការគាំពារសង្គម មានសារៈសំខាន់ណាស់ សម្រាប់កម្មករនិយោជិត និងក្រុមគ្រួសាររបស់ពួកគេ ព្រោះវាជួយទ្រទ្រង់សុខុមាលភាពរបស់ពួកគេ បង្កើនភាពធន់ និងកាត់បន្ថយហានិភ័យនានាដែលបណ្តាលពីគ្រោះមហន្តរាយ ឬជំងឺរាតត្បាតជាសកល និងទប់ស្កាត់ការធ្លាក់ចូលទៅក្នុងស្ថានភាពក្រីក្រ ជាដើម»។ 
 
កន្លងមក រដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាជាតិគាំពារសង្គម បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងមូលនិធិជាតិជំនួយសង្គម (ម.ជ.ជ) បានដាក់ឱ្យអនុវត្តគោលនយោបាយ និងរបបគាំពារសង្គមមួយចំនួន។  ជាពិសេសរបបសន្តិសុខសង្គម (ប.ស.ស.) ដែលបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ។ ថ្មីៗនេះ រដ្ឋាភិបាល ក៏បានដាក់ចេញនូវការពង្រីកវិសាលភាព គ្របដណ្តប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម ដល់កម្មករនិយោជិតដែលធ្វើការទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផងដែរ។ 
 
ការពង្រីកវិសាលភាពទាំងនោះរួមមាន ការផ្តល់ជូនប័ណ្ណសមធម៌សុខភាពដល់អ្នកធ្វើការក្នុងវិស័យកម្សាន្ត កម្មវិធីផ្តល់សាច់ប្រាក់ឧបត្ថម្ភសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ និងការអនុញ្ញាតឱ្យមានការប្រើប្រាស់សេវាសុខភាពដោយមិនគិតថ្លៃ ក្នុងចំណោមសមាជិកគ្រួសារនៃអ្នកដែលមានប័ណ្ណសមាជិក ប.ស.ស. ។ លោកស្រី ច័នឆវី បន្តនិយាយដូច្នេះ៖ « ទាំងនេះ បានសបញ្ជាក់ឲ្យឃើញថា កម្ពុជាកំពុងដើរលើមាគ៌ាដ៏ត្រឹមត្រូវមួយឆ្ពោះទៅការកសាងភាពធន់ សមភាពយេនឌ័រ និងបរិយាបន្ននៅក្នុងប្រព័ន្ធគាំពារសង្គមរបស់ខ្លួន»៕



Tag:
 ប.ស.ស
  ស្វាយរៀង
  Oxfam
© រក្សាសិទ្ធិដោយ thmeythmey.com