អន្តរជាតិ
ចំនួនភ្ញៀវទេសចរចិនធ្វើដំណើរកម្សាន្តក្នុងស្រុក និងក្រៅស្រុក មានទំហំ ៨៥ភាគរយនៃឆ្នាំ២០១៩
08, Oct 2023 , 10:19 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ដំណើរកម្សាន្តក្នុងស្រុក និងក្រៅស្រុករបស់ជនជាតិចិនក្នុងមួយថ្ងៃ មានចំនួនកើនឡើងយ៉ាងខ្លាំង នៅក្នុងឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០២២ ប៉ុន្តែវាមានទំហំត្រឹមតែ ៨៥ភាគរយប៉ុណ្ណោះ បើធៀបនឹងឆ្នាំ២០១៩ ដែលពេលមុនផ្ទុះជំងឺកូវីដ-១៩។

 
ខណៈចិនមានរយៈពេលឈប់សម្រាករយៈពេលយូរ ដោយសារទិវាជាតិ និងពិធីបុណ្យសែនព្រះខែក្នុងឆ្នាំ២០២៣ ចំនួនអ្នកដំណើរ ធ្វើដំណើរកម្សាន្តទាំងក្នុងស្រុក និងក្រៅស្រុក ក្នុងមួយថ្ងៃមានទំហំ ១,៤៧៧លាននាក់។ ទំហំនេះ គឺសើ្មនឹង ៨៥ភាគរយ បើធៀបនឹងឆ្នាំ២០១៩ ប៉ុន្តែវាកើនឡើងយ៉ាងខ្ពស់ បើធៀបនឹងឆ្នាំ២០២២។ 
 
បើទោះចំនួនភ្ញៀវទេសចរចិន ចាប់ផ្តើមធ្វើដំណើរកម្សាន្តឡើងវិញក៏ដោយ ប៉ុន្តែទំហំធ្វើដំណើរនៅក្នុងស្រុក និងក្រៅស្រុកនេះ គឺទាបជាងការវាយតម្លៃរបស់រដ្ឋាភិបាលចិន។ កន្លងមករដ្ឋាភិបាលចិន បានប៉ាន់ប្រមាណថា ចំនួនភ្ញៀវទេសចរចិន ធ្វើដំណើរនៅក្នុងស្រុក និងក្រៅស្រុកក្នុងមួយថ្ងៃមានប្រមាណ ១,៥៨លាននាក់។ 
 
ជាការពិត ការចាប់ផ្តើមធ្វើដំណើរកម្សាន្តរបស់ជនជាតិចិនទៅទិសដៅតំបន់កម្សាន្តណាមួយ ក្នុងពិភពលោក ក៏ជាចំនួនវិជ្ជមានមួយ ដែលជាសេដ្ឋកិច្ចពិភពលោក ដែលកំពុងប្រឈមដោយតែជំងឺឆ្លង និងសង្រ្គាមផង។ នៅក្នុងឆ្នាំ២០១៩ អ្នកដំណើរចិន បានចំណាយច្រើនជាងអ្នកដំណើរដ៏ទៃ នៅពេលធ្វើដំណើរទៅបរទេស ដោយចំណាយសរុបប្រមាណ ២៥៥ពាន់លានដុល្លារ។ ការធ្វើដំណើរជាក្រុម គឺចំណាយប្រមាណ ៦៥ភាគរយនៃទំហំសរុបនោះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
តាមការបញ្ជាក់របស់ទីភ្នាក់ងារកក់ការហោះហើរ និងពាក់ព័ន្ធដំណើរកម្សាន្ត ជនជាតិចិន ចង់ធ្វើដំណើរកម្សាន្តទៅប្រទេសណាដែលចំណាយទាប ដូចជាថៃជាដើម។ កន្លងមក រដ្ឋាភិបាលថៃ បានដាក់ចេញគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ជនជាតិចិន និងកាហ្សាក់ស្ថានរហូតដល់ដំណាច់ខែកុម្ភៈ ឆ្នាំ២០២៤។ 
 
បន្ថែមពីនេះ ការចំណាយរបស់ជនជាតិចិន ក្នុងពេលធ្វើដំណើរកម្សាន្តនៅក្នុងស្រុកក៏កើនឡើងផងដែរ បើធៀបនឹងឆ្នាំមុនពេលផ្ទុះជំងឺកូវីដ-១៩។ នៅក្នុងឆ្នាំ២០២៣ ជនជាតិចិនចំណាយប្រមាណ ១២៤ដុល្លារ ក្នុងមួយដំណើរកម្សាន្ត ខណៈនៅក្នុងឆ្នាំ២០១៩ វាមានត្រឹមទំហំ ១១៥ដុល្លារប៉ុណ្ណោះ៕
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com