ជាតិ
កសិករត្រូវពង្រឹងគុណភាពដំណាំត្រសក់ផ្អែម ដើម្បីប្រកួតប្រជែងទីផ្សារខាងក្រៅ
09, Oct 2023 , 8:59 am        
រូបភាព
សៀមរាប៖ ប្រធានសមាគមត្រសក់ផ្អែមសៀមរាបមានជ័យ ចង់ឱ្យកសិករខ្មែរពង្រឹងគុណភាពការដាំដុះ ដំណាំត្រសក់ផ្អែម ដើម្បីប្រកួតប្រជែងទីផ្សារខាងក្រៅ។ ដ្បិតជាដំណាំថ្មី តែត្រសក់ផ្អែម មានតម្រូវការទីផ្សារច្រើន នាពេលបច្ចុប្បន្ននេះ។

 
ប្រធានសមាគមលោក វ៉ាន់ អៀន បានឱ្យដឹងថា បច្ចុប្បន្នសមាគមមានកសិករកំពុងដាំដំណាំត្រសក់ផ្អែម និងឪឡឹកសាច់លឿងប្រមាណ១០០គ្រួសារ ដែលអាចផ្គត់ផ្គង់ទីផ្សារប្រចាំថ្ងៃ ចន្លោះពី៥០០គីឡូក្រាម ទៅ៣តោន។ លោកបន្ថែមថា សមាគមប្រឹងប្រែងដើម្បីជ្រោមជ្រែងកសិករឱ្យដាំតាមស្ដង់ដារ ដែលទីផ្សារ ចង់បាន។ លោក វ៉ាន់ អៀន ណែនាំឱ្យកសិករដទៃទៀត ដែលចង់ដាំដំណាំខាងលើនេះ ពង្រឹងគុណភាព និងតម្លៃ ដើម្បីប្រកួតប្រជែងនឹងផលិតផលនាំចូលពីក្រៅ។ 
 
តាមអ្នកជំនាញកសិកម្មរូបនេះ ភូមិសាស្រ្តដែលដាំត្រសក់ផ្អែម និងឪឡឹកលឿងបានល្អ គឺនៅក្រុងសំរោង ស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទនៃខេត្តឧត្តរមានជ័យ ស្រុកអង្គរបុរី ស្រុកថ្មពួក នៃខេត្តបន្ទាយមានជ័យ ស្រុករតនៈមណ្ឌល ស្រុកកំរៀង នៃខេត្តបាត់ដំបង តំបន់ខ្លះនៃខេត្តប៉ៃលិន ចំណែកនៅខេត្តសៀមរាប មាននៅស្រុកពួក សូទ្រនិគម ជីក្រែង និងស្រុកអង្គរធំ៕

Tag:
 ត្រសក់ផ្អែម
© រក្សាសិទ្ធិដោយ thmeythmey.com