អន្តរជាតិ
ជនជាតិថៃ១២នាក់ស្លាប់ ក្នុងការវាយប្រហាររបស់ហាម៉ាសលើអ៊ីស្រាអែល
09, Oct 2023 , 5:29 pm        
រូបភាព
រូបភាពបាងកកប៉ុស្តិ៍
រូបភាពបាងកកប៉ុស្តិ៍
ក្រសួងការបរទេសថៃ នៅថ្ងៃទី៩ ខែតុលា បានបញ្ជាក់ថា កម្មករថៃចំនួន១២នាក់ បានបាត់បង់ជីវិត និង៩នាក់រងរបួស ក្នុងសង្រ្គាមរវាងអ៊ីស្រាអែល និងហាម៉ាស។ បន្ថែមពីនេះ ជនជាតិថៃចំនួន ១១នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស។

 
សង្រ្គាមរវាងអ៊ីស្រាអែល និងហាម៉ាស បានបង្កឱ្យប្រជាជនស៊ីវិលជាច្រើនរយនាក់ បាត់បង់ជីវិត និងរបួស ដោយក្នុងនោះមានប្រជាជនថៃផង។ តាមការបញ្ជាក់របស់លោកស្រី Kanchana Patarachoke អ្នកនាំពាក្យក្រសួងការបរទេសថៃ និយោជិកធ្វើការនៅអ៊ីស្រាអែល បានរាយការណ៍ថា កម្មករថៃចំនួន១២នាក់ បានបាត់បង់ជីវិត និង៩នាក់រងរបួស ហើយជនជាតិថៃចំនួន ១១នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស។
 
«វាគឺពិបាកក្នុងការទទួលបានព័ត៌មានច្បាស់ការណ៍ណាស់។ ដូច្នេះ ឈ្មោះរបស់ជនរងគ្រោះ មិនទាន់អាចបញ្ចេញបានឡើយ»។ អ្នកនាំពាក្យក្រសួងការបរទេសថៃ បានបញ្ជាក់បែបនេះ នៅថ្ងៃទី៩ ខែតុលា ដោយបន្តថា ជនជាតិថៃ ១០៩៩នាក់ ដែលធ្វើការនៅអ៊ីស្រាអែល ចង់ត្រលប់មកផ្ទះវិញ។ 
 
ជាការឆ្លើយតប មន្រ្តីក្រសួងការបរទេសថៃរូបនេះ បានអះអាងថា រដ្ឋាភិបាល កំពុងរៀបចំការជម្លៀស និងធ្វើមាតុភូមិនិវត្តន៍កម្មករថៃទាំងនោះ មកប្រទេសកំណើតវិញ។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលថៃ ក៏កំពុងរកវិធីជួយសង្រ្គោះ ប្រជាជនថៃ ដែលត្រូវបានចាប់ខ្លួនពីសំណាក់ក្រុមហាម៉ាសផង។ 
 
តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ កម្មករថៃចំនួន ៣ម៉ឺននាក់ បានធ្វើការនៅអ៊ីស្រាអែល ដោយ៥ពាន់នាក់ កំពុងបំពេញការងារនៅក្បែរតំបន់កាហ្សា។ 
 
មកទល់ពេលនេះ អាកាសយានដ្ឋានក្នុងក្រុង Tel Aviv នៅតែបន្តដំណើរការ ប៉ុន្តែក្រុមហ៊ុនហោះហើរជាច្រើន បានសម្រេចលុបចោលជើងហោះហើររបស់ខ្លួនទៅទីក្រុងមួយនេះ ដើម្បីការពារសុវត្ថិភាពអ្នកដំណើរ។ 
 
ជុំវិញបញ្ហានេះ កម្លាំងទ័ពអាកាសថៃ កំពុងរៀបចំបញ្ជូនយន្តហោះ Airbus 340 និងយន្តហោះដឹកជញ្ជូន C-130 ចំនួន ៥គ្រឿង ដើម្បីនាំប្រជាជនថៃមកប្រទេសខ្លួនវិញ។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលថៃ នឹងរៀបចំជើងហោះហើរពិសេសផង៕ 
 

Tag:
 អ៊ីស្រាអែល
  ហាម៉ាស
© រក្សាសិទ្ធិដោយ thmeythmey.com