អន្តរជាតិ
អ៊ីស្រាអែល ប្រកាសសង្រ្គាមជាផ្លូវការប្រឆាំងហាម៉ាស និងពង្រាយទ័ព១០ម៉ឺននាក់ក្បែរព្រំដែន
09, Oct 2023 , 6:36 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
រដ្ឋាភិបាលអ៊ីស្រាអែល នៅថ្ងៃទី៨ ខែតុលា បានប្រកាសសង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាសជាផ្លូវការ និងដាក់ចេញវិធានការខ្លាំងក្លា ដើម្បីឆ្លើយតបនឹងក្រុមសកម្មប្រយុទ្ធមួយនេះ។ ក្រោយការប្រកាសបែបនេះ អ៊ីស្រាអែល បានពង្រាយទ័ពបម្រុង ១០ម៉ឺននាក់នៅតំបន់ភាគខាងត្បូង ដែលជាប់ព្រំដែនជាមួយកាហ្សា។

 
ដោយផ្អែកតាមច្បាប់មូលដ្ឋានមាត្រា ៤០ អ៊ីស្រាអែល នៅថ្ងៃទី៨ ខែតុលា បានប្រកាសសង្រ្គាមជាផ្លូវការប្រឆាំងនឹងក្រុមហាម៉ាស ដែលមានមូលដ្ឋាននៅក្នុងតំបន់កាហ្សា។ ក្រោយការប្រកាសរបស់រដ្ឋាភិបាល អ៊ីស្រាអែលបានពង្រាយទ័ពបម្រុងប្រមាណ១០ម៉ឺននាក់ នៅតំបន់ក្បែរព្រំដែនកាហ្សា និងអ៊ីស្រាអែល។ 
 
តាមការប៉ាន់ប្រមាណ អ៊ីស្រាអែល មានទ័ពបម្រុងប្រមាណ ៤៦៥០០០នាក់ ដែលអាចអំពាវនាវឱ្យមកបំពេញការងារកងទ័ពត្រឹមរយៈពេល ៦០ថ្ងៃប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera។ 
 
ក្នុងការប្រយុទ្ធរយៈពេលត្រឹម ៣ថ្ងៃនេះ ចំនួនអ្នកស្លាប់បានកើនដល់ជាង ១១០០នាក់ ដោយប្រជាជនប៉ាឡេស្ទីន មានប្រមាណ ៤៩៣នាក់។ ចំណែកចំនួនមនុស្សរបួសមានជាច្រើនពាន់នាក់ ក្នុងនោះប៉ាឡេស្ទីនមាន ២៧៥០នាក់ ក្រោយមានការវាយប្រហារតាមផ្លូវអាកាសពីសំណាក់អ៊ីស្រាអែលលើតំបន់កាហ្សា។ កងកម្លាំងហាម៉ាស បានវាយប្រហារមកលើអ៊ីស្រាអែល នៅតាមព្រំដែនកាហ្សា-អ៊ីស្រាអែល ហើយថែមទាំងបានបាញ់គ្រាប់រ៉ុក្កែត រាប់ពាន់គ្រាប់តាមផ្លូវអាកាសផង។ 
 
នេះជាការប្រយុទ្ធដ៏ខ្លាំងក្លាមួយ និងមានអ្នកស្លាប់ច្រើន ចាប់តាំងពីជម្លោះអ៊ីស្រាអែល និងអារ៉ាប់ ក្នុងឆ្នាំ១៩៧៣ មក។ មកទល់ពេលនេះ ច្រកចរចារកបិទឈប់បាញ់មិនទាន់មានឡើយ ខណៈអាហ្ស៊ីប ដែលធ្លាប់ជាប្រទេសជួយសម្របសម្រួលនៅក្នុងជម្លោះឆ្នាំ២០១៤ និង២០២១ បានត្រឹមព្រមានពីការរីកសាយនៃភាពតានតឹង និងជំរុញឱ្យមានការរឹតត្បិតរវាងភាគីទាំងពីរ។ 
 
ចំណែកចំណាប់ខ្មាំងវិញ ក្រុមហាម៉ាស បានចាប់ខ្លួនប្រជាជនអ៊ីស្រាអែលជាង១០០នាក់ ដោយក្នុងនោះរួមមានមន្រ្តីយោធាជាន់ខ្ពស់របស់អ៊ីស្រាអែលផង។ ចំណែកក្រុមឥស្លាមជីហាត ដែលជាក្រុមសកម្មប្រយុទ្ធមួយទៀតនៅតំបន់កាហ្សា ក៏បានចាប់ខ្លួនចំណាប់ខ្មាំងយ៉ាងហោចណាស់៣០នាក់ផងដែរ។ ដោយឡែកអាជ្ញាធរអ៊ីស្រាអែល ក៏បានទទួលស្គាល់ពីការចាប់ខ្លួនប្រជាជនអ៊ីស្រាអែលផង។ 
 
នៅក្នុងការវិរដ្តចុងក្រោយ អ្នកនាំពាក្យកម្លាំងការពារអ៊ីស្រាអែល ឧត្តមនាវីទោ Daniel Hagari បានអះអាងថា ទាហានអ៊ីស្រាអែល បានដណ្តើមគ្រប់គ្រងទីក្រុងទាំងអស់នៅជាប់តំបន់កាហ្សាអស់ហើយ ប៉ុន្តែវត្តមានក្រុមភេរវករ នៅតែមានដដែល។
 
តាមទិន្នន័យរបស់អង្គការសហប្រជាជាតិ សង្រ្គាមរវាងអ៊ីស្រាអែល និងហាម៉ាស បានធ្វើឱ្យប្រជាជននៅក្នុងតំបន់កាហ្សាលើសពី១២៣០០០នាក់ ភៀសខ្លួនចេញពីតំបន់ជម្លោះ រកកន្លែងមានសុវត្ថិភាព៕
 

Tag:
 អ៊ីស្រាអែល និងហាម៉ាស
© រក្សាសិទ្ធិដោយ thmeythmey.com