អន្តរជាតិ
ក្រុមហាម៉ាសព្រមានសម្លាប់ចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែល ក្រោយអ៊ីស្រាអែលវាយប្រហារលើកាហ្សា
10, Oct 2023 , 9:45 am        
រូបភាព
រូបភាព AFP
រូបភាព AFP
ក្រុមសកម្មប្រយុទ្ធហាម៉ាស នៅថ្ងៃទី៩ ខែតុលា បានព្រមានសម្លាប់ចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលទាំងអស់ ប្រសិនបើអ៊ីស្រាអែល​នៅតែបន្តវាយប្រហារលើលំនៅដ្ឋានរបស់ជនស៊ីវិលប៉ាឡេស្ទីន ដោយគ្មានការជូនដំណឹងជាមុន។ ស្របគ្នានេះ អ៊ីស្រាអែល បានកោះហៅទាហានបម្រុងរហូតដល់ ៣០ម៉ឺននាក់ និងបិទខ្ទប់ច្រកចូលទៅក្នុងតំបន់កាហ្សា។

 
ខណៈសង្រ្គាមឈានចូលដល់ថ្ងៃទី៤ អ្នកស្លាប់ក្នុងការប្រយុទ្ធរវាងអ៊ីស្រាអែល និងហាម៉ាស បានកើនឡើងដល់ប្រមាណ ១៥០០នាក់ ដោយក្នុងនោះអ៊ីស្រាអែលមានប្រមាណ ៩០០នាក់ និងប៉ាឡេស្ទីនមានយ៉ាងហោចណាស់៦៨៧នាក់។ ស្របគ្នានេះ អ្នករបួសមានលើសពី ៥ពាន់នាក់។ បន្ថែមពីនេះ គណៈកម្មាធិការការពារអ្នកសារព័ត៌មាន(CPJ) បានរាយការណ៍ថា អ្នកសារព័ត៌មានចំនួន ៦រូប ក៏បានបាត់បង់ជីវិតក្នុងសង្រ្គាមនោះដែរ។ 
 
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters អ៊ីស្រាអែល បានវាយប្រហារតាមផ្លូវអាកាសលើដងផ្លូវ ផ្ទះសម្បែង មន្ទីរពេទ្យ និងព្រះវិហារ ក្នុងតំបន់កាហ្សា។ មិនតែប៉ុណ្ណោះ អ៊ីស្រាអែល ក៏បានវាយប្រហារលើក្រុមហ៊ុនប្រព័ន្ធទំនាក់ទំនងរបស់ប៉ាឡេស្ទីនផង ដែលធ្វើឱ្យដែនដីកាហ្សា ត្រូវបានកាត់ផ្តាច់ប្រព័ន្ធអ៊ីធឺណិត និងសេវាទូរសព្ទជាដើម។ 
 
ក្រោយការវាយប្រហារលើតំបន់កាហ្សាពីសំណាក់អ៊ីស្រាអែលបែបនេះ ក្រុមហាម៉ាស បានព្រមានសម្លាប់ចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលទាំងអស់។ អ្នកនាំពាក្យក្រុមហាម៉ាស លោក  Abu Ubaida នៅថ្ងៃទី៩ ខែតុលា បានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួននឹងសម្លាប់ចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែល ប្រសិនបើយោធាអ៊ីស្រាអែល បន្តទម្លាក់គ្រាប់បែកលើផ្ទះសម្បែងរបស់ប្រជាជនស៊ីវិល ដោយគ្មានការជូនដំណឹងជាមុន។ 
 
យ៉ាងណាមិញ អ៊ីស្រាអែល មិនទាន់បានឆ្លើយតបនឹងការព្រមាននោះឡើយ ស្របពេលកន្លងមកអ៊ីស្រាអែល បានបញ្ជាក់ថា ហាម៉ាស បានចាប់ខ្លួនមនុស្សច្រើនជាង ១០០នាក់ ក្រោយពីមានការវាយប្រហារចាប់តាំងពីថ្ងៃទី៧ ខែតុលា។ 
 
មុនការវាយប្រហារ មន្រ្តីសន្តិសុខអ៊ីស្រាអែល បានទូរសព្ទទៅកាន់ប្រជាជនប៉ាឡេស្ទីន នៅតំបន់ភាគខាងជើង និងខាងកើតនៃតំបន់កាហ្សាឱ្យចាកចេញ ក្រោមហេតុផលពួកគេនឹងវាយប្រហារទីនោះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
អ៊ីស្រាអែល បានកោះហៅទាហានបម្រុងរហូតដល់៣០ម៉ឺននាក់ និងបិទខ្ទប់ច្រកចេញចូលទៅក្នុងតំបន់កាហ្សា រួមទាំងហាមឃាត់មិនឱ្យមានការនាំចូលប្រេង ឬអាហារទៅក្នុងតំបន់នោះឡើយ។ ការកោះហៅទ័ពបម្រុងដ៏ច្រើនបែបនេះ ត្រូវបានអ្នកជំនាញបារម្ភថា អាចមានការវាយប្រហារផ្លូវគោកលើតំបន់កាហ្សា។ ការបិទខ្ទប់បែបនេះ​ នឹងធ្វើឱ្យតំបន់កាហ្សាប្រឈមវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ ខណៈតំបន់មួយនេះ មានប្រជាជនរស់នៅប្រមាណ២លាននាក់។ 
 
គិតត្រឹមពេលនេះ ទីភ្នាក់ងារជួយសង្គ្រោះមនុស្សធម៌អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា ប្រជាជនប៉ាឡេស្ទីន ប្រមាណជិត១៩ម៉ឺននាក់ បានចាកចេញពីផ្ទះសម្បែង ដើម្បីរកកន្លែងសុវត្ថិភាពចាប់តាំងពីថ្ងៃទី៧ ខែតុលា។ ចំនួននេះ អាចនឹងកើនឡើងបន្តទៀត ខណៈអ៊ីស្រាអែល បន្តវាយប្រហារតាមផ្លូវអាកាស។ 
 
នៅតំបន់ភាគខាងជើងអ៊ីស្រាអែលឯណោះវិញ ក្រុមសកម្មប្រយុទ្ធ Hezbollah បានបាញ់គ្រាប់រ៉ុក្កែតមួយចំនួនមកក្នុងដែនដីអ៊ីស្រាអែល ​ក្រោយសមាជិកខ្លួន៣នាក់ បានស្លាប់ក្នុងការបាញ់ផ្លោងពីអ៊ីស្រាអែល។ ការប៉ះទង្គិចនេះ អាចបង្កឱ្យមានការប៉ះទង្គិចនៅច្រកទីពីររវាងអ៊ីស្រាអែល និងក្រុម Hezbollah ដែលមានមូលដ្ឋាននៅលីបង់៕
 

Tag:
 អ៊ីស្រាអែល
  ហាម៉ាស
  ប៉ាឡេស្ទីន
© រក្សាសិទ្ធិដោយ thmeythmey.com