កីឡាអន្តរជាតិ
អន្តរជាតិ
អារ៉ាប៊ីសាអូឌីត ឈានដល់ជំហានទី២ ក្នុងការដេញថ្លៃធ្វើម្ចាស់ផ្ទះ World Cup ឆ្នាំ២០៣៤
10, Oct 2023 , 4:49 pm        
រូបភាព
ប្រទេសអារ៉ាប៊ីសាអូឌីត បានប្រកាសថាខ្លួនឈានដល់ជំហានទីពីរហើយក្នុងការព្យាយាមដេញថ្លៃ ធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០៣៤។ ប្រទេសអារ៉ាប់មួយនេះ បានដាក់លិខិតបង្ហាញពីមហិច្ឆតារៀបកីឡាបាល់ទាត់ពិភពលោក ទៅកាន់ស្ថាប័នបាល់ទាត់អន្តរជាតិ (FIFA) រួចរាល់ហើយ។



«កាលពីសប្តាហ៍មុន យើងបានប្រកាសពីមហិច្ឆតារបស់យើងក្នុងការធ្វើជាម្ចាស់ផ្ទះជាផ្លូវការ និងបន្តដំណើរដើម្បីធ្វើឱ្យសុបិនរបស់ប្រជាជនយើងក្លាយជាការពិត។»។ នេះបើតាមសម្តីរបស់លោក Yasser Al Misehal ប្រធានសហព័ន្ធបាល់ទាត់នៃអារ៉ាប៊ីសាអូឌីត SAFF នាថ្ងៃទី៩ ខែតុលា។
 
ប្រធាន SAFF ដដែលបានបន្ថែមទៀតថា ប្រទេសអារ៉ាប៊ីសាអូឌីតបានប្តេជ្ញាចិត្តយ៉ាងខ្លាំង ក្នុងការបង្ហាញការដេញថ្លៃប្រកួតប្រជែងខ្លាំងបំផុតតាមដែលអាចធ្វើទៅបាន ដែលការធ្វើម្ចាស់ផ្ទះកីឡាលំដាប់ពិភពលោកនេះ នឹងជួយឱ្យមានការបង្រួបបង្រួមពិភពលោកតាមរយៈបាល់ទាត់។
 
កាលពីសប្តាហ៍មុននៃកិច្ចប្រជុំសមាជរបស់ FIFA ដែលបានធ្វើឡើងនៅក្នុងប្រទេសអេហ្ស៊ីប ​សហព័ន្ធ SAFF ក៏ធ្លាប់បានប្រកាសពីចេតនារបស់ពួកគេក្នុងការដេញថ្លៃរៀបចំការប្រកួតផងដែរ។ សមាជិក FIFA ជាង ៧០ប្រទេស មកពីទ្វីបផ្សេងៗគ្នា បានសន្យាជាសាធារណៈក្នុងការគាំទ្ររបស់ពួកគេសម្រាប់ប្រទេសអារ៉ាប៊ីសាអូឌីត។
 
យ៉ាងណាមិញ សប្តាហ៍មុនដូចគ្នានេះ FIFA បានប្រកាសរឿងដ៏ភ្ញាក់ផ្អើល ដោយប្រទេសអេស្ប៉ាញ, ព័រទុយហ្កាល់ និងម៉ារ៉ុក នឹងធ្វើជាម្ចាស់ផ្ទះ World Cup 2030 ប៉ុន្តែការប្រកួតបើកឆាកចំនួន៣ប្រកួតនឹងធ្វើឡើងនៅក្នុងប្រទេសអ៊ុយរូហ្កាយ, អាហ្សង់ទីន និងប៉ារ៉ាហ្កាយ ដើម្បីគម្រប់ខួប ១០០ឆ្នាំ នៃកំណើតព្រឹត្តិការណ៍បាល់ទាត់ពិភពលោក៕
 

Tag:
 World Cup
  អារ៉ាប៊ីសាអូឌីត
© រក្សាសិទ្ធិដោយ thmeythmey.com