អន្តរជាតិ
UN និងប្រទេសច្រើនទៀត សន្យាផ្តល់ជំនួយដល់អាហ្វហ្កានីស្ថាន ក្រោយរងគ្រោះរញ្ជួយដីដ៏ខ្លាំង
10, Oct 2023 , 7:39 pm        
រូបភាព
អង្គការសហប្រជាជាតិ (UN) និងប្រទេសមួយចំនួន បានប្រកាសផ្ដល់ជំនួយសម្រាប់អាហ្វហ្កានីស្ថាន​បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៦.៣រ៉ិចទ័រ នៅក្នុង​ខេត្ត Herat ភាគ​ពាយ័ព្យប្រទេស ដែល​បាន​សម្លាប់​មនុស្សជាង២ពាន់នាក់។

 
អ្នកសម្របសម្រួលផ្នែកមនុស្សធម៌របស់ UN បានយល់ព្រមលើការបែងចែកទុនបម្រុងគ្រាអាសន្ន​ចំនួន៥លានដុល្លារពីមូលនិធិមនុស្សធម៌អាហ្វហ្កានីស្ថាន (AHF) សម្រាប់ដោះស្រាយគ្រោះរញ្ជួយដីនៅខេត្ត Herat ។ ការិយាល័យ សម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) របស់ UN ចាប់​ផ្តើម​ការ​បែងចែកយ៉ាងពេញលេញក្នុងរយៈពេល២៤ម៉ោង ហើយដៃគូដែលមានសិទ្ធិអាចប្រើប្រាស់ជំនួយ នឹង​អាចប្រើប្រាស់ថវិកាជំនួយបានចាប់ពីថ្ងៃទី៩ ខែតុលា។
 
ការបែងចែករបស់ AHF នឹងអាស្រ័យលើការទទួលបានធនធានម្ចាស់ជំនួយបន្ថែម ហើយដៃគូរបស់ UN ។ ប៉ាគីស្ថាន អ៊ីរ៉ង់ និងចិនសុទ្ធតែបានបានសន្យាបញ្ជូនស្បៀងអាហារ ភួយ ថ្នាំពេទ្យ តង់ និងថវិកាទៅអាហ្វហ្កានីស្ថាន។
 
នាយករដ្ឋមន្ត្រីប៉ាគីស្ថាន Anwar ul Haq Kakar បានថ្លែងថា ទីក្រុងកាប៊ុល បានស្នើ​សុំ​ជា​ពិសេស​សម្រាប់ក្រុមគ្រូពេទ្យ មន្ទីរពេទ្យនៅទីតាំងរងគ្រោះថ្នាក់ តង់ និងភួយ ហើយសម្ភារដែលបានស្នើសុំ​ទាំង​អស់កំពុងត្រូវបានបញ្ជូននៅរសៀលថ្ងៃទី៩ ខែតុលា ជាមួយនឹងសម្ភារ​សង្គ្រោះ​ជាច្រើន​ទៀត​ដែល​នឹង​ត្រូវបញ្ជូនជាបន្តបន្ទាប់។
 
ក្នុងសេចក្តីថ្លែងការណ៍មួយដោយឡែក រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Amir Abdullahian បានសន្យា​ផ្តល់​ជំនួយមនុស្សធម៌ និងបានបង្ហាញពីការត្រៀមខ្លួនរបស់ខ្លួនក្នុងកិច្ចសហប្រតិបត្តិការ​ជាមួយ​អាហ្វហ្កានីស្ថាន។ ឯទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua​ រាយការណ៍ថា សមាគមកាកបាទក្រហមចិន បានសន្យាផ្តល់ជំនួយចំនួន២០ម៉ឺនដុល្លារដែលនឹងទៅដល់អឌ្ឍចន្ទក្រហមអាហ្វហ្កានីស្ថាន។
 
ចំណែកការិយាល័យក្រសួអបរទេសរបស់តួកគីបញ្ជាក់ក្នុងសេចក្ដីថ្លែងការមួយផ្សេងថា តួកគី បាន​ត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ការគាំទ្រសម្រាប់កិច្ចខិតខំស្តារឡើងវិញនៅក្នុងតំបន់ដែល​រង​ផល​ប៉ះពាល់៕

Tag:
 អាហ្វហ្កានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com