អន្តរជាតិ
មនុស្ស១៤,០០០នាក់ ផ្លាស់ទីលំនៅ​ដោយសារជំនន់ភ្លៀងនៅមីយ៉ាន់ម៉ា
11, Oct 2023 , 10:09 am        
រូបភាព
ប្រជាជនក្នុងទីក្រុងបាហ្គោរបស់មីយ៉ាន់ម៉ា បានរៀបចំស្បៀងអាហារ និងរបស់របរចាកចេញ​ពី​ផ្ទះ​របស់ពួកគេ ខណៈទីក្រុងនេះត្រូវបានជន់លិចដោយទឹកជំនន់នាថ្ងៃទី១០ ខែតុលា បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំងក្នុងកម្រិតមិនធ្លាប់មាន។ បើតាមអាជ្ញាធរ មនុស្ស១៤,០០០នាក់ ត្រូវបង្ខំចិត្តផ្លាស់ទីលំនៅ។

 
នៅទីក្រុងបាហ្គោភាគខាងកើតមីយ៉ាន់ម៉ាទី ដែលទឹកភ្លៀងដ៏ខ្លាំងបង្កជាទឹកជំនន់ អ្នកស្រុកបានដើរ​តាម​ផ្លូវដែលលិចក្រោមទឹកជ្រៅ ឬធ្វើដំណើរតាមទូក ឬលើសំបកកង់កៅស៊ូ។ 
 
«នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ផ្ទះ​របស់​ខ្ញុំ ​ត្រូវ​ទឹក​លិច​ក្នុង​ជីវិត​របស់​ខ្ញុំ»។ លោកស្រី Phwar Than Hme អាយុ១០១ឆ្នាំ បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ពីវត្តដែលលោកស្រី កំពុងស្នាក់នៅ​បណ្ដោះ​អាសន្ន ដើម្បីគេចចេញពីទឹកជំនន់។ 
 
កាលពីថ្ងៃទី៨ ខែតុលា អាជ្ញាធរមីយ៉ាន់ម៉ា បានរាយការណ៍ពីភ្លៀងធ្លាក់២០០មីលីម៉ែត្ រក្នុងរយៈពេល​២៤ម៉ោងមុន នៅក្នុងតំបន់បាហ្គោ ដែលជាកំណត់ត្រាសម្រាប់ខែតុលា។ ភ្លៀងធ្លាក់ខ្លាំង​ បាន​បន្ត​រហូត​ដល់យប់ថ្ងៃទី៩ ខែតុលា។
 
ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា MRTV ក៏រាយការណ៍ថា មនុស្ស១៤,០០០នាក់ត្រូវបានផ្លាស់ទីលំនៅ​ទូទាំង​តំបន់បាហ្គោ ដែលនៅភាគឦសាននៃមជ្ឈមណ្ឌលពាណិជ្ជកម្មយ៉ាំងហ្គោន។ ចំ​ណែក​បើតាមកាសែតរដ្ឋ Global New Light of Myanmar មនុស្សជិត ៥,៦០០​នាក់ កំពុង​ស្នាក់​នៅ​ក្នុង​មជ្ឈ​មណ្ឌល​ផ្តល់​ជំនួយ​បណ្តោះអាសន្ន របស់រដ្ឋាភិបាលក្នុងតំបន់។ ជាមួយគ្នានេះ ប្រព័ន្ធគមនាគមន៍ក៏រអាក់រអួលដែរ។
 
ក្នុងខែកក្កដា ទឹកជំនន់ក៏បានប៉ះពាល់ដល់រដ្ឋ និងតំបន់ចំនួនប្រាំបួនរបស់មីយ៉ាន់ម៉ា រួមមាន រ៉ាឃីន កាឈីន ការ៉ែន មន និងឈិន ស្របពេលដែលប្រទេសនេះ ​កំពុងស្ថិតជម្លោះស៊ីវិលដ៏បង្ហូរ​ឈាមនៅឡើយ៕
 

Tag:
 មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com