កីឡាជាតិ
ជាតិ
ចំណាយពេល ៨ឆ្នាំលើទឹកដីកម្ពុជា Privat Mbarga បានជាប់ជាជម្រើសជាតិកម្ពុជា
11, Oct 2023 , 10:29 am        
រូបភាព
Privat Mebarga ហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិកម្ពុជា រូបពី Cambodian Premier League
Privat Mebarga ហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិកម្ពុជា រូបពី Cambodian Premier League
កីឡាករ Privat Mbarga បានជាប់ជាជម្រើសជាតិកម្ពុជា បន្ទាប់ពីប្រឡូកក្នុងវិស័យកីឡាបាល់ទាត់ លើទឹកដីនេះ អស់រយៈពេល ៨ឆ្នាំ ដោយគិតចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២១ មុនពេលផ្លាស់ប្ដូទៅលេងឲ្យក្រុម Bali United នៅទឹកដីឥណ្ឌូណេស៊ី។ កីឡាករមានស្រុកកំណើតនៅប្រទេសកាមេរូនរូបនេះ ជោគជ័យជាខ្លាំងក្នុងវិស័យបាល់ទាត់នៅកម្ពុជា ដោយធ្លាប់ឈ្នះស្បែកជើងមាស ២រដូវកាលជាប់គ្នា គឺឆ្នាំ២០១៩ និងឆ្នាំ២០២០។



កីឡាករ Privat Mbarga បានមកប្រកបអាជីពដំបូងនៅទឹកដីកម្ពុជា នៅឆ្នាំ២០១៣ ដោយលេងឲ្យក្លិបបឹងកេត។ ឆ្នាំបន្ទាប់ រដូវកាល២០១៤ កីឡាករកាមេរូនរូបនេះ បានប្ដូរមកក្លិប Western Phnom Penh ហើយក៏ផ្លាស់ទៅចូលរួមជាមួយ អង្គរថាយហ្គឺរ នៅឆ្នាំ២០១៥។
 
កីឡាកររូបនេះ ក៏ធ្លាប់លេងឲ្យក្លិបណាហ្គាវើលដ៍ ផងដែរ នៅក្នុងអំឡុងឆ្នាំ២០១៦។ ដោយឡែកនៅឆ្នាំបន្ទាប់ Privat Mbarga បានទៅប្រកបអាជីពឲ្យក្លិប Samut Prakan នៅប្រទេសថៃ។ លុះចូលដល់ឆ្នាំ២០១៨ ទើបត្រលប់មកកម្ពុជាវិញ ដោយកីឡាកររូបនេះ លេងឲ្យក្លិបអាស៊ីអឺរ៉ុបយូណាយធីត។ Privat Mbarga បានចំណាយពេល ៣ឆ្នាំ ជាមួយព្រះខ័នរាជស្វាយរៀង ពោលគឺចាប់ពីឆ្នាំ២០១៩-២០២១។ ក្នុងការរួមដំណើរជាមួយក្លិបស្វាយរៀងមួយនេះ Privat Mbarga បានឈ្នះស្បែកជើងមាស២ រដូវកាល និងជាប់ជាកីឡាករល្អជាងគេ ១រដូវកាល។
 
មុនពេលទទួលបានសញ្ជាតិកម្ពុជា កីឡាកររូបនេះ បានប្រកបអាជីពជាមួយ Bali United របស់ប្រទេសឥណ្ឌូណេស៊ី។ ស្របពេលទទួលបានសញ្ជាតិកម្ពុជា Privat Mbarga ត្រូវបានកោះហៅឲ្យចូលជាក្រុមជម្រើសជាតិកម្ពុជា ត្រៀមប្រកួតជាមួយប៉ាគីស្ថាន ក្នុងប្រកួតពានរង្វាន់ FIFA World Cup 2026 Preliminary Joint Qualification វគ្គជម្រុះជុំទី១  ដែលត្រូវធ្វើនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣៕ 
 

Tag:
 បាល់ទាត់
  Privat Mbarga
© រក្សាសិទ្ធិដោយ thmeythmey.com