អន្តរជាតិ
ក្រសួងការងារថៃ៖ ពលករថៃ ដែលរងគ្រោះដោយការវាយប្រហារពីហាម៉ាស នឹងទទួលបានសំណង
11, Oct 2023 , 11:29 am        
រូបភាព
ពលករថៃ ដែលរងផលប៉ះពាល់ពីសង្រ្គាមអ៊ីស្រាអែល-ហាម៉ាស នឹងទទួលបានសំណងពីសំណាក់រដ្ឋាភិបាលអ៊ីស្រាអែល និងថៃ។ ក្រសួងការងារថៃ បានបញ្ជាក់បែបនេះ នៅថ្ងៃទី១០ ខែតុលា។ មកទល់ពេលនេះ ករណីជនជាតិថៃស្លាប់ បានកើនឡើងដល់ ១៨នាក់ និង៩នាក់រងរបួស ហើយមនុស្សចំនួន១១នាក់ ត្រូវបានចាប់ជាចំណាប់ខ្មាំង។

 
លោក Phairoj Chotikasatien លេខាធិការអចិន្រ្តៃយ៍នៃក្រសួងការងាថៃរ បានអះអាងថា ថៃបានបង្កើតបន្ទប់តាមដានព័ត៌មានសង្រ្គាមនៅអ៊ីស្រាអែល ដើម្បីតាមដានជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ក៏ដូចជាសម្រាប់ជូនដំណឹងដល់ក្រុមគ្រួសារជនរងគ្រោះ។ 
 
បើតាមមន្រ្តីក្រសួងការងាររូបនេះ ប្រជាជនថៃ ដែលរងផលប៉ះពាល់ដោយសារតែសង្រ្គាម នឹងទទួលបានការធានារ៉ាប់រងអាយុជីវិតប្រភេទ Premiums នៅអ៊ីស្រាអែល ខណៈពលកររងរបួស នឹងទទួលបានការព្យាបាលដោយឥតគិតថ្លៃរហូតដល់ជាសះស្បើយពីជំងឺ។ នេះបើតាមការចុះផ្សយរបស់សារព័ត៌មាន The Nation។ 
 
លេខាធិការអចិន្រ្តៃយ៍នៃក្រសួងការងារថៃរូបនេះ បានបន្តថា ពលកររងរបួស នឹងទទួលបានប្រាក់ប្រមាណ ៤១០ដុល្លារ (១៥០០០បាត) ហើយពលករពិការ នឹងទទួលបាន ៨២១ដុល្លារ (៣០០០០បាត)។ ចំណែកប្រជាជនថៃបាត់បង់ជីវិតក្នុងសង្រ្គាមមួយនេះ នឹងទទួលបានប្រាក់ជិត ១១០០ដុល្លារ (៤០០០០បាត)។ 
 
ស្របគ្នានេះ លោក Phairoj បានអះអាងថា សំណងចំពោះជនរងគ្រោះ នឹងត្រូវបានកែប្រែ ដោយផ្អែកលើហានិភ័យការងារ និងការរងរបួសរបស់ពលករ ដូចបទបញ្ញត្តិ ដែលថៃបានអនុម័តនៅជាច្រើនឆ្នាំមុន។ 
 
មិនតែប៉ុណ្ណោះ លោក ​Phairoj បានបន្ថែមថា ក្រសួងការងារ នឹងធ្វើការជាមួយក្រសួងការបរទេស ដើម្បីនាំប្រជាជនថៃត្រលប់មកវិញ ហើយនឹងរៀបចំបុគ្គលដែលមិនចង់ត្រលប់មកប្រទេសវិញឱ្យធ្វើការនៅតំបន់មានសុវត្ថិភាព។ 
 
ប្រជាជនថៃប្រមាណ ៣ម៉ឺននាក់ កំពុងធ្វើការនៅអ៊ីស្រាអែល។ តាមការបញ្ជាក់របស់លោកស្រី Kanchana Patarachoke អ្នកនាំពាក្យក្រសួងការបរទេសថៃ ពលករថៃប្រមាណ៥ពាន់នាក់ បានធ្វើការនៅក្នុងតំបន់ជម្លោះក្បែរព្រំដែនកាហ្សាតែម្ដង ហើយជនជាតិថៃចំនួន ៣២២៦នាក់ បានចុះឈ្មោះត្រលប់មកប្រទេសវិញ។ 
 
ចំណែកអនុរដ្ឋមន្រ្តីការបរទេសថៃ លោក Jakkapong Sangmanee បានអះអាងថា ការជម្លៀសប្រជាជនថៃ គឺផ្អែកតាមជើងហោះហើរពិសេស និងជើងហោះហើរពាណិជ្ជកម្ម។ ចំណែកយន្តហោះយោធាថៃ មិនត្រូវបានអនុញ្ញាតឱ្យចុះចតនៅអ៊ីស្រាអែលឡើយ ខណៈការវាយប្រហារ កំពុងកើតមាននៅក្បែរអាកាសយានដ្ឋាន។ 
 
ប្រជាជនថៃប្រមាណ១៥នាក់ ត្រូវបានរំពឹងថា នឹងត្រលប់មកថៃជាលើកដំបូង នៅថ្ងៃទី១១ ខែតុលា ហើយមនុស្សចំនួន ១៤០នាក់ នឹងត្រលប់មកពីអ៊ីស្រាអែលវិញ នៅថ្ងៃទី១៤ ខែតុលា។
 
ខណៈសង្រ្គាមឈានចូលដល់ថ្ងៃទី៥ អ្នកស្លាប់នៅក្នុងសង្រ្គាមអ៊ីស្រាអែល-ហាម៉ាស កើនដល់ជាង ២ពាន់នាក់ ដោយអ៊ីស្រាអែល មានប្រមាណ ១២០០នាក់ និងបាឡេស្ទីន កើនដល់ ៩០០នាក់៕ 
 

Tag:
 ថៃ
  អ៊ីស្រាអែល
  ហាម៉ាស
  ប៉ាឡេស្ទីន
© រក្សាសិទ្ធិដោយ thmeythmey.com