ជាតិ
បុណ្យភ្ជុំបិណ្ឌ
៣​ឆ្នាំ​ចុង​ក្រោយ នារីៗ​ពេញ​និយម​ពាក់​អាវ​ស ជាមួយសំពត់​ហូល​ផាមួងទៅ​វត្ត​ ក្នុង​រដូវ​ភ្ជុំ​
14, Oct 2023 , 9:09 am        
រូបភាព
ភ្នំពេញ៖ ក្នុង​រយៈ​ពេលចន្លោះ​​១ទៅ​៣​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​ស្លៀក​សម្លៀកបំពាក់​ទៅ​វត្ត​របស់​នារី​ៗ ក្នុង​រដូវ​ភ្ជុំ​បិណ្ឌ ពេញ​និយម​ការ​ពាក់​អាវ​ស​ធម្មតា ឬ​មាន​ម៉ូត​ខ្លះ​ៗ គូជា​មួយសំពត់​ហូល​ផាមួង​។ សម្លៀក​បំពាក់​ទាំង​នេះ មើល​ទៅ​ស្អាត​ សមរម្យ​ សុភាព​រាប​សារ​ និង​ធ្វើ​ឱ្យ​នារីៗ​​ងាយ​ស្រួល​បត់​បែន​ខ្លួន​។



ប្ដូរ​ពី​ការ​ពាក់​អាវ​ប៉ាក់តឹង​រឹប​រាង នារី​បច្ចុប្បន្ន​ពេញ​និយម​ ពាក់​អាវ​ស​ធម្មតា និង​មាន​ម៉ូត​បន្តិច​បន្តួច ដែល​មាន​ភាព​ធូរ​រលុង​ ទៅ​វត្ត​ក្នុង​រដូវ​ភ្ជុំ​។ ការ​ពាក់​អាវ​ប៉ាក់រឹប​រាង​ ក៏​ឃើញ​ស្អាត​មួយ​បែប ប៉ុន្តែ​ការ​ពាក់​អាវ​​ស​ធម្មតា ក៏​សម​សួន​គួរ​គាប់​ភ្នែក​ដែរ​។
 
ស្ថិត​ក្នុង​វត្ត​មួយ នៃ​​ស្រុក​ស្អា​ង​ខេត្ត​កណ្ដាល អ្នក​ស្រី កន​ សុភី ​បាន​ពាក់​អាវ​សរលុង ប៉ាក់រូប​ផ្កា​និង​ស្លឹក​ឈើ​ គូ​ជាមួយ​សំពត់​ផាមួង​ពណ៌​គគីរ រំលេច​គោម​ក្បាច់​បុរាណ។ មាន​សម្បុរ​ស ​មុខ​ភ្លឺរលោង អ្នក​ស្រី សុភី ថា​គាត់​មាន​សម្លៀក​បំពាក់​ច្រើន​ឈុត ​សម្រាប់​ទៅ​វត្ត​​ក្នុង​ថ្ងៃ​ផ្សេង​ៗ​គ្នា​។ កាល​ពី​ឆ្នាំ​មុន អ្នក​ស្រីបាន​ពាក់​អាវប៉ាក់​រឹប​រាង​ដែរ​ ប៉ុន្តែ​ឆ្នាំ​នេះ​អ្នក​ស្រី​​ចង់​ប្ដូរ​ម៉ូត​។ 

អ្នកស្រី កន សុភី មក​ពី​ស្រុក​ស្អាង​ខេត្ត​កណ្ដាល

ឈរ​នៅ​ជិត​ព្រះ​អង្គ​ធំ កណ្ដាល​ទីធ្លាវត្ត​ ស្ត្រី​វ័យ​ប្រមាណ​៤០​ឆ្នាំ​ ចង​សក់​ទៅ​ក្រោយ​រូប​នេះ ថា​គាត់​​ស្រឡាញ់ម៉ូត​អាវ​ប្រពៃណី​​ទាំង​អស់ ប៉ុន្តែ​អាវ​ស​ធម្មតា ស្រួល​ពាក់​ជាង​ព្រោះ​រលុង។ អ្នក​នាង​ថា​ អាវ​ប៉ាក់​រឹប​រាងស្អាត​ គ្រាន់​តែ​តឹង​ពិបាក​ដក​ដង្ហើម​បន្តិច។
ជា​អ្នក​ស្រុក​​ស្អាង ខេត្ត​កណ្ដាល អ្នក​ស្រី​​ សុភី ដែល​ពាក់​ខ្សែ​ក​អង្កាំយ៉ាង​ស្រស់​ស្អាត​បន្ថែម៖«ខ្ញុំ​មាន​អាវ​បែប​នេះ​ច្រើន​នៅ​ផ្ទះ ព្រោះ​​ចង់​មាន​អាវ​ផ្លាស់​ប្ដូរគ្នា ពេល​ទៅ​វត្ត​ផ្សេង​ៗ​។ ខ្ញុំ​ស្រឡាញ់​ទាំង​អស់​ ប៉ុន្តែ​អាវ​​សធម្មតា​បែប​នេះ ស្រួល​ពាក់​ជាង​»។
ចំណែក​យុវតី អន អ៊ីស៊ាំង ទើប​តែ​ពូន​ភ្នំ​ខ្សាច់​រួច ពាក់​អាវ​ពណ៌​សធម្មតា​ មាន​ជាយ​ពណ៌ខ្មៅ​ នៅ​ត្រង់​កអាវ​និង​ចុង​ដៃ​អាវ​​ គូ​ជា​មួយ​សំពត់​ផាមួង​ពណ៌កាក​អំពៅ។ នារី​សម្បុរស មាន​​សក់​ប្រះស្មារូប​នេះ ក៏​ធ្លាប់​ពាក់​អាវ​ប៉ាក់​រឹប​រាងជា​មួយ​នឹង​​ផាមួង​ដែរ ប៉ុន្តែឆ្នាំ​​នេះនាង​ចង់​ផ្លាស់​ប្ដូរ​ម៉ូត ដោយ​ពាក់​អាវ​ស​សាមញ្ញ ជា​គូ​នឹងសំពត់​ផាមួង​ម្ដង​។

យុវតី អន អ៊ីស៊ាំង មក​ពី​ក្រុង​តាខ្មៅ

​ដៃ​កាន់​កាបូប​តូច​ពណ៌​ស យុវតីវ័យ​១៧​ឆ្នាំ រស់​នៅ​ក្រុង​តាខ្មៅ​រូប​នេះ ទើប​តែ​តែង​ខ្លួន​ក្នុង​ឈុត​បែប​នេះ ក្នុង​ឆ្នាំ​នេះ​​។ នាង​ថា​មិត្ត​ស្រី​ៗ​របស់​នាង ក៏​ស្លៀក​ពាក់​ម៉ូត​ដូច​នាង​​ច្រើន​នាក់​ដែរ​។ 
យុវតី​​សម្បុរ​ស​រូប​នេះ​បន្ថែម​៖«អាវ​ប៉ាក់​រឹប​​រាង រាង​​ស្គៀប​ និង​រមាស​បន្តិច​។ ស្លៀក​ពាក់​អាវ​ស​ធម្មតា​បែប​នេះ ស្អាត​ខ្ញុំ​ស្រឡាញ់​ ហើយ​ស្រួល​ពាក់​ដែរ​»។
ងាកទៅ​យុវតី ខាត់ ម៉ីលី វ័យ​១៧​ឆ្នាំ ​ពាក់​អាវប៉ាក់​រឹប​រាងដៃ​ខ្លីម៉ូត​ប៉ោង​ស្មា​បន្តិច ជាគូ​ជា​មួយ​នឹង​​សំពត់​ផាមួង​ពណ៌​ផ្កាឡេវ​អាវ​គោម​បុរាណ​។ នាង​ថា​នាង​ស្រឡាញ់​សម្លៀក​បំពាក់​បែប​នេះ ព្រោះ​ជា​សម្លៀក​បំពាក់​ប្រពៃណី​ខ្មែរ​។ 
​មាន​​សក់​ត្រង់​វែង​ទម្លាក់​ដល់​ចង្កេះ​ នារី​សម្បុរ​ស​ដ៏​ស្រស់​ស្អាត​រូប​នេះ បន្ថែម​៖«​ខ្ញុំ​ទើប​តែ​ស្លៀក​បែប​នេះ​នៅ​ឆ្នាំ​នេះ​។ ឆ្នាំ​ក្រោយ​ខ្ញុំ​នឹង​ស្លៀក​បែប​នេះ​ទៀត​ តែ​អាច​នឹង​មាន​ម៉ូត​ថ្មី។ ខ្ញុំ​ស្រឡាញ់​សម្លៀក​បំពាក់​បែប​នេះ ព្រោះ​វា​ស្អាត មើល​ទៅ​សម​ ហើយ​វា​ជា​សម្លៀក​បំពាក់​ប្រពៃណី​ខ្មែរ​។ មិត្ត​ខ្ញុំ​ក៏​ស្លៀក​បែ​ប​នេះ​ដែរ»​។ 

យុវតី ខាត់ ម៉ីលី មក​ពី​ខេត្ត​កណ្ដាល

​យុវតី ឈឿន គីមមួយ វិញ ទើប​តែ​មាន​វ័យ​១៥​ឆ្នាំ​ប៉ុណ្ណោះ​។ ​ពាក់​​អាវ​ណ៌​ស មាន​តួខ្លួន​ជា​សាច់​យឺត ឯដៃ​អាវ​ជា​​សាច់​សារ៉ូរលុង គូ​ជា​មួយ​សំពត់​ពណ៌​ខៀវ  រំលេច​គោម​បុរាណពណ៌​មាស មួយ​ឈុត​នេះ ពិត​ជា​សម​នឹង​យុវតី សម្បុរ​ស្រអែម​ស្រស់​ ​សក់​វែង​​ដល់​ចង្កេះ​ ដែល​លាប​ក្រែមមាត់​​ពណ៌​ក្រហម​ឆ្អៅ​រូប​នេះ​។ គីមមួយ ដែល​មានមុខប្រជាប្រិយ ញញឹម​ស្រស់​ បាន​ស្លៀបពាក់​ឈុត​​បែប​នេះ អស់​រយៈ​កាល​​២​ឆ្នាំមក​ហើយ​។ 
យុវតី​មាន​ស្រុក​កំណើត ​នៅ​ស្រុក​ស្អាង​ខេត្ត​កណ្ដាល​រូប​នេះ អះអាង​៖«ខ្ញុំ​ស្រឡាញ់​ម៉ូត​ហ្នឹង​ ព្រោះ​ស្អាត សម​រម្យ ហើយ​មើល​ទៅ​សុភាព​»។

 យុវតី ឈឿន គីមមួយ មក​ពី​ស្រុក​ស្អាង

ដោយឡែកអ្នក​ស្រី ហ៊ឹម រស្មី វិញ ទើប​តែ​ប្រគេន​សង្ហាន់​ព្រះ​សង្ឃ​រួច។ គាត់​ពាក់​អាវ​ពណ៌​សសាច់​សារ៉ូរលុង ដៃ​វែង ជាគូជា​មួយ​សំពត់​ហូល​គោម​ផ្កាចាន់។ មាន​វ័យ​៣៩ឆ្នាំ អ្នក​ស្រី ​រស្មី បាន​ស្លៀក​សម្លៀកបំពាក់​​បែប​នេះ អស់​រយៈ​កាល​៣​ទៅ​៤​ឆ្នាំមក​ហើយ​។ អ្នក​ស្រី​ថា នេះ​គឺ​ជា​ចំណូច​ចិត្ត​របស់​គាត់​ ព្រោះ​ការ​ស្លៀក​ពាក់​បែប​នេះ ស្រួល​បត់​បែន​ខ្លួន​។
ពុទ្ធបរិស័ទ​ដែល​រស់​នៅ​ស្រុក​ស្អាង​រូប​នេះ ពន្យល់​៖«ពាក់​អាវ​ប៉ាក់​រឹប​រាង​ស្អាត ប៉ុន្តែ​ពិបាក​អង្គុយ​បន្តិច ព្រោះ​រឹប​។ ខ្ញុំ​ចូល​ចិត្ត​ពាក់​អាវរលុង​ៗ​បែប​នេះ វា​ជា​ចំណូល​ចិត្តខ្ញុំ​​»។

អ្នកស្រី ហ៊ឹម រស្មី មក​ពី​ស្រុក​ស្អាង

ការ​ស្លៀក​សម្លៀក​បំពាក់​ ទៅវត្ត​របស់​នារី ឬ​យុវតី ទោះ​ស្លៀក​ពាក់​បែបណា គឺ​ជា​ចំណង់​ចំណូល​ចិត្ត ដែល​ពួក​គេ​មាន​សិទ្ធិ​ជ្រើស​រើស​។ ទោះ​ជា​យ៉ាង​ណា ការ​ស្លៀក​ពាក់​ ឱ្យ​បាន​សម​រម្យ​ សម្លៀក​បំពាក់​ទាំង​នោះ ពិត​ជា​បាន​ជួយ​លើ​ស​សម្រស់​ និង​គុណ​តម្លៃរបស់​នាង​ដែរ ដ្បិត​អី​ប្រពៃណី និង​ទំនៀម​ទម្លាប់​ខ្មែរ ឱ្យ​តម្លៃ​លើ​ភាព​ស្រគត់​ស្រគំ ហើយ​វា​បាន​បង្ហាញ​ជា​ដំបូង​ តាម​រយៈការ​ស្លៀក​ពាក់​នេះ​ឯង​៕

ពុទ្ធបរិស័ទថត​រូបអនុស្សាវរីយ៍ក្នុង​វត្ត​មួយ ក្នុង​បិណ្ឌ​ទី​១០​ឆ្នាំ​២០២៣

 យាយ​ៗ​ថត​រូប​អនុស្សាវរីយ​ពេល​ទៅវត្ត ក្នុងបិណ្ឌ​ទី​១០ ឆ្នាំ​២០២៣
 

Tag:
 វប្បធម៌​
  សាសនា
  សម្លៀក​បំពាក់​
  វត្ត​
  ភ្ជុំ​
  ភ្ជុំ​បិណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com