ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន ស្វាគមន៍យ៉ាងពេញចិត្ត​បណ្តាបក្ស​ដែល​ប្រកាស​ចងសម្ព័ន្ធជាមួយ​ CPP
11, Oct 2023 , 2:58 pm        
រូបភាព
តាម​រយៈសារជាសំឡេង​នា​រសៀល​ថ្ងៃ​ពុធនេះ សម្តេច ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាស​ស្វាគមន៍​បណ្តា​គណបក្ស​នយោបាយ​ដែល​បង្ហាញជំហរ​របស់ខ្លួន​ក្នុងការ​ចង​សម្ព័ន្ធគណបក្ស​ប្រជាជន​កម្ពុជា។ សម្តេចបាន​បញ្ជាក់ថា ទោះមាន​ការ​ចងសម្ព័ន្ធនេះ គណបក្ស​របស់សម្តេចនៅតែគោរពអធិបតេយ្យភា​ពនៃគណបក្ស​នយោបាយនីមួយៗ តាមរយៈ​កិច្ច​ប្រតិបត្តិការ​ដោយស្មើភាព និង​ស្មើសិទ្ធិ។



សម្តេច ហ៊ុន សែន នឹង​ជួប​ជាមួយ​មេដឹកនាំ​បណ្តា​បក្សទាំងនោះនាពេលខាងមុខ ដើម្បីពិភាក្សា​ពី​ខ្លឹម​សារនៃពង្រាង​កិច្ច​ព្រម​ព្រៀង មុន​នឹង​ឈាន​ដល់​ចុះហត្ថលេខារួមគ្នា។ «យើង​ពិត​ជាមាន​តម្រូវ​ការ​នៃការ​រួម​រួម​រវាងគណបក្ស​នយោបាយ​នៅកម្ពុជា ដើម្បី​សម្រេចគោល​ដៅ​សាង​សន្តិភាព ធានាការអភិវឌ្ឍន៍​រយៈពេល​វែង..»។ នេះជាការ​បញ្ជាក់​របស់សម្តេច ហ៊ុន សែន។

នាថ្ងៃទី១១ តុលានេះ មានគណបក្សនយោបាយជិត២០ហើយ បានប្រកាសស្នើសុំចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមហេតុផលដូចគ្នាៗថា ពួកគេចង់ឱ្យមានសាមគ្គីភាព បង្រួបបង្រួមជាតិ លុបបំបាត់វប្បធម៌នយោបាយជ្រុលនិយម និងមានឱកាសចូលរួមអភិវឌ្ឍន៍ជាតិឱ្យកាន់តែរីកចម្រើន។
 
មកដល់ពេលនេះ មានគណបក្សយុវជនកម្ពុជា របស់លោក ពេជ្រ ស្រស់, គណបក្សខ្មែរអភិរក្ស របស់លោក រៀល ខេមរិន្ទ , គណបក្សឯកភាពជាតិខ្មែរ របស់លោក អ៊ុន ជឹម, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ របស់លោក ម៉ម សូណង់ដូ, គណបក្សសញ្ជាតិកម្ពុជា របស់លោក សេង សុខខេង, គណបក្សកម្លាំងប្រជាធិបតេយ្យ របស់លោក អ៊ុន វិសិទ្ធគុន, គណបក្សរស្មីខេមរា របស់លោក ស៊ិន សុភាព, គណបក្សធម្មាធិបតេ្យរបស់លោកស្រី ពោធិតី សាវត្ថី, គណបក្សនគរប្រជាធិបតេយ្យរបស់លោក ជា ពិសិដ្ឋ, គណបក្សមហាសាមគ្គីជាតិខ្មែរ របស់លោក ហ៊ាង គឹមស្រឿន, គណបក្សអំណាចប្រជាពលរដ្ឋ របស់លោក កាន់ វីរៈ, គណបក្សខ្មែរក្រោក របស់លោក ឈឿង ចាន់ធឿន, គណបក្សកម្ពុជាសេរីឯករាជ្យប្រជាធិបតេយ្យរបស់លោក សុខ ឌី, គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច របស់លោក ហួន ច័ន្ទថុន, គណបក្សចលនាប្រជាធិបតេយ្យ របស់លោក គង្គ ប៊ុនធឿន, គណបក្សខ្មែរអង្គររបស់លោក គង់ មុនី, គណបក្សខ្មែរសាធារណរដ្ឋរបស់លោក សេង ចាន់ណា ជាដើម។
 


© រក្សាសិទ្ធិដោយ thmeythmey.com