កីឡាអន្តរជាតិ
អន្តរជាតិ
ក្រុមបាល់ទាត់ប៉ាឡេស្ទីន ដកខ្លួនពីការប្រកួត Malaysia Cup ជុំវិញជម្លោះអ៊ីស្រាអែលនិងហាម៉ាស
11, Oct 2023 , 3:27 pm        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិប៉ាឡេស្ទីន បានដកខ្លួនចេញពីការប្រកួតពានរង្វាន់បាល់ទាត់ក្នុងប្រទេសម៉ាឡេស៊ី Malaysia Cup ​ជុំវិញជម្លោះរវាងប្រទេសអ៊ីស្រាអែល ជាមួយនឹងក្រុមហាម៉ាស។ នេះបើតាមសេចក្តីប្រកាសពីសំណាក់សហព័ន្ធបាល់ទាត់ម៉ាឡេស៊ីនាថ្ងៃទី១០ ខែតុលា។



អ៊ីស្រាអែលត្រូវបានរងការវាយប្រហារដោយមិនធ្លាប់មានពីមុនមកពីសំណាក់ក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលវាយទម្លុះរណាំងការពារព្រំដែនតំបន់ហ្គាហ្សា ក្រោយពេលក្រុមសកម្មប្រយុទ្ធមួយនេះ បានបាញ់គ្រាប់រ៉ុក្កែតប្រមាណជាង ៥ពាន់គ្រាប់កាលពីថ្ងៃទី៧​ ខែតុលា។ ការវាយប្រហារគ្នាទៅវិញទៅមកបានធ្វើឱ្យមនុស្សស្លាប់ច្រើនជាង ១២០០នាក់ គិតមកដល់ពេលនេះ។
 
ជាការឆ្លើយតបទៅនឹងការចូលវាយប្រហារពីសំណាក់ក្រុមហាម៉ាស អ៊ីស្រាអែលបានដាក់ការឡោមព័ន្ធទាំងស្រុងលើតំបន់ឆ្នេរក្នុងតំបន់ហ្គាហ្សា ហើយក៏នឹងកំពុងអនុវត្តការទម្លាក់គ្រាប់បែកតាមអាកាស និងការបាញ់កាំភ្លើងធំ ទៅគោលដៅដែលក្រុមហាម៉ាសបានលាក់ខ្លួននៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។
 
បើតាមរយៈការបង្ហោះរបស់សហព័ន្ធបាល់ទាត់ម៉ាឡេស៊ីនៅលើគេហទំព័រផ្លូវការ សរសេរថា៖​ «ក្រុមបាល់ទាត់ប៉ាឡេស្ទីនបានដកខ្លួនពីការចូលរួមប្រកួតប្រជែង ព្រោះតែពួកគេមិនអាចហោះមកកាន់ទីក្រុងកូឡាឡាំពួរបានឡើយ ប្រសិនបើមើលតាមកាលៈទេសៈ ដែលបានកើតឡើងពេលនេះ។»។
 
ក្រុមប៉ាឡេស្ទីន នឹងត្រូវលេងក្នុងការប្រកួតពានរង្វាន់ដែលមានឈ្មោះថា Merdeka Cup ដែលជាពានរង្វាន់មិត្តភាពនៅក្នុងប្រទេសម៉ាឡេស៊ី ប៉ុន្តែការប្រកួតដែលក្រុមប៉ាឡេស្ទីន ត្រូវប្រកួតទល់នឹងក្រុមតាហ្ស៊ីគីស្ថាន ដែលគ្រោងប្រកួតនៅក្នុងថ្ងៃទី១៣ ខែតុលា ត្រូវបានលុបចោល។
 
ការប្រកួតពានរង្វាន់ Malaysia Cup នឹងគឺត្រូវធ្វើពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧​ ខែតុលា ដែលមាន ៤ក្រុម រួមមានម៉ាឡេស៊ី, ប៉ាឡេស្ទីន, តាហ្ស៊ីគីស្ថាន និងឥណ្ឌា ប៉ុន្តែនៅពេលនេះការប្រកួតមានតែ ៣ក្រុមប៉ុណ្ណោះដែលត្រូវបន្តប្រកួត។ ម៉ាឡេស៊ី ត្រូវជួបក្រុមឥណ្ឌា ក្នុងការប្រកួតបើកឆាក។
 
ក្រុមប៉ាឡេស្ទីនក៏នឹងត្រូវប្រកួតវគ្គជម្រុះ World Cup 2026 ដោយត្រូវលេងទល់នឹងក្រុមអូស្ត្រាលី និងលីប៉ង់ នៅខែវិច្ឆិកាខាងមុខ ប៉ុន្តែក្រោយពេលដែលមានជម្លោះរវាងអ៊ីស្ត្រាអែល និងក្រុមហាម៉ាសបែបនេះ ក្រុមបាល់ទាត់នៃប្រទេសប៉ាឡេស្ទីនក៏អាចនឹងត្រូវផ្អាកការប្រកួតខ្លួន៕
 

Tag:
 ប៉ាឡេស្ទីន
  អ៊ីស្ត្រាអែល
© រក្សាសិទ្ធិដោយ thmeythmey.com