អន្តរជាតិ
ចិន ធ្វើជាម្ចាស់ផ្ទះវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣នៅសប្ដាហ៍ក្រោយ
11, Oct 2023 , 4:10 pm        
រូបភាព
ដោយ៖ ងួនសៅ ពុទ្ធិឫទ្ធិ 
 
ចិននឹងធ្វើជាម្ចាស់ផ្ទះនៃវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣នៅថ្ងៃទី១៧ និង១៨ ខែតុលាខាងមុខ ចំខួបលើកទី១០ នៃការដាក់ចេញគំនិតផ្ដួចផ្ដើមដែលសាងសង់ហេដ្ឋារចនាសម្ព័ន្ធជុំវិញពិភពលោក តែក៏បង្កការព្រួយបារម្ភលើបញ្ហាអន្ទាក់បំណុល។ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន គ្រោងចូលរួមវេទិកានេះដែរ។

 
វេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ដែលនឹងធ្វើនៅទីក្រុងប៉េកាំងនៅសប្ដាហ៏ក្រោយនេះ ជាគម្រប់ខួបលើកទី១០ នៃការបង្កើតគំនិតផ្តួចផ្តើមដ៏ធំដឹកនាំដោយលោកប្រធានាធិបតី ស៊ី ជិនភីង ។ លោក ស៊ី ប្រកាសគំនិតផ្ដួចផ្ដើមអំឡុងទស្សនកិច្ចនៅកាហ្សាក់ស្ថានកាលពីឆ្នាំ២០១៣។
 
វេទិកានេះនឹងមានអ្នកចូលរួមតំណាងឱ្យប្រទេសកំពុងអភិវឌ្ឍជាច្រើន រួមមានទាំងអ្នកចូលរួមមកពីអាមេរិកឡាទីន និងអាហ្រ្វិកផងដែរ។ 
 
«លោក ស៊ី ជិនភីង នឹងចូលរួមក្នុងពិធីបើកវេទិការ និងថ្លែងសុន្ទរកថាគន្លឹះ។ ជាមួយគ្នានេះ លោកក៏​នឹង​រៀបចំ​ពិធី​ជប់លៀង​ស្វាគមន៍​ដល់មេដឹកនាំ​ ក៏ដូចជា​ប្រធាន​អង្គការ​អន្តរជាតិ​ដែលនឹង​ចូល​រួម​ក្នុង​វេទិកា​នេះផងដែរ »។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Hua Chunying និយាយបែបនេះនៅថ្ងៃទី១១ ខែតុលា។
 
យោងតាមការបញ្ជាក់របស់វិមានក្រឹមឡាំងរុស្ស៊ីកាលពីខែ កញ្ញា លោក វ្ល៉ាឌីមៀ ពូទីន បានទទួលយកការអញ្ជើញទៅកាន់វេទិកានេះ ហើយក៏មានកិច្ចពិភាក្សាទ្វេភាគីជាមួយលោក ស៊ី បន្ទាប់ពីលោកធ្លាប់បានចូលរួមវេទិកានេះពីរលើករួចមកហើយកាលពីឆ្នាំ២០១៧ និងឆ្នាំ២០១៩។ វត្តមានរបស់លោក​ ពូទីននៅក្នុងវេទិកានេះ គឺដំណើរទៅកាន់បរទេសដ៏កម្រមួយ បន្ទាប់ពីតុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​ (ICC) បានចេញដីកាលើរូបលោកកាលពីខែមីនាជុំវិញការនិរទេសកុមារពីអ៊ុយក្រែន។
 
ស្របពេលគំនិតផ្ដួចផ្ដើមនេះជួយប្រទេសកំពុងអភិវឌ្ឍពង្រឹងការតភ្ជាប់ជាមួយការវិនិយោគលើការដ្ឋានរាប់ពាន់ ចិនក៏រងការរិះគន់ថា ធ្វើឱ្យប្រទេសជាច្រើនធ្លាក់ចូលអន្ទាក់បំណុល ដោយមានបំណុលរុំខ្លួនរើពុំរួច ហើយត្រូវបង្ខំចិត្តធ្វើសម្បទានហេដ្ឋារចនាសម្ព័ន្ធនានាឱ្យចិនវិញជាការសងបំណុល៕
 

Tag:
 ចិន
  BRI
© រក្សាសិទ្ធិដោយ thmeythmey.com