កីឡាជាតិ
ជាតិ
ជម្រុះ World Cup៖ លោក Felix ថាចំណាត់ថ្នាក់ FIFA មិនបញ្ជាក់គុណភាពក្រុម កម្ពុជា និងប៉ាគីស្ថានទេ
11, Oct 2023 , 6:59 pm        
រូបភាព
ក្រុមជម្រើសជាតិកម្ពុជា កំពុងហ្វឹកហាត់ ត្រៀមប្រកួត រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ក្រុមជម្រើសជាតិកម្ពុជា កំពុងហ្វឹកហាត់ ត្រៀមប្រកួត រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
លោក Felix G. Dalmas គ្រូជម្រើសជាតិបាល់ទាត់កម្ពុជា មិនខ្វល់ចំពោះចំណាត់ថ្នាក់ខុសគ្នារវាង ក្រុមកម្ពុជា និងប៉ាគីស្ថានទេ ព្រោះនេះ មិនអាចបញ្ជាក់ពីគុណភាព នៃការត្រៀមខ្លួនប្រកួតរវាងក្រុមទាំងពីរ ក្នុងជំនួបវគ្គជម្រុះបឋមជុំទី១ ពានរង្វាន់ FIFA World Cup ឆ្នាំ២០២៦  នៅថ្ងៃទី១២ ខែតុលា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ឡើយ។ ដោយឡែក លោក Stephen Constantine គ្រូជម្រើសជាតិប៉ាគីស្ថាន បង្ហាញពីការលំបាកក្នុងការត្រៀមខ្លួនប៉ះកម្ពុជា ព្រោះក្រុម កំពុងរៀបចំសាជាថ្មី ប៉ុន្ដែ រំពឹង ជោគជ័យក្នុងជើងទីមួយ នៅទឹកដីកម្ពុជា។



ក្នុងសន្និសីទសារព័ត៌មានមុនប្រកួតរវាងកម្ពុជា និងប៉ាគីស្ថាន នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣​ លោក Felix G. Dalmas បានបញ្ជាក់ថាក្រុមកម្ពុជា បានត្រៀមលក្ខណៈគ្រប់គ្រាន់ ព្រោះមានទាំងសមាសភាពកីឡាករថ្មី និងកីឡាករចាស់ ដែលធ្លាប់ជាប់ជម្រើសជាតិពីមុនរបស់កម្ពុជា។ គ្រូបង្វឹករូបនេះបន្ថែមទៀតថា កីឡាករទាំងអស់ ដឹងនូវតួរនាទី និងមានទំនួសខុសត្រូវ ក្នុងការលេងរបស់ពួកគេ។
 
ដោយឡែក ចំណាត់ FIFA កម្ពុជា ឈរនៅលេខ ១៧៧ ខ្ពស់ជាង ប៉ាគីស្ថាន ដែលឈរនៅចំណាតថ្នាក់ ១៩៥ ពិភពលោក។ ចំពោះចំណាត់ថ្នាក់នេះ លោក Felix G.Dalmas បញ្ជាក់ថា មិនមែនជាការបង្ហាញនូវគុណភាពក្រុម ដែលត្រៀមសម្រាប់ការប្រកួត នេះទេ ប៉ុន្ដែអ្វី ដែលសំខាន់ គឺជាការត្រៀមខ្លួន ឲ្យបានល្អ។

លោក Stephen គ្រូបង្វឹកប៉ាគីស្ថាន រូបពីសហព័ន្ធបាល់ទាត់កម្ពុជា
 
«ចំណាត់ថ្នាក់ FIFA មិនមែនជាការបង្ហាញនូវគុណភាពក្រុម ដែលយើងបានត្រៀមទេ។ កីឡាករ ទាំងអស់ដឹងច្បាស់ពីការទទួលខុសត្រូវរបស់ពួកគេ។ កីឡាករថ្មី និងកីឡាករ ដែលយើងមានពីមុន ពួកគេមានអារម្មណ៍ និងមហិច្ឆិតាដូចគ្នា ដើម្បីប្រទេសជាតិពួកគេ។ យើង នឹងធ្វើឲ្យបានល្អបំផុត សម្រាប់កម្ពុជា។»។ គ្រូបង្វឹកក្រុមជម្រើសជាតិរូបនេះ បានប្រាប់បែបនេះ។
 
សម្រាប់ប៉ាគីស្ថាន ក្រុមភ្ញៀវនេះ ហាក់ដូចជាមានការតាន់តឹងក្នុងការត្រៀមខ្លួនប្រកួត ដោយសារការចាប់ផ្ដើមអភិវឌ្ឍក្រុមជ្រើសជាតិសារជាថ្មី។ ក្រៅអំពីបញ្ហាផ្ទៃក្នុងរបស់ក្រុម លោក Stephen Constantine ក៏បានបញ្ជាក់ថា ស្ថិតក្នុងស្ថានភាពបែបនេះ ពិបាកនឹងប្រកួតជាមួយកម្ពុជា ម្យ៉ាងវិញទៀត កីឡាកររបស់កម្ពុជា ភាគច្រើន មានឆន្ទៈខ្ពស់ ហើយម៉ឺងម៉ាត់ទៀត។

គ្រូបង្វឹករូបនេះ បន្ថែមទៀតថា ក្រោមការដឹកនាំរបស់គ្រូសញ្ជាតិអាហ្សង់ទីន កម្ពុជា ក្លាយជាក្រុមកាន់តែពិបាកយកឈ្នះ។ បើទោះព្រួយបារម្ភច្រើន លោក Stephen Costantine នៅតែសង្ឃឹមថាអាចឈ្នះកម្ពុជា ក្នុងជើងទី១។
 
គ្រូបង្វឹកប៉ាគីស្ថាន បាននិយាយដូច្នេះ៖«ការប្រកួតជាមួយកម្ពុជា គឺជារឿងពិបាកសម្រាប់ពួកយើង ដោយសារខ្ញុំធ្លាប់មកទីនេះពីមុន ដឹងថាស្មារតីរបស់ពួកគេខ្លាំង ហើយកីឡាករម៉ឺងម៉ាត់ ហើយលោក Felix ដឹកនាំក្រុមបានល្អទៀត ​។ ទោះប្រកួតទីនេះ លំបាក់ ប៉ុន្ដែខ្ញុំ ប៉ុន្ដែសម្រាប់ពួកយើង នៅតែគិតពីចំណុចវិជ្ជមាន គឺត្រូវតែប្រកួត ហើយយកជ័យជម្នះ។ ខ្ញុំ គ្រាន់តែសង្ឃឹមថា យើងបានលទ្ធផលល្អ នៅទីនេះ ។»។
 
គួរបញ្ជាក់ផងដែរថា កម្ពុជា ត្រូវប្រកួតជើងទី១ ជាមួយ ប៉ាគីស្ថាន នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ក្នុងពានរង្វាន់ FIFA World Cup 2026 វគ្គជម្រុះជុំទី១ វេលាម៉ោង ៧ យប់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក និងជើងទី២ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុង Islamabad ប្រទេសប៉ាគីស្ថាន៕
 

Tag:
 បាល់ទាត់
  Felix G. Dalmas
© រក្សាសិទ្ធិដោយ thmeythmey.com