ជាតិ
វីដេអូ
សង្គមជាតិ
គ្រូអនុវិទ្យាល័យក្បែរជើងភ្នំគូលែន នាំសិស្សទស្សនាតំបន់ប្រាសាទកោះកេរ ដើម្បីឱ្យស្គាល់បេតិកភណ្ឌ
15, Oct 2023 , 9:59 am        
រូបភាព
រូបភាព៖ សយ រត្តណៈវិសាល
រូបភាព៖ សយ រត្តណៈវិសាល
តំបន់ប្រាសាទកោះកេរ ជាអតីតរាជធានីបុរាណលិង្ហបុរ ស្ថិតក្នុងភូមិស្រះយង់ខាងជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។ ក្រោយតំបន់នេះត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោករបស់អង្គការយូណេស្កូ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ គ្រូអនុវិទ្យាល័យតាពេន ដែលនៅក្បែរជើងភ្នំគូលែន ខេត្តសៀមរាប បាននាំសិស្សឆ្នើម៥នាក់ ធ្វើទស្សនកិច្ចសិក្សាតំបន់ប្រាសាទកោះកេរ ដើម្បីឱ្យស្គាល់ពីតំបន់បេតិកភណ្ឌ និងចូលរួមផ្សព្វផ្សាយពីសម្បត្តិវប្បធម៌ជាតិ។

សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖

 

អ្នកស្រី ឌឿន ស្រីម៉ៅ ជាគ្រូបង្រៀនថ្នាក់ទី៨-៩ នៃអនុវិទ្យាល័យតាពេន ដែលស្ថិតក្នុងឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប បាននាំសិស្សឆ្នើម៥នាក់ ធ្វើទស្សនកិច្ចសិក្សាតំបន់ប្រាសាទកោះកេរ ក្នុងគោលដៅឱ្យសិស្សបានស្រាវជ្រាវ និងស្គាល់ពីតំបន់បេតិកភណ្ឌជាតិ ដែលទាក់ទងមេរៀននៅសាលា និងចូលរួមផ្សព្វផ្សាយផងដែរ។ 
  
រូបភាព៖ សយ រត្តណៈវិសាល

នេះជាលើកដំបូងរបស់អ្នកគ្រូ ស្រីម៉ៅ និងសិស្សទាំង៥នាក់ ដែលបានមកទស្សនកិច្ចសិក្សាក្នុងរមណីយដ្ឋានកោះកេរ។ អ្នកគ្រូសប្បាយចិត្តដែលបានមកឃើញប្រាង្គប្រាសាទដ៏ស្កឹមស្កៃរបស់បុព្វបុរសខ្មែរដោយផ្ទាល់ ហើយក៏បានផ្ដល់ចំណេះដឹងនានាដល់សិស្សផងដែរ។ ចំពោះអ្នកគ្រូ ស្រីម៉ៅ ទស្សនកិច្ចសិក្សានេះ មានសារៈសំខាន់ ដោយជំរុញការចងចាំរបស់សិស្ស ហើយក៏ផ្ដល់ឱកាសឱ្យពួកគេអាចស្វែងយល់បន្ថែម ពីទីតាំងភូមិសាស្រ្តផងដែរ។
  
 រូបភាព៖ សយ រត្តណៈវិសាល

ក្រៅពីតំបន់ប្រាសាទកោះកេរ អ្នកគ្រូ ស្រីម៉ៅ ថានឹងបន្តនាំសិស្សធ្វើទស្សនកិច្ចសិក្សាទៅតំបន់បេតិកភណ្ឌជាតិផ្សេងៗទៀត ដូចជារមណីយដ្ឋានអង្គរ,តំបន់ប្រាសាទព្រះវិហារ និងតំបន់ប្រាសាទសំបូរព្រៃគុកជាដើម។ «បើសិនជាមានឱកាសយើងនឹងបន្តធ្វើបែបហ្នឹងទៀត ព្រោះការសិក្សាស្រាវជ្រាវគឺសំខាន់។ មិនត្រឹមតែចុះតាមប្រាសាទទេ យើងអាចនឹងដឹកនាំសិស្សចុះតាមភូមិ-ឃុំ តាមទីកន្លែងណាដែលមានកសិករគំរូ អ្នកមានស្នាដៃល្អក្នុងសហគមន៍។ អ៊ីចឹងឱ្យសិស្សចុះទៅ ដើម្បីឱ្យសិស្សហ្វឹកហាត់ការធ្វើទំនាក់ទំនង»៕
 

Tag:
 បេតិកភណ្ឌវប្បធម៌ពិភពលោក
 ប្រាសាទកោះកេរ
© រក្សាសិទ្ធិដោយ thmeythmey.com