ជាតិ
បុណ្យភ្ជុំបិណ្ឌ
អាជ្ញាធររំពឹងថាទេសចរមកសៀមរាបច្រើននាពិធីបុណ្យភ្ជុំបិណ្ឌ
12, Oct 2023 , 10:39 am        
រូបភាព
សៀមរាប៖ ពិធីបុណ្យភ្ជុំបិណ្ឌធំនឹងចាប់ផ្តើមពីថ្ងៃទី១៣ ដល់១៥ ខែតុលា ឆ្នាំ២០២៣។ ស្របពេលនេះ អាជ្ញាធរខេត្តសៀមរាបបានអំពាវនាវដល់វត្តអារាម ប្រជាពលរដ្ឋ​ រៀបចំតុបតែងលម្អដើម្បីសោភ័ណភាព និងត្រៀមទទួលទេសចរ មកលេងនាឱកាស​បុណ្យប្រពៃណី​ជាតិនេះ។

 
នាយករដ្ឋបាលខេត្តសៀមរាប លោក លី វណ្ណៈ បានបញ្ជាក់ថា រដ្ឋបាលខេត្តបានណែនាំឱ្យគ្រប់ វត្តអារាមទាំងអស់ ឱ្យមានការរៀបចំសោភ័ណ និងអនាម័យដើម្បីត្រៀមទទួលស្វាគមន៍ក្នុង ពិធីបុណ្យភ្ជុំបិណ្ឌដែលនឹងមានពុទ្ធបរិស័ទ ភ្ញៀវទេសចរចូលមកកម្សាន្តច្រើន។ មន្រ្តីរូបនេះរំពឹងថា ភ្ជុំបិណ្ឌឆ្នាំនេះ នឹងមានពលរដ្ឋ និងទេសចរច្រើនមកកម្សាន្តខេត្តសៀមរាប ព្រោះត្រូវថ្ងៃចុងសប្ដាហ៍ស្រាប់ ដែលពលរដ្ឋមានពេលច្រើនសម្រាប់ដំណើរកម្សាន្ត។ 
 
លោក វណ្ណៈ បន្ថែមថា៖«រំពឹងទុកថាមានភ្ញៀវទេសចរមកទស្សនាច្រើន ដោយសារ​ការឈប់សម្រាក​​​​​ចំថ្ងៃសុក្រ សៅរ៍ អាទិត្យ ដែលទន្ទឹមនឹងមានភ្ញៀវទេសចរជាតិច្រើន ភ្ញៀវទេសចរអន្តរជាតិក៏ចាប់ផ្តើមមានកំណើនខ្លះផងដែរ ទោះរដូវនេះមិនសូវមាន​ទេសចរអន្ដរជាតិក្ដី»។
 
មន្រ្តីរដ្ឋបាលខេត្តសៀមរាបដដែលបានបញ្ជាក់ថា រដូវនេះខេត្តសៀមរាប មានភាព​អំណោយផលច្រើនទាំងទេសភាពបៃតង ពិសេសនៅតំបន់ភ្នំគូលែន ។ ចំណែកម្ហូបអាហារ​ក៏សម្បូរបែបទៀត។ការប្រកាសនៃវត្តមានព្រលានយន្តហោះអន្ដរជាតិសៀមរាប-អង្គរ ដែលជាព្រលានថ្មី ក៏ជាផ្នែកមួយនៃការទាក់ទាញទេសចរមកលេងសៀមរាបផងដែរ។
 
បន្ថែមពីនេះដែរ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៏បានរៀបចំផែនការការពារ​គ្រប់ទីតាំងសាសនា និងតំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រ និងការកែច្នៃនានាទូទាំងខេត្ត ដើម្បីធានាសុវត្ថិភាព សន្ដិសុខសណ្ដាប់ធ្នាប់នា​ឱកាសបុណ្យភ្ជុំបិណ្ឌនេះ។ នេះជាការបញ្ជាក់របស់លោក លី វណ្ណៈ ដោយលោកអំពាវនាវឱ្យ ប្រជាពលរដ្ឋទាំងអស់ មកកម្សាន្តខេត្តសៀមរាប និងទទួលទានអាហារដ៏សម្បូរបែប ដែលជាស្នាដៃរបស់អ្នកខេត្តសៀមរាប។
 
ក្រៅពីនេះ មន្រ្តីរដ្ឋបាលខេត្តក៏អំពាវនាវដល់ប្រតិបត្តិករទេសចរណ៍កុំដំឡើងតម្លៃ ផ្ទុយទៅវិញ ពួកគេគួរបញ្ចុះតម្លៃក្នុងកម្រិតណាមួយដើម្បីទាក់ទាញទេសចកំឡុងពេលបុណ្យទានសំខាន់ៗនេះ៕
 
 
 

Tag:
 ភ្ជុំបិណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com