អន្តរជាតិ
អ៊ីស្រាអែលថា ក្រុមហាម៉ាសមានចេតនាគ្រប់គ្រងក្រុងតាមព្រំដែនរបស់ខ្លួន
11, Oct 2023 , 5:28 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
អ្នកនាំពាក្យយោធាអ៊ីស្រាអែល នៅថ្ងៃទី១១ ខែតុលា បានបញ្ជាក់ថា ក្រុមហាម៉ាស បានព្យាយាមគ្រប់គ្រងក្រុងរបស់អ៊ីស្រាអែល មិនមែនគ្រាន់តែវាយលុក ហើយដកទៅវិញនោះទេ។ ត្រង់ចំណុចនេះ យោធាអ៊ីស្រាអែល បានអះអាងថា ក្រុមហាម៉ាស មិនអាចទទួលបានជោគជ័យលើបេសកកម្មរបស់ខ្លួនទេ។

 
នៅថ្ងៃទី៧ ខែតុលា ក្រុមហាម៉ាស បានវាយប្រហារមកលើអ៊ីស្រាអែល​ នៅតាមព្រំដែនកាហ្សា និងអ៊ីស្រាអែល។ ការវាយប្រហារនេះ ត្រូវបានអ៊ីស្រាអែលយល់ឃើញថា ក្រុមហាម៉ាស បានព្យាយាមគ្រប់គ្រងក្រុងរបស់ខ្លួន។ 
 
«ពួកគេ មិនបានឆ្លងព្រំដែនឡើយក្នុងរយៈពេល ២ថ្ងៃនេះ។ ក្រុមភេរវករ ត្រូវបានសម្លាប់លើរបង ហើយមានសពក្រុមភេរវករជាច្រើនរយនាក់ដែលយើងមិនទាន់បានយកចេញ»។ អ្នកនាំពាក្យកម្លាំងការពារអ៊ីស្រាអែល លោក Daniel Hagari បានបញ្ជាក់បែបនេះ ដោយបន្តថា ក្រុមហាម៉ាស នៅក្នុងការវាយប្រហារដំបូង ក្នុងថ្ងៃទី៧ ខែតុលា មានបំណងគ្រប់គ្រងតំបន់ក្បែរព្រំដែន ដោយមិនគ្រាន់តែចូលលុកលុយ និងត្រលប់ទៅតំបន់កាហ្សានោះទេ។ 
 
មិនតែប៉ុណ្ណោះ មន្រ្តីយោធាអ៊ីស្រាអែលរូបនេះ បានបន្ថែមថា ក្នុងអំឡុងពេល ការវាយបករបស់អ៊ីស្រាអែល កម្លាំងហាម៉ាស ត្រូវបានវាយឱ្យត្រលប់ទៅតំបន់កាហ្សាវិញហើយ ខណៈសមាជិកក្រុមហាម៉ាសមួយចំនួន បន្តមានវត្តមានក្នុងទឹកដីអ៊ីស្រាអែល ក្បែរពំ្រដែន ហើយអ៊ីស្រាអែល កំពុងតាមប្រមាញ់អ្នកទាំងនោះ។ 
 
មកទល់ពេលនេះ អ្នកស្លាប់ក្នុងសង្រ្គាមរវាងអ៊ីស្រាអែល និងហាម៉ាស បានកើនឡើងដល់ជាង ២០០០នាក់ហើយ ខណៈអ៊ីស្រាអែលមានអ្នកស្លាប់ប្រមាណ១២០០នាក់ និងប៉ាឡេស្ទីនមានជាង ៩០០នាក់។ 
 
ស្របគ្នានេះ កម្លាំងការពារអ៊ីស្រាអែល បានវាយប្រហារលើតំបន់កាហ្សាចំនួន២៦៨៧កន្លែង ចាប់តាំងពីថ្ងៃទី៧ ខែតុលា ហើយក្នុងនោះមានគោលដៅចំនួន ១៣២៩កន្លែងជាអគារជាច្រើនជាន់ ដែលជាកម្មសិទ្ធិរបស់ក្រុមហាម៉ាស៕​
 

Tag:
 អ៊ីស្រាអែល
  ហាម៉ាស
  ប៉ាឡេស្ទីន
© រក្សាសិទ្ធិដោយ thmeythmey.com