ជាតិ
រថយន្តក្រុង៤៥០គ្រឿង បានជួយដោះស្រាយការធ្វើដំណើរ និងសម្រួលការលំបាកពលរដ្ឋ
12, Oct 2023 , 9:28 am        
រូបភាព
នាថ្ងៃទី១២ តុលានេះ ពលរដ្ឋនាំគ្នាសម្រុកចាកចេញពីរាជធានីភ្នំពេញ ធ្វើដំណើរទៅកាន់ស្រុកកំណើត និងតំបន់ទេសចរគោលដៅ រៀងៗខ្លួន។ ជាមួយគ្នានេះ រថយន្តក្រុង របស់សាលារាជធានីភ្នំពេញ ក៏បានរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយការធ្វើដំណើរ និងសម្រួលការលំបាកពលរដ្ឋ។



អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ចេញរថយន្តក្រុង៤៥៥គ្រឿង សម្រាប់ដឹកជញ្ជូនពលរដ្ឋទៅស្រុកកំណើត ទាំងទៅនិងមកវិញ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១២ដល់១៧តុលា ឆ្នាំ២០២៣។ នាពិធីត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋ ដែលធ្វើដំណើរទៅស្រុកកំណត់ តាមសេវារថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ នាព្រឹកនេះ លោក ឃួង ស្រេង បានសង្កត់ធ្ងន់ថា រថយន្តដែលបញ្ចេញសម្រាប់ដឹកជញ្ជូនពលរដ្ឋនេះ ឆ្លងកាត់ការត្រួតពិនិត្យយ៉ាងល្អិតល្អន់ ដើម្បីធានាសុវត្ថិភាពដល់ពលរដ្ឋ។ ចំណែកអ្នកបើកបរ ឬតៃកុងឡាន ក៏មានក្រមសីលធម៌ គោរពដល់អ្នកធ្វើដំណើរផងដែរ។
 
 
បើតាមលោក ឃួង ស្រេង ចាប់តាំងរដ្ឋាភិបាលបញ្ចេញរថយន្តក្រុងមក គឺបានរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយការធ្វើដំណើរ និងសម្រួលការលំបាកពលរដ្ឋ។ ជាពិសេសទប់ស្កាត់ការដំឡើងថ្លៃសេវារថយន្តរបស់ក្រុមហ៊ុនផ្សេងៗទៀតផង។
 
សាលារាជធានីភ្នំពេញ បានបញ្ចេញរថយន្ត ៦០គ្រឿងសម្រាប់ដឹកជញ្ជូនពលរដ្ឋនៅភ្នំពេញ និង៣៩៥គ្រឿងទៀត  សម្រាប់ដឹកពលរដ្ឋពីភ្នំពេញ ទៅកាន់ខេត្តនានា។
 
 
 
សម្រាប់ឡានក្រុងពីភ្នំពេញ-កណ្តាល, ព្រៃវែង-ភ្នំពេញ, ស្វាយរៀង-ភ្នំពេញ មានចំនួន២០គ្រឿង ដែលធ្វើដំណើរតាមផ្លូវជាតិលេខ១។ ឡានក្រុងធ្វើដំណើរតាមផ្លូវជាតិលេខ២មាន៥គ្រឿង សម្រាប់ដឹកពលរដ្ឋភ្នំពេញ-កណ្តាល និងតាកែវ-ភ្នំពេញ និង២០គ្រឿងសម្រាប់ដឹកអ្នកដំណើរតាមផ្លូវជាតិលេខ៣។ 
 
ឡានក្រុង១៥គ្រឿង សម្រាប់ដឹកពលរដ្ឋធ្វើដំណើរតាមផ្លូវជាតិលេខ៤ ទៅកាន់ខេត្តកំពង់ស្ពឺ និងព្រះសីហនុ។ រីឯ អ្នកធ្វើដំណើរតាមផ្លូវលេខ៥ មានរថយន្ត១៥០គ្រឿង សម្រាប់ដឹកពលរដ្ឋទៅកាន់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ។​ ផ្លូវទៅខេត្តសៀមរាប គឺមានរថយន្ត១២០គ្រឿង ខណៈផ្លូវទៅកំពង់ធំ មានឡាន១០គ្រឿងផងដែរ។ 
 
 


ចំពោះ ការធ្វើដំណើររបស់ពលរដ្ឋទៅកាន់ខេត្តកំពង់ចាម និងត្បូងឃ្មុំ មានឡានក្រុងសម្រាប់ដឹកជញ្ជូនចំនួន៣០គ្រឿង ​និង២៥គ្រឿង គឺសម្រាប់ដឹកពលរដ្ឋទៅក្រចេះ និងស្ទឹងត្រែង តាមផ្លូវជាតិលេខ ៨ និង១៣។ 
 

Tag:
 ភ្ជុំបិណ្ឌ
  ឃួង ស្រេង
© រក្សាសិទ្ធិដោយ thmeythmey.com