កីឡាជាតិ
ជាតិ
គោព្រៃកម្ពុជាស្វាគមន៍ក្រុមប៉ាគីស្ថាន លើកទី៣ នៃការជម្រុះ World Cup នាល្ងាចនេះ
12, Oct 2023 , 11:39 am        
រូបភាព
រូបភាពក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក មុនការប្រកួត។ រូបភាពពីសហព័ន្ធបាល់ទាត់កម្ពុជា
រូបភាពក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក មុនការប្រកួត។ រូបភាពពីសហព័ន្ធបាល់ទាត់កម្ពុជា
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវបើកទ្វារកីឡដ្ឋានជាតិអូឡាំពិក ស្វាគមន៍ក្រុមភ្ញៀវប៉ាគីស្ថាន សម្រាប់វគ្គជម្រុះបឋមជុំទីមួយ នៃពានរង្វាន់ FIFA World Cup 2026 នាថ្ងៃទី១២ ខែតុលា។ ក្រុមកម្ពុជាស្វាគមន៍ប៉ាគីស្ថានសារជាថ្មី ហើយក៏ជាការជួបគ្នាលើកទី៣ នៅក្នុងពានរង្វាន់បាល់ទាត់ពិភពលោក។



ក្រុមជម្រើសជាតិកម្ពុជា ដែលស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនលោក Felix G Dalmas បានឆ្លងកាត់ការប្រកួតមិត្តភាពដកស្រង់បច្ចេកទេស ៣ប្រកួតកន្លងមក ហាក់ទទួលបានលទ្ធផលល្អសមរម្យ ដោយការប្រកួតឈ្នះ ១ ស្មើ១ និងចាញ់មួយ។ 
 
កម្ពុជាស្ថិតក្នុងការកែប្រែ និងស្វែងរកទម្រង់លេងល្អរបស់ខ្លួនឡើងវិញ ដើម្បីកែប្រែមុខមាត់ នៅលើការប្រកួតឆាកអន្តរជាតិ ខណៈដែលក្រុមប៉ាគីស្ថាន មិនសូវធ្វើបានលទ្ធផលល្អឡើយ សម្រាប់ការប្រកួតប្រជែងរបស់ពួកគេ កន្លងមក។
 
ប៉ាគីស្ថានមានការប្រកួតអន្តរជាតិក្នុងឆ្នាំ ២០២៣ ដែលបានឆ្លងកាត់ចំនួន ៧ប្រកួត រួចមកហើយ ប៉ុន្តែពួកគេមិនដែលបានយកឈ្នះការប្រកួតណាមួយឡើយ។ បរាជ័យជាប់គ្នានេះកើតឡើងនៅក្នុងពានរង្វាន Mauritius Four Nations Cup 2023 ដែលធ្វើឡើងនៅក្នុងប្រទេសម៉ូរីតានី ហើយបន្ទាប់មកការប្រកួត SAFF Championship 2023 ក៏ពួកគេមិនដែលយកឈ្នះផងដែរ។


 រូបភាពក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក មុនការប្រកួត។ រូបភាពពីសហព័ន្ធបាល់ទាត់កម្ពុជា
សម្រាប់ការជួបគ្នានៅក្នុងការប្រកួតជម្រុះបឋមជុំទី១ World Cup 2026 រវាងកម្ពុជា និងប៉ាគីស្ថាន នឹងក្លាយជាការជួបគ្នាលើកទី៣ ក្រោយពេលក្រុមទាំងពីបានជួបគ្នា កាលពីការប្រកួតជម្រុះ World Cup កាលពីឆ្នាំ ២០១៩ ចំនួន២លើករួចមក។ ការប្រកួតរវាងក្រុមទាំងពីរ នឹងចាប់ផ្តើមនៅវេលាម៉ោង ៧យប់ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។
 
កម្ពុជាយកឈ្នះប៉ាគីស្ថានទាំង ២លើក ដោយលទ្ធផលជើងទីមួយ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ ២០១៩ ដោយលទ្ធផល ២-០ មុនវិលទៅយកឈ្នះលើប៉ាគីស្ថានដល់ទឹកដីវិញ កាលពីថ្ងៃទី១១ ខែមិថុនាឆ្នាំ ២០១៩ ដដែល ដោយលទ្ធផល ១-០។
 
យ៉ាងណាមុនការប្រកួតមកដល់ នៅក្នុងសន្និសីទកាសែត គ្រូបង្វឹកនៃក្រុមជម្រើសជាតិទាំងពីរ បានប្តេជ្ញារៀងៗខ្លួនថា នឹងនាំយកជ័យជម្នះសម្រាប់ក្រុម ក៏ដូចជាអ្នកគាំទ្រ។ កម្ពុជាមានចំណាត់ថ្នាក់ពិភពលោក ១៧៧ ស្របពេលដែល ប៉ាគីស្ថានមានចំណាត់ថ្នាក់លេខ ១៩៥ ។ គ្រូបង្វឹកក្រុមគោព្រៃកម្ពុជាលោក Dalmas បានអះអាងថា កម្រិតចំណាត់ថ្នាក់មិនបញ្ជាក់អំពីគុណភាព ឬសមត្ថភាពរបស់ក្រុមឡើយ។
  

 រូបភាពក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក មុនការប្រកួត។ រូបភាពពីសហព័ន្ធបាល់ទាត់កម្ពុជា

រំលឹកទៅកាន់សម្តីរបស់គ្រូបង្វឹកក្រុមជម្រើសជាតិ នៅក្នុងសន្និសីទកាសែតមុនការប្រកួតនាថ្ងៃទី១១ ខែតុលា បាននិយាយដូច្នេះ ៖ «ចំណាត់ថ្នាក់ FIFA មិនមែនជាការបង្ហាញនូវគុណភាពក្រុម ដែលយើងបានត្រៀមទេ។ កីឡាករ ទាំងអស់ដឹងច្បាស់ពីការទទួលខុសត្រូវរបស់ពួកគេ។ កីឡាករថ្មី និងកីឡាករ ដែលយើងមានពីមុន ពួកគេមានអារម្មណ៍ និងមហិច្ឆិតាដូចគ្នា ដើម្បីប្រទេសជាតិពួកគេ។ យើង នឹងធ្វើឲ្យបានល្អបំផុត សម្រាប់កម្ពុជា។»។ 
 
គួរបញ្ជាក់ថាការប្រកួតជើងទីពីរ នៃវគ្គជម្រុះបឋមជុំទី១ World Cup 2026 នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៧ ខែតុលា នៅក្នុងទីក្រុង Islamabad នៃប្រទេសប៉ាគីស្ថាន៕
 

Tag:
 កម្ពុជា
  World Cup 2026
© រក្សាសិទ្ធិដោយ thmeythmey.com