ជាតិ
កាតាបដែល​​​ខ្ញុំ​ប្រើ​នៅ​វិទ្យា​ល័យកាលពី ៣០ឆ្នាំមុន
14, Oct 2023 , 7:39 pm        
រូបភាព
ភ្នំពេញ៖ ក្នុង​វីដេអូ​នេះ រូប​ខ្ញុំ​ នាយ យ៉ាន ស្លៀកពាក់ខោអាវ​ដូច​សិស្ស​សាលារៀន។ គឺ​ដើម្បី​ណែនាំ​អំពី​វត្ថុ​មួយ​ចំនួន ដែល​ខ្ញុំ​បាន​ប្រើប្រាស់​ក្នុង​ការ​រៀន កាលពី​៣០ឆ្នាំ​មុន នោះគឺកាតាប ដែលទិញនៅក្នុង​ឆ្នាំ១៩៩៣​ និង​សម្ភារគូររូបគំនូរផ្សេងៗ ពីឆ្នាំ​១៩៩០-១៩៩៧។

 
ដើម្បីជ្រាបច្បាស់សូមអ្នកនាងទស្សនាការអត្ថាធិប្បាយបន្ថែមពីនាយ យ៉ាន នៃសារព័ត៌មានថ្មីៗដូចតទៅ៖
 
 
 
កាលពី​ខ្ញុំ​រៀន​ថ្នាក់ទី៩ នៅអនុវិទ្យាល័យ ម្ដាយ​របស់​ខ្ញុំ​បាន​ទិញ​កាតាប​ថ្មីមួយ​ឱ្យ​ខ្ញុំ។ ពេល​នោះ ខ្ញុំ​មាន​មោទកភាព​ណាស់ ពីព្រោះ​មិន​មែន​ជា​កាតាបសម្រាប់​ក្មេងជំទង់​ទេ គឺ​ជា​កា​តាប​សម្រាប់​មនុស្ស​ធំ​វិញ ដូច​គ្រូ​តែ​ម្ដង។
 
វាធ្វើ​ពី​ស្បែក​គោ។ ខាង​ក្រៅ​ វាមាន​ពណ៌​ខ្មៅ និងខាង​ក្នុង វា​មាន​ពណ៌​ពងមាន់។ វា​មាន​បណ្ដោយ ៣៦សង់ទីម៉ែត្រ កម្ពស់ ២៧​សង់ទីម៉េត្រ និង​ទទឹងប្រហែល ១០សង់ទីម៉ែត្រ ប៉ុន្តែ​តាមពិតវា​អាស្រ័យ​តាម​សៀវភៅ និង​ឯកសារ ក្រាស់ ឬស្ដើង​ ដែល​យើង​ដាក់​ក្នុង។ ពីព្រោះ​ខាង​ក្នុង​កាតាប​នេះ​មាន​ ៣​ផ្នែក មុខ កណ្ដាល ក្រោយ ហើយ​មួយពិសេស​បន្ថែមខាង​មុខ ​ដែល​អាច​បិទ​ជាមួយ​ខ្សែ​រូត​បាន។ ខាង​ក្រៅ​ មាន​លោហធាតុ​បន្តិច ដូចជាដងកាន់​ និង​ប្រដាប់​បិទ។ កាតាប​យួរនេះ​មាន​ទម្ងន់១គីឡូក្រាម។ កាល​ពី​នៅ​ថ្មី​ វា​មាន​តម្លៃ​ប្រហែល ១៥០ ០០០ រៀល។ នៅ​ពេល​នេះ​វិញ តាម​ទីផ្សារ​ប្រើប្រាស់​ហើយ មាន​តម្លៃ​ក្រោម ៥០ ០០០រៀល។ ក្រុមហ៊ុន SAVEBAG បាន​​ផលិតវា​នាឆ្នាំ​១៩៩៣ នៅ​ឯប្រទេស​បារាំង។ ក្រុមហ៊ុននេះ ​ត្រូវ​បាន​បង្កើត​ឡើង ​ឆ្នាំ​១៩៦៣។
 
តើ​កាតាប​ដ៏​រឹងមាំ​នេះមាន​​អ្វី​ខាង​ក្នុង ? មាន​សម្ភារ​គូរ​រូប​គំនូរ ដែល​ខ្ញុំ​ប្រើ​កាល​ពី​ខ្ញុំ​រៀន នៅ​វិទ្យាល័យ ! ឆ្នាំ​១៩៩៤ ខ្ញុំ​ចូលវិទ្យាល័យ​បច្ចេកទេស ដើម្បី​រៀនផ្នែក​សិល្បៈ​គូររូប។ តាំង​ពី​ជំនាន់​នោះ ខ្ញុំ​​សល់​សម្ភារ​ដូចជា : កាបូប​តូច​មួយ ពី​ឆ្នាំ​១៩៩១ ដីពណ៌​១កញ្ចប់វែង ពី​ឆ្នាំ​១៩៩២ ​​​​ទឹក​ថ្នាំ​ពណ៌ខៀវ១ដប ពី​ឆ្នាំ១៩៩៣ ធ្យូង​ដៃ​២ដើម ខ្មៅដៃ​១ដើម ខ្មៅដៃពណ៌អាចលាយទឹកបាន១ប្រអប់​ ៣បន្ទាត់​វែង​​ធ្វើ​ពី​ជ័រនិង​ដែក១បណ្ដុំ ឧបករណ៍​គូរ​បន្ទាត់​កោងធ្វើ​ពីជ័រ១គូ ឧបករណ៍​គូរ​​រង្វង់ធ្វើ​ពីជ័រ​១គូ ជក់គុណភាព​ខ្ពស់១គូ ឧបករណ៍​គូរ​រូបសញ្ញា​ឡូហ្កូ​១បណ្ដុំ ជ័រ​លប់​ទឹកថ្នាំ​១ដុំ ពី​ឆ្នាំ​១៩៩៤​ទាំង​អស់ ឧបករណ៍​ឆ្លាក់​ និង​បោះ​ពុម្ព​រូប​១បណ្ដុំ ពី​ឆ្នាំ​១៩៩៦ ហើយហ្វ៊ើតអាល់កុល​៣ចុងគ្រប់​ពណ៌១កាបូប​ ពី​ឆ្នាំ​១៩៩៧ ព្រម​ទាំង​សៀវភៅ​ ស្ដីអំពី​ការគូរគំនូរ១ក្បាល ពី​ឆ្នាំ​១៩៩០ និង២ក្បាល​ ពី​ឆ្នាំ១៩៩៣។
 
ប្រសិនបើលោក​អ្នក​មាន​វត្ថុ​បុរាណ ដែល​លោកអ្នក​នៅ​តែ​ប្រើ​ តែ​ខូចច្រើន ឬ​វត្ថុ​បុរាណ ដែលលោក​អ្នក​ទុក​ចោល អញ្ជើញ​ជួសជុល​វា និងសម្អាត​វា​ឱ្យ​បាន​ល្អ​បំផុត យ៉ាង​លម្អិត​ម្ដង ហើយ​ការពារ​វា ដោយ​ទុក​វា​ក្នុង​កន្លែង​សមរម្យ ដើម្បី​កុំ​ឱ្យ​វា​ខូច​ច្រើន​ជាង។ ពី​ព្រោះ​វត្ថុ​នោះ​ជួយ​រំឭក​អតីតកាល​របស់​លោក​អ្នក ! ឧទាហរណ៍កាតាប​ខាងលើ ខ្ញុំ​បាន​ប្រើ​វា​រហូត​ដល់​ខែសីហា ឆ្នាំ​២០២៣​នេះ។ ក៏ប៉ុន្តែ​វា​ចាប់ផ្ដើម​រហែក​​ពេក។ នេះ​ជា​មូលហេតុ​ដែលបាន​ធ្វើ​ឱ្យ​​ខ្ញុំ​សម្រេច​ឈប់​ប្រើ​វា។​ ដូច្នេះ​ខ្ញុំសំអាត​វា​ជា​លើក​ចុង​ក្រោយ : ខ្ញុំ​ជូត​វា​ជា​មួយ​កន្សែង​សើម ខ្ញុំ​វាយ​ស៊ីរ៉ាស​ខ្មៅ ខ្ញុំ​បាញ់​ថ្នាំ​ការពារ​ដែក កុំ​ឱ្យ​ច្រែះ​ស៊ី​វា ហើយ​​ខ្ញុំ​វាយ​ថ្នាំប៉ូលា​លើ​ផ្នែក​ដែក ដើម្បី​វា​រលោង។ រួចរាល់ហើយ​ខ្ញុំ​បិតប្លាស្ទិកខ្យល់ជុំ​វិញវា ហើយ​ខ្ញុំ​ដាក់វាទុក​ក្នុង​ទូអភិរក្ស។
 
ពាក្យ​ កាតាប ជា ពាក្យកម្ចីពី​ភាសា​បារាំង : cartable ។ ទាំងពីរ​ភាសា​ មាន​នៃ​ថា កាបូប​យួរក៏បាន ស្ពាយក៏បាន សម្រាប់​ដាក់​សៀវភៅ ឯកសារ សឺម៉ី និង​ក្រដាស​ផ្សេងៗជា​ដើម៕
 

© រក្សាសិទ្ធិដោយ thmeythmey.com