ជាតិ
ភ្នំពេញ និងបណ្តាខេត្ត អាចមានភ្លៀងលាយឡំផ្គរន្ទះ ពីថ្ងៃទី១៥ដល់១៧តុលា
15, Oct 2023 , 10:02 am        
រូបភាព
រាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា ជាពិសេសខេត្តដែលស្ថិតនៅតំបន់ខ្ពង់រាបភាគឦសាន និងភាគខាងកើតជាប់នឹងប្រទេសវៀតណាម អាចមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅបង្គួរ លាយឡំផ្គរន្ទះ ចាប់ពីថ្ងៃទី១៥ដល់១៧ ខែតុលា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម។



ក្រសួងធនធានទឹក បានបញ្ជាក់នាព្រឹកនេះ ថា ខេត្តស្ថិតនៅតំបន់ខ្ពង់រាបភាគឦសាន និងភាគខាងកើតជាប់នឹងប្រទេសវៀតណាម នឹងមានទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៦០-៨០ភាគរយ។ ការណ៍នេះកើតឡើងដោយសារ ប្រព័ន្ធសម្ពាធទាប (ITCZ) បន្តអូសបន្លាយកាត់លើភាគខាងត្បូងប្រទេសកម្ពុជា ខណៈសម្ពាធទាបមួយភ្ជាប់នៅចុងប្រព័ន្ធសម្ពាធទាបនេះ នៅខាងកើតឆ្នេរភាគកណ្តាលប្រទេសវៀតណាមបានវិវត្តទៅជាសម្ពាធទាបសកម្ម។

បើតាមក្រសួងធនធានទឹក សម្ពាធទាបសកម្មខាងលើនេះ នឹងរំកិលឆ្ពោះពីទិសខាងលិចមកដល់លើខ្ពង់រាបភាគឦសាននៅថ្ងៃទី១៧ ខែតុលា។ រីឯ ទិសដៅខ្យល់បន្តបក់ប្រែប្រួល ប្តូរមកពីទិសខាងកើតនិងទិសអាគ្នេយ៍ (Variable winds)។ ស្ថានភាពបែបនេះហើយបានធ្វើឱ្យរាជធានីភ្នំពេញ និងបណ្តាខេត្ត អាចមានភ្លៀងធ្លាក់លាយឡំផ្គរន្ទះ។

កាលពីថ្ងៃទី៩ តុលា ឆ្នាំ២០២៣ លោក ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ  បានប្រកាសត្រៀមវិធានការជួយពលរដ្ឋ ពីជំនន់ទឹកភ្លៀង។ ដោយមើលឃើញពីស្ថានភាពជំនន់ទឹកទន្លេ និងស្ទឹង ជាពិសេសស្ទឹងព្រែកត្នោត ហក់ឡើងជាលំដាប់នោះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានចេញវិធានការត្រៀមជួយដោះស្រាយបញ្ហាពលរដ្ឋនៅតាមភូមិសាស្រ្តមួយចំនួន ដើម្បីបង្ការ និងទប់ស្កាត់ហានិភ័យ ពីគ្រោះធម្មជាតិនេះ។

លោក ឃួង ស្រេង បានបញ្ជាឱ្យអភិបាលខណ្ឌទាំង១៤ ជាពិសេសខណ្ឌដង្កោ ខណ្ឌកំបូល ខណ្ឌព្រែកព្នៅ ខណ្ឌឫស្សីកែវ ខណ្ឌជ្រោយចង្វារ និងខណ្ឌច្បារអំពៅ ត្រូវយកចិត្តទុកដាក់ខ្ពស់លើបញ្ហាជំនន់ទឹកភ្លៀងនេះ។ សេចក្តីណែនាំរបស់អភិបាលរាជធានីភ្នំពេញ  បានបញ្ជាឱ្យអភិបាលខណ្ឌទាំងអស់ កំណត់ទីទួលមានសុវត្ថិភាព ដើម្បីត្រៀមជម្លៀសប្រជាពលរដ្ឋ ដោយរៀបចំបង្គន់អនាម័យ ទឹកស្អាត និងអគ្គិសនី តាមរយៈការសហការជាមន្ទីរ និងអង្គភាពពាក់ព័ន្ធ ក្នុងរៀបចំឱ្យបានល្អ សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់។ ជាពិសេសរៀបចំកងកម្លាំងការពារសន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសម្រាប់ពលរដ្ឋសម្រាកនៅទីទួលសុវត្ថិភាព៕

© រក្សាសិទ្ធិដោយ thmeythmey.com