ជាតិ
សម្ដេច ហ៊ុន ម៉ាណែត នឹង​ចូលរួម​វេទិកា«ខ្សែក្រវាត់ និង​ផ្លូវ»​ នៅចិន ពីថ្ងៃ១៧-១៨ តុលា
15, Oct 2023 , 11:59 am        
រូបភាព
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ រូបភាពពីSTPM
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ រូបភាពពីSTPM
ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្តេច ហ៊ុន ម៉ាណែត នឹង​ដឹក​នាំ​ប្រតិភូទៅ​ចូលរួម​វេទិកា​ខ្សែក្រវាត់ និង​ផ្លូ​វលើកទី៣ នៅ​រដ្ឋ​ធានី​ប៉េកាំង តាម​ការ​អញ្ជើញ​របស់​លោក ស៊ី ជីន​ពីង ប្រធានាធិបតី​ នៃ​សាធារណរដ្ឋ​ប្រជា​មានិត​ចិន។ វេទិកា​នេះ ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៧-១៨ ខែ​តុលា។

កិច្ច​ប្រជុំក្នុង​​វេទិកា​ខ្សែ​ក្រវាត់ និង​ផ្លូវ​លើក​ទី៣នេះ ត្រូវបានរៀបចំ​ឡើងក្រោម​មូលបទ«កិច្ច​សហប្រតិបត្តិការ​ខ្សែ​ក្រវាត់ និង​ផ្លូវ​ ប្រកបដោយ​គុណភាព​ខ្ពស់៖ រួម​គ្នា​ដើម្បី​ការ​អភិវឌ្ឍ និង​វិបុលភាព​រួម»។ ក្នុង​ដំណើរ​ចូលរួម​វេទិកាខាងលើ មាន លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC), លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមទាំងរដ្ឋ​មន្រ្តី​មួយចំនួនទៀត អម​ដំណើរ​សម្ដេច ហ៊ុន ម៉ាណែត។ 
 
បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស ក្នុងវេទិកានេះ សម្ដេច ហ៊ុន ម៉ាណែត នឹង​ថ្លែង​សុន្ទរកថាគន្លឹះ​អំពី «សេដ្ឋកិច្ច​ឌីជីថល​ ជា​ប្រភព​នៃ​កំណើន​ថ្មី»ផងដែរ។ លើ​ស​ពី​នេះ សម្ដេច​នាយករដ្ឋមន្រ្តី​ នឹង​ជួប​ពិភាក្សាការងារ​ជាមួយ​លោក ស៊ី ជីនពីង ​អំពី​កិច្ច​សហប្រតិបត្តិ​ការក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី​ និង​ពហុភាគី។ ក្រៅ​ពីនេះ សម្ដេច ក៏​នឹង​ជួប ​ជាមួយ​ឥស្សរជន​បរទេស​ដទៃទៀត ផងដែរ៕​
 

Tag:
 ហ៊ុន ម៉ាណែត
 ​ ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com