ជាតិ
ព្រលានយន្តហោះថ្មី នឹងទាក់ទាញទេសចរចិនមកសៀមរាបកាន់តែច្រើន
15, Oct 2023 , 4:59 pm        
រូបភាព
សៀមរាប៖ ដល់មិនដល់មួយសប្ដាហ៍ទៀតឡើយ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នឹងដាក់ឱ្យដំណើរការ។ លោក Lu Wei ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន AIAI លើកឡើងថា អាកាសយានដ្ឋានខ្លួន នឹងសហការជាមួយអ្នកពាក់ព័ន្ធ ក្រសួង និងស្ថាប័នរដ្ឋជាដើម ទាក់ទាញទេសចិន មកកាន់ខេត្តសៀមរាប ក៏ដូចជាកម្ពុជា។ នាកម្មវិធីរត់ប្រណាំង នាព្រឹកថ្ងៃទី៨ តុលា លោក Lu Wei បន្ថែមថា លោកនឹងផ្សព្វផ្សាយទៅកាន់ទេសចរកម្ពុជា ឱ្យមកកាន់ខេត្តសៀមរាប ក៏ដូចជាកម្ពុជា ដែលជាគោលដៅទេសចរណ៍មានសុវត្ថិភាព។

ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍ដូចតទៅ៖ 

 
កន្លងមកអាកាសយានដ្ឋានមួយនេះ ក៏បានបើកដំណើរការសាកល្បងជើងហោះហើរមួយចំនួនផងដែរ។ ជាក់ស្ដែងកាលពីថ្ងៃទី០៥ ខែតុលា អាកាសយានដ្ឋាននេះ បានទទួលទេសចរណ៍ចំនួន៣ក្រុម ក្នុងនោះមកពីរាជធានីភ្នំពេញ, ព្រះសីហនុ និងចិន សរុបចំនួន១៦០នាក់។ 
 
គួរជម្រាបផងដែរថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានទីតាំងនៅភូមិក្រៀលពល ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ព្រលានយន្តហោះសៀមរាប-អង្គរ សាងសង់ក្នុងទំហំទឹកប្រាក់ ៨៨០លាន​ដុល្លារ​អាម៉េរិក និងចាប់ផ្តើមសាងសង់កាលពីពាក់កណ្ដាលខែ មីនា ឆ្នាំ២០២០។ 
 
ព្រលានថ្មីនេះ មានប្រវែងផ្លូវរត់ ៣ ៦០០ម៉ែត្រ ទទឹង ៤៥ម៉ែត្រ មានចំណតយន្តហោះ ៣៨ ដែលអាចទទួលអ្នកដំណើរប្រមាណ ៧លាននាក់នៅក្នុងមួយឆ្នាំ។ ព្រលាននេះ ស្ថិតក្នុងគម្រោង​កិច្ចព្រមព្រៀង​វិនិយោគ BOT រយៈពេល៥៥ឆ្នាំ។ ព្រលាននេះមានចម្ងាយ ប្រមាណ៥១គីឡូម៉ែត្រ ពីទីរួម​ខេត្តសៀមរាប៕
 
 
 

Tag:
 ThmeyThmey
  ព្រលានយន្តហោះថ្មី
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com