ជាតិ
វីដេអូ
ប្រវត្តិ​ខ្សែ​រថភ្លើង​មួយនៅបារាំង ដែលបាន​បិទទៅវិញ ក្រោយដំណើរការ​មិន​ដល់​មួយ​ឆ្នាំ​ផង ​
15, Oct 2023 , 9:29 pm        
រូបភាព
ជាធម្មតា រថភ្លើង​ជិះ​លើ​ផ្លូវដែក ដែល​មាន​ដងដែកសងខាងទាំង​ខាងឆ្វេង ទាំង​ខាងស្ដាំ។ ក៏​ប៉ុន្តែ​មាន​ផ្លូវដែក​ខ្លះៗ ដែល​មាន​ដងដែក​តែ​មួយគត់ដែរ។ នៅក្នុងវីដេអូ​នេះ នាយ យ៉ាន នឹង​រៀបរាប់​អំពី​ខ្សែ​រថភ្លើង​បុរាណ​មួយបែបនេះ ដែលស្ថិត​នៅ​ឯប្រទេស​បារាំង។ ខ្សែរថ​ភ្លើងនេះ បង្កើតឡើងនៅឆ្នាំ១៨៩៤ ប៉ុន្តែដោយសារ​បញ្ហា​បច្ចេកទេស​ច្រើន វាត្រូវបានបិទ​ទៅ​វិញក្នុងឆ្នាំ១៨៩៥ ពោលគឺ​បន្ទាប់ពីបើកដំណើរការមិនដល់មួយឆ្នាំផង។

 
ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាវីដេអូខាងក្រោមនេះ

 
ចុងសតវត្ស​ទី១៩ មាន​ទីក្រុង​តូច​មួយ​​ ក្នុង​តំបន់​ភ្នំ​ នៅប្រទេសបារាំងនោះ ដែលមាន​​រោង​ចក្រ​​ត្បាញ​ច្រើន​។ ជាពិសេស​គេ​ដេរ​ខ្សែ​ក្រវាត់ក ពេញ​និយម​នា​សម័យ​នោះ ទូទាំង​ទ្វីបអឺរ៉ុប​បស្ចិម។ ដោយសារ​ពេលនោះ ឧស្សាហកម្ម​រថយន្ដ​ទើបតែ​ចាប់ផ្ដើម ដូច្នេះមិន​ទាន់​មាន​ផ្លូវ​កៅស៊ូទេ គឺមាន​តែ​ផ្លូវ​ដី សម្រាប់​រទេះ​សេះ។ ហេតុនេះ​វា​ពិបាក​ដឹក​ក្រណាត់​ចេញ។
 


នេះ​ជា​មូល​ហេតុ​ដែល នៅឆ្នាំ១៨៨៨ ​ការ​​សិក្សាគម្រោង​សាងសង់​ផ្លូវដែក​មួយបានចាប់​ផ្តើម។ គម្រោង​​នោះ​គឺខ្សែ​ទៅដល់​ស្ថានីយ​រថភ្លើង​ ដែល​ជិត​ជាងគេ​នោះ គឺ​ចម្ងាយ២០​គីឡូ​ម៉ែត្រ។ ឆ្នាំ​១៨៩១ គម្រោង​ខ្សែរថភ្លើងនេះ មានទាំងការសង់​ស្ថានីយ ទាំង​ផ្លូវដែក ទាំង​ឡាន និង​ក្បាល​រថភ្លើង២គ្រឿង។ បន្ទាប់​មក​ត្រូវ​រៀបចំ​ផ្លូវ​ថ្មីកាត់ភ្នំ ដោយ​កសាង​ស្ពាន​ប្រ​ហែល​៥០​កន្លែង។ ស្ពាន​ធ្វើ​ពី​ថ្មធម្មជាតិ និង​របងដែក​នោះ ជួយ​ឆ្លង​អូរ និង​ផ្លូវ​ដទៃ​ទៀត។ 
 


ឆ្នាំ១៩៩៤ គេ​ធ្វើ​ផ្លូវដែក​ និង​រថភ្លើង ព្រម​ទាំង​ស្ថានីយ ៤ខ្នង។ ​ប៉ុន្តែ​រថភ្លើង​ដ៏ចម្លែក​នេះមិន​ដែល​បាន​ជិះ​ស្រួលទេ។ វាមាន​បញ្ហា​បច្ចេកទេស​ច្រើន រហូត​ដល់​ឈប់ដំណើរការត្រឹម​ឆ្នាំ១៨៩៥ ! ក្រោយមក​ត្រូវបាន​លក់​ដែក​ស្ទើរតែ​ទាំងអស់​ទៅ​អេតចាយ។ ពេលបច្ចុប្បន្ន​នេះ នៅ​សល់​តែ​ផ្លូវ ឥតមានដែកក្រៅ​ពី​របង​ស្ពាន ដែល​នៅ​តែ​អាច​ឆ្លងកាត់បាន។ ហើយ​ក៏​នៅ​សល់​ស្ថានីយដែរ ប៉ុន្តែ​វា​បាន​ក្លាយ​ទៅ​ជា​គេហដ្ឋាន​ឯកជន​ធម្មតាវិញ។ យ៉ាងណាក៏ដោយ ក្នុងឱកាសខួប១០០ឆ្នាំ នៃយានយន្ដបរាជ័យនេះ គេ​សម្រេច​ផលិត​ក្បាលរថភ្លើង​មួយគ្រឿង តាម​ប្លង់​ក្បាលរថភ្លើងពីដើម ទៅតាំង​នៅ​កណ្ដាល​ទីក្រុង ដើម្បី​កែលម្អ និងទាក់ទាញ​ភ្ញៀវ​ទេសចរ។
 


រថភ្លើង​បែបនេះមាន​ឈ្មោះ​ថា monorail (ម៉ូណូរ៉ាយ)។ ពាក្យ mono មានន័យ​ថា ឯក ឬ មួយ ព្រោះ​ផ្លូវដែកនោះ​មាន​ដងដែកតែ​មួយ។ rail វិញ គឺ​ជាដងដែក​នេះហើយ។ ភាសា​ខ្មែរ​បាន​ខ្ចី​ពាក្យ​បារាំង​នេះថា « រ៉ា » ប៉ុន្តែ​មាន​អត្ថន័យ​ផ្សេង​ថា ស្ថានីយរថភ្លើង។
 


សូម​បញ្ជាក់ថា ​ខ្សែ​រថភ្លើង​ ដែល​ត្រូវ​បាន​សាងសង់​ដំបូង​គេ​បង្អស់ នៅ​ប្រទេស​ខ្មែរ ត្រូវ​បាន​សាងសង់​នាសម័យ​ដូចគ្នា។ វា​មាន​ចម្ងាយ​៨គីឡូម៉ែត្រ ពី​មាត់​បឹងទន្លេ​សាប ត្រឹម​នៅ​ជើង​ភ្នំក្រោម ទៅ​ទីក្រុង​សៀមរាប ក៏ប៉ុន្តែ​មិន​មាន​សល់​អ្វី​ទាំង​អស់៕
 






© រក្សាសិទ្ធិដោយ thmeythmey.com