ជាតិ
ប្រាសាទបាយ័ន រំលេចអំពីស្ថាបត្យកម្មកម្រិតខ្ពស់ប្លែកពីគេ នាសតវត្សរ៍ទី១២
15, Oct 2023 , 9:59 pm        
រូបភាព
នៅឆ្នាំ១១៧៧ កងទ័ពចាម បានសម្រុកវាយលុកចូលចក្រភពអង្គរ។ រាជធានីទាំងមូល ត្រូវបានរងការខូចខាត និងដុតបំផ្លាញយ៉ាងខ្លាំង។ នៅឆ្នាំ១១៨១ ព្រះបាទជ័យវរ្ម័នទី៧ បានវាយរំដោះទឹកដីពីកណ្ដាប់ដៃទ័ពចាម រហូតបានជ័យជម្នះនៅលើទឹកដី បុរីព្រះខ័ន កំពង់ស្វាយ។ ព្រះបាទជ័យវរ្ម័នទី៧ បានយកព្រះពុទ្ធសាសនាមហាយាន ជាសាសនាផ្លូវការភ្លាម។

ប្រាសាទនានា ដែលជាស្នាព្រះហស្ថរបស់ព្រះអង្គ សុទ្ធតែបង្ហាញនូវការបូជាព្រះពោធិសត្វមួយព្រះអង្គ ដែលមាននាមថា «លោកេសូរ»។ ទេពលោកេសូរ ជាទេពសង្រ្គោះដល់អ្នកមានទុក្ខទាំងពួង ជាពិសេសអ្នកមានជំងឺធ្ងន់។ អ្នកស្រាវជ្រាវ យល់ថា ជំនឿនេះហើយ ដែលជំរុញឱ្យព្រះអង្គ កសាងមន្ទីរពេទ្យ និងសាលាសំណាក់ពាសពេញប្រទេស ដ្បិតថា សំណង់សង្គមកិច្ចទាំងអស់នេះ ភ្ជាប់គ្នាយ៉ាងជិតស្និតទៅនឹងជំនឿលើព្រះលោកេសូរ។ 
 


ព្រះរាជា នៃអាណាចក្រខ្មែរ បានកសាងប្រាសាទជាច្រើន ដែលមានទម្រង់ប្លែកពីគ្នា និងមានទឹកដៃ ផ្នែកស្ថាបត្យកម្មបង្កប់នូវសិល្បៈដ៏រស់រវើក។ រីឯព្រះបាទជ័យវរ្ម័នទី៧ ក្រោយពេលឡើងសោយរាជ្យភ្លាម ព្រះអង្គ បានគិតគូររៀបចំប្លង់រាជធានីអង្គរធំ ដោយមិនប្ដូររាជធានីទៅតំបន់ផ្សេងនោះទេ។ ព្រះបាទជ័យវរ្ម័នទី៧ បានសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីជាច្រើន។ 
 
ដើម្បីឱ្យរាធានីរបស់ព្រះអង្គរឹងមាំ ប្រាសាទជ័យវរ្ម័នទី៧ បានសាងសង់កំពែង ៤ជ្រុងព័ទ្ធជុំវិញ។ កំពែងនេះ គឺជារបងដ៏រឹងមាំ សម្រាប់ការពារខ្មាំងសត្រូវ។ នៅអមកំពែង មានកសិន្ឌុព័ទ្ធជុំវិញ។ កំពែងនេះ មានប្រវែង៣គីឡូម៉ែត្រ៤ ជ្រុង។ រាជធានីអង្គរធំ មានខ្លោងទ្វារចំនួន៥។ 
 
នៅចំចំណុចផ្ចិតរាជធានី ព្រះបាទជ័យវរ្ម័នទី៧ បានសង់ប្រាសាទ បាយ័ន។ ប្រាសាទបាយ័ន មានទម្រង់ជាប្រាសាទភ្នំ ដែលបង្ហាញពីស្ថាបត្យកម្មចម្លែកថ្មីមួយ ពីប្រាសាទនានា។ ប្រាសាទបាយ័ន មានប្រាង្គចំនួន ៥៤ ដែលប្រាង្គនីមួយៗ មានរូបចម្លាក់ព្រហ្មមុខ៤។ 
 
ប្រាសាទបាយ័ន មានចម្លាក់អំពីចម្បាំងខ្មេរ-ចាម, ចម្បាំងក្នុងស្រុក, សង្រ្គាមជើងទឹក, ជីវភាពប្រជាជន, ការព្យាបាលអ្នកជំងឺ, និងរឿងរ៉ាវទាក់ទងព្រះបាទជ័យវរ្ម័នទី៧ ជាច្រើន។ ចម្លាក់ក្រឡោតទាបនៅប្រាសាទបាយ័ន មាន២ផ្នែក គឺខាងក្រៅ និងខាងក្នុង។ ចម្លាក់ផ្នែកខាងក្នុងភាគច្រើន ឆ្លាក់អំពីកិច្ចការរបស់ព្រះមហាក្សត្រ និងមានពិធីដង្ហែសពព្រះរាជបុត្ររបស់ព្រះបាទជ័យវរ្ម័នទី៧ ថែមទៀតផង។ 
 
បើតាមការសង្កេត ប្រាសាទទាំងអស់ក្នុងរមណីយដ្ឋានអង្គរ តែងតែមានចម្លាក់ ដែលនិទានអំពីរឿងព្រេង។ ប៉ុន្តែព្រះបាទជ័យវរ្ម័នទី៧ បានយករឿងព្រេងនិទាន បង្កើតជាប្រាសាទវិញ ហើយតាមជញ្ជាំងឆ្លាក់អំពី ការធ្វើសឹកសង្គ្រាម, របៀបរស់នៅរបស់ប្រជាជន, និងសេវាសាធារណៈ ក្នុងរាជ្ជកាលរបស់ព្រះអង្គ។ 
 
ដើម្បីជ្រាបកាន់តែច្បាស់ អំពីប្រាសាទបាយ័ន សូមទស្សនាបទសម្ភាសរវាងលោក សែម វណ្ណា អ្នកសារព័ត៌មានថ្មីៗ និងលោក សួម សុភា បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា ដូចខាងក្រោម៖ 
 
 
 
 
 
 
 
 
 
 
 
 
 
 

Tag:
 ប្រាសាទបាយ័ន
  ព្រះបាទជ័យវរ្ម័នទី៧
© រក្សាសិទ្ធិដោយ thmeythmey.com