អន្តរជាតិ
ថៃ កូរ៉េខាងត្បូង អាម៉េរិក ស្ថិតក្នុងចំណោមបណ្តាប្រទេសដែលចាប់ផ្តើមជម្លៀសពលរដ្ឋខ្លួនចេញពីអ៊ីស្រាអែល
16, Oct 2023 , 11:09 am        
រូបភាព
រូបភាព AFP
រូបភាព AFP
គិតត្រឹមថ្ងៃទី១៦ ខែតុលា បណ្តាប្រទេសជាច្រើន បានចាប់ផ្តើមជម្លៀសប្រជាជនរបស់ខ្លួនចេញពីអ៊ីស្រាអែល ជាបន្តបន្ទាប់ ដោយសារបារម្ភពីសុវត្ថិភាព ក៏ដូចជាសង្រ្គាមកាន់តែមានភាពស្មុគស្មាញ ស្របពេលការប៉ះទង្គិចរវាងក្រុម ហេប៉ូឡា (Hezbollah) និងអ៊ីស្រាអែល ក៏កើតមាននៅតំបន់ព្រំដែនភាគខាងជើង។

 
ជាច្រើនថ្ងៃហើយដែលអ៊ីស្រាអែល បានធ្វើសង្រ្គាមជាមួយក្រុមហាម៉ាសនៅក្នុងតំបន់កាហ្សា។ ពេលនេះ អ៊ីស្រាអែល កំពុងត្រៀមខ្លួនសម្រាប់ប្រតិបត្តិការយោធាផ្លូវគោក ដើម្បីកម្ទេចក្រុមហាម៉ាសចោល ក្រោយពីបានបញ្ជាឱ្យប្រជាជនប៉ាឡេស្ទីននៅតំបន់ភាគខាងជើង ភៀសខ្លួនទៅភាគខាងត្បូង។ ជាមួយគ្នានេះ នៅព្រំដែនភាគខាងជើង ដែលជាប់ជាមួយលីបង់ឯណោះវិញ ក្រុមហេប៉ូឡា បានប៉ះទង្គិចជាមួយយោធាអ៊ីស្រាអែលផងដែរ។ 
 
ដោយបារម្ភពីសុវត្ថិភាពរបស់ប្រជាជន បណ្តាប្រទេសជាច្រើន បានប្រកាសពីផែនការជម្លៀសប្រជាជនខ្លួនចេញ តាមរយៈសមុទ្រ និងផ្លូវអាកាស។ 
 
តើប្រទេសណាខ្លះ ចាប់ផ្តើមជម្លៀសប្រជាជនចេញពីអ៊ីស្រាអែល?
 
អូស្រ្តាលី
 
តាមការបញ្ជាក់របស់នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក អាន់ថូនី អាល់បានីស នៅថ្ងៃទី១១ ខែតុលា កន្លងមក អូស្រ្តាលី បានរៀបចំជើងហោះហើរចំនួនពីរ នៅក្នុងថ្ងៃទី១៣ និងថ្ងៃទី១៥ ខែតុលា ដើម្បីជម្លៀសប្រជាជនខ្លួនចេញ។ ចំណែករដ្ឋមន្រ្តីការបរទេសអូស្រ្តាលី លោកស្រី Penny Wong ក៏បានអះអាងផងដែរនៅថ្ងៃទី១៥ ខែតុលា ថា អូស្រ្តាលី បានត្រៀមជើងហោះហើរជាច្រើនសម្រាប់ប្រជាជនខ្លួនឱ្យចាកចេញអីអ៊ីស្រាអែល។ 
 
ប្រេស៊ីល
 
តាមការបញ្ជាក់របស់ស្ថានទូតប្រេស៊ីលប្រចាំនៅក្រុង Tel Aviv នៅពេលកន្លងទៅ ប្រេស៊ីលបានជម្លៀសប្រជាជនខ្លួនប្រមាណ ៤៩២នាក់រួចហើយ ចេញពីអ៊ីស្រាអែល។ ប្រេស៊ីល មានជើងហោះហើរចំនួន ២បន្ថែមទៀត នៅក្នុងថ្ងៃទី១៥ ខែតុលា។ 
 
កាណាដា
 
ចាប់តាំងពីថ្ងៃទី១៣ ខែតុលាមក កាណាដា បានចាប់ផ្តើមជម្លៀសប្រជាជនខ្លួនចេញពីអ៊ីស្រាអែល ស្របពេលសង្រ្គាមកំពុងកើតមានឡើង។ ប្រជាជនកាណាដា ប្រមាណ១ពាន់នាក់ ចង់ចាកចេញពីអ៊ីស្រាអែល ដើម្បីសុវត្ថិភាព។ 
 
អាម៉េរិក
 
អាម៉េរិក នឹងចាប់ផ្តើមជម្លៀសប្រជាជនរបស់ខ្លួន រួមទាំងគ្រួសារពីអ៊ីស្រាអែល តាមរយៈសមុទ្រ និងឆ្ពោះទៅប្រទេស៊ីប ចាប់ពីថ្ងៃទី១៦ ខែតុលា។ អាម៉េរិក ក៏បានដាក់លក្ខខណ្ឌមួយចំនួនផងដែរសម្រាប់ការជម្លៀសនេះ។
 
ថៃ 
 
ក្រោយពេលសង្រ្គាមផ្ទុះឡើង និងមានប្រជាជនខ្លួនបានបាត់បង់ជីវិត រដ្ឋាភិបាលថៃ បានសម្រេចរៀបចំជម្លៀសប្រជាជនខ្លួន ដែលស្ម័គ្រចិត្តទៅប្រទេសវិញ ដើម្បីការពារសុវត្ថិភាព។ ប្រជាជនថៃប្រមាណ ៣ម៉ឺននាក់ កំពុងធ្វើការនៅអ៊ីស្រាអែល។
 
ការជម្លៀសប្រជាជនថៃ គឺផ្អែកតាមជើងហោះហើរពិសេស និងជើងហោះហើរពាណិជ្ជកម្ម។ ចាប់តាំងពីថ្ងៃទី១១ ខែតុលាមក ថៃបានបញ្ជូនប្រជាជនខ្លួននៅអ៊ីស្រាអែល ទៅដល់ប្រទេសខ្លួនជាបន្តបន្ទាប់។ 
 
កូរ៉េខាងត្បូង
 
កូរ៉េខាងត្បូង នៅថ្ងៃទី១៤ ខែតុលា បានបញ្ជូនយន្តហោះដឹកជញ្ជូន KC-330  ទៅយកប្រជាជនខ្លួននៅអ៊ីស្រាអែល។ ប្រជាជនកូរ៉េខាងត្បូងចំនួន ១៦៣នាក់ រួមទាំងជប៉ុន ៥១នាក់ និងសិង្ហបុរីចំនួន ៥នាក់ ត្រូវបានបញ្ជូនទៅប្រទេសវិញ។ 
 
ក្រៅពីប្រទេសខាងលើ វាក៏មានបណ្តាប្រទេសផ្សេងទៀតដូចជា អូទ្រីស, ស៊ីប, ហ្វាំងឡង់, បារាំង, អាល្លឺម៉ង់, អ៊ីតាលី, ម៉ិកស៊ិក និងហូឡង់ជាដើម ក៏បានរៀបចំការជម្លៀសប្រជាជនខ្លួនចេញពីអ៊ីស្រាអែលផងដែរ ដើម្បីសុវត្ថិភាពប្រជាជន៕ 
 

Tag:
 អ៊ីស្រាអែល
  អាម៉េរិក
  បារាំង
  កាណាដា
© រក្សាសិទ្ធិដោយ thmeythmey.com