អន្តរជាតិ
តើប្រជាជនប្រទេសណាខ្លះត្រូវបានសម្លាប់ក្នុងសង្រ្គាមអ៊ីស្រាអែល និងហាម៉ាស?
16, Oct 2023 , 5:29 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
គិតត្រឹមថ្ងៃទី១៥ ខែតុលា សង្រ្គាមរវាងអ៊ីស្រាអែល និងហាម៉ាស បានឈានចូលដល់ថ្ងៃទី៩ ហើយ ដោយប្រជាជនអ៊ីស្រាអែល និងប៉ាឡេស្ទីន លើសពី ៣ពាន់នាក់ បានបាត់បង់ជីវិត ខណៈប្រជាជនច្រើនពាន់នាក់ផ្សេងទៀត បានរងរបួស។ ស្របគ្នានេះ ជនបរទេសច្រើនជាង ១៤០នាក់ ត្រូវបានស្លាប់ក្នុងសង្រ្គាមរវាងអ៊ីស្រាអែល និងហាម៉ាស។

 
តាមទិន្នន័យរបស់ទីភ្នាក់ងារព័ត៌មាន AFP ត្រឹមថ្ងៃទី១៥ ខែតុលា ជនបរទេសច្រើនជាង ១៤០នាក់ ត្រូវបានស្លាប់ក្នុងសង្រ្គាមរវាងអ៊ីស្រាអែល និងហាម៉ាស។ តើប្រជាជនប្រទេសណាខ្លះត្រូវបានសម្លាប់ក្នុងសង្រ្គាមអ៊ីស្រាអែល និងហាម៉ាស?
 
អាម៉េរិក
 
យ៉ាងហោចណាស់ ប្រជាជនអាម៉េរិកចំនួន ៣០នាក់ បានបាត់បង់ជីវិតក្នុងសង្រ្គាម ស្របពេលប្រជាជនចំនួន ១៣នាក់ផ្សេងទៀត បានបាត់ខ្លួន។ យ៉ាងណាមិញ អាជ្ញាធរអាម៉េរិក មិនអាចបញ្ជាក់បានឡើយ ថាតើប្រជាជនខ្លួនប៉ុន្មានរូប ត្រូវបានក្រុមហាម៉ាសចាប់ខ្លួន។ 
 
ថៃ
 
ក្រសួងការបរទេសថៃ នៅថ្ងៃទី១៥ ខែតុលា បានអះអាងថា ប្រជាជនថៃចំនួន ២៨នាក់ បានស្លាប់ក្នុងសង្រ្គាម ខណៈប្រជាជនចំនួន ១៧នាក់ត្រូវបានចាប់ខ្លួន និង១៦នាក់ផ្សេងទៀត បានរងរបួស។ ប្រជាជនថៃប្រមាណ ៣ម៉ឺននាក់ កំពុងធ្វើការនៅអ៊ីស្រាអែល ដោយភាគច្រើន ធ្វើការក្នុងវិស័យកសិកម្ម។ 
 
បារាំង
 
ការិយាល័យរដ្ឋមន្រ្តីការបរទេសបារាំង លោកស្រី Catherine Colonna នៅថ្ងៃទី១៤ ខែតុលា បានបង្ហាញទិន្នន័យថា ប្រជាជនបារាំងចំនួន ១៧នាក់ បានបាត់បង់ជីវិត និង ១៥នាក់ កំពុងបាត់ខ្លួន។ ប្រជាជនបារាំងភាគច្រើនស្លាប់ ក្នុងការវាយប្រហារពីសំណាក់ក្រុមហាម៉ាស នៅថ្ងៃទី៧ ខែតុលា ដែលជាថ្ងៃវាយប្រហារដំបូងរបស់ក្រុមហាម៉ាស មកលើអ៊ីស្រាអែល។ 
 
នេប៉ាល់
 
តាមការបញ្ជាក់របស់ស្ថានទូតនេប៉ាល់ប្រចាំនៅអ៊ីស្រាអែល ប្រជាជននេប៉ាល់ចំនួន ១០នាក់ហើយ ត្រូវបានសម្លាប់ក្នុងសង្រ្គាមរវាងអ៊ីស្រាអែល និងហាម៉ាស។ 
 
អាហ្សង់ទីន 
 
តាមការបញ្ជាក់របស់អាជ្ញាធរអាហ្សង់ទីន ប្រជាជនខ្លួនចំនួន ៧នាក់ បានបាត់បង់ជីវិត ខណៈ១៥នាក់ផ្សេងទៀត បានបាត់ខ្លួន។
 
អ៊ុយក្រែន
 
ប្រជាជនអ៊ុយក្រែន ចំនួន ៧នាក់ ត្រូវបានសម្លាប់ និង៩នាក់ កំពុងបាត់ខ្លួន។ ទន្ទឹមនេះ មនុស្សចំនួន ៩នាក់ផ្សេងទៀត កំពុងរងរបួស។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសអ៊ុយក្រែន។ 
 
រុស្ស៊ី
 
ប្រជាជនរុស្ស៊ីយ៉ាងហោចណាស់ ១៦នាក់ ត្រូវបានសម្លាប់ និង៨នាក់ បានបាត់ខ្លួន។ ស្ថានទូតរុស្ស៊ីនៅក្រុង Tel Aviv បានបង្ហាញទិន្នន័យបែបនេះ នៅថ្ងៃទី១៤ ខែតុលា។ 
 
ចិន
 
ក្រសួងការបរទេសចិន កន្លងមក បានអះអាងថា ប្រជាជនខ្លួនចំនួន ៣នាក់ បានស្លាប់ និង ២នាក់កំពុងបាត់ខ្លួន។ 
 
ហ្វីលីពីន
 
ក្រសួងការបរទេសហ្វីលីពីន បានអះអាងថា ប្រជាជនចំនួន ៣នាក់ បានស្លាប់ និង៣នាក់ បានបាត់ខ្លួន។
 
ចំណែកបណ្តាប្រទេសផ្សេងទៀត មានកម្ពុជា អូស្រ្តាលី អាស៊ែបៃហ្សង់ អៀរឡង់ ហុងឌូរ៉ាស ព័រទុយហ្កាល់ អេស្ប៉ាញ ស្វ៊ីស មានអ្នកស្លាប់ចំនួន ១នាក់រៀងៗខ្លួន៕ 
 

Tag:
 អាម៉េរិក
  កម្ពុជា
  ថៃ
  បារាំង
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com