អន្តរជាតិ
ជប៉ុន អរគុណកូរ៉េខាងត្បូងដែលជួយជម្លៀសប្រជាជនខ្លួនចេញពីអ៊ីស្រាអែល
16, Oct 2023 , 10:09 pm        
រូបភាព
រូបភាព Kyodo
រូបភាព Kyodo
រដ្ឋមន្រ្តីការបរទេសជប៉ុន លោកស្រី យូកូ កាមិកាវ៉ា នៅថ្ងៃទី១៥ ខែតុលា បានអរគុណកូរ៉េខាងត្បូង ដែលបានជួយជម្លៀសប្រជាជនខ្លួនចំនួន ៥១នាក់ ពីអ៊ីស្រាអែល តាមជើងយន្តហោះរបស់ខ្លួន។

 
កូរ៉េខាងត្បូង នៅថ្ងៃទី១៤ ខែតុលា បានបញ្ជូនយន្តហោះដឹកជញ្ជូន KC-330  ទៅយកប្រជាជនខ្លួននៅអ៊ីស្រាអែល។ ប្រជាជនកូរ៉េខាងត្បូងចំនួន ១៦៣នាក់ រួមទាំងជប៉ុន ៥១នាក់ និងសិង្ហបុរីចំនួន ៥នាក់ ត្រូវបានបញ្ជូនទៅប្រទេសវិញ។
 
នៅព្រឹកថ្ងៃទី១៥ ខែតុលា លោកស្រី យូកូ កាមិកាវ៉ា រដ្ឋមន្រ្តីការបរទេសជប៉ុន បាននិយាយទូរសព្ទជាមួយសមភាគីកូរ៉េខាងត្បូង លោក ផាក ជីន ដែលបានជួយប្រជាជនជប៉ុនឱ្យត្រលប់មកប្រទេសវិញ។ 
 
យន្តហោះដឹកជញ្ជូន KC-330 បានចាកចេញពីកូរ៉េខាងត្បូងនៅថ្ងៃទី១៤ ខែតុលា និងបានត្រលប់មកដល់ប្រទេសវិញ នៅក្នុងថ្ងៃដដែលនោះ។ 
 
ស្របគ្នានេះ ភាគីទាំងពីរ ក៏បានឯកភាពថា កូរ៉េខាងត្បូង និងជប៉ុន នឹងបន្តទំនាក់ទំនងគ្នាឱ្យបានកាន់តែជិតស្និទ្ធ និងធ្វើការរួមគ្នា ដើម្បីជួយកាត់បន្ថយការប្រយុទ្ធរវាងអ៊ីស្រាអែល និងហាម៉ាស រួមទាំងជួយប្រជាជនខ្លួនចេញពីតំបន់គ្រោះថ្នាក់។
 
កន្លងមក បណ្តាប្រទេសជាច្រើនមាន អាម៉េរិក កាណាដា ថៃ បារាំង ម៉ិកស៊ិក និងហ្វាំងឡង់ជាដើម បានប្រកាសជម្លៀសប្រជាជនខ្លួនចេញពីអ៊ីស្រាអែល ក្រោយសង្រ្គាមផ្ទុះឡើង ដើម្បីការពារសុវត្ថិភាពប្រជាជនខ្លួន៕ 
 

Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com