អន្តរជាតិ
សង្រ្គាមអ៊ីស្រាអែល-ហាម៉ាស៖ អ្នកសារព័ត៌មានយ៉ាងតិច ១២នាក់ ត្រូវបានសម្លាប់
16, Oct 2023 , 6:29 pm        
រូបភាព
រូបភាពយកពីគណៈកម្មាធិការការពារអ្នកសារព័ត៌មាន CPJ
រូបភាពយកពីគណៈកម្មាធិការការពារអ្នកសារព័ត៌មាន CPJ
គណៈកម្មាធិការការពារអ្នកសារព័ត៌មាន (CPJ) នៅថ្ងៃទី១៥ ខែតុលា បានអះអាងថា មកទល់ពេលនេះ អ្នកសារព័ត៌មានយ៉ាងហោចណាស់ ១២នាក់ ត្រូវបានសម្លាប់ និង៨នាក់រងរបួស នៅក្នុងសង្រ្គាមរវាងអ៊ីស្រាអែល និងហាម៉ាស។

 
គិតត្រឹមថ្ងៃទី១៥ ខែតុលា សង្រ្គាមអ៊ីស្រាអែល និងហាម៉ាស មានរយៈពេល ៩ថ្ងៃហើយ ខណៈប្រជាជនអ៊ីស្រាអែល និងប៉ាឡេស្ទីនច្រើនជាង ៣ពាន់នាក់ បានបាត់បង់ជីវិត និងជាច្រើនពាន់នាក់ផ្សេងទៀត បានរងរបួស។ 
 
ស្របគ្នានេះ អ្នកសារព័ត៌មានយ៉ាងហោចណាស់ ១២នាក់ ត្រូវបានសម្លាប់នៅក្នុងសង្រ្គាម បើគិតចាប់តាំងពីថ្ងៃទី៧ ខែតុលាមក។ 
 
«ត្រឹមថ្ងៃទី១៥ ខែតុលា ពោលគឺក្នុងរយៈពេល ៩ថ្ងៃនៃការប្រយុទ្ធគ្នា អ្នកសារព័ត៌មានចំនួន ១២នាក់ ត្រូវបានសម្លាប់, ពីរនាក់ បានបាត់ខ្លួន និង៨នាក់ បានរងរបួស»។ គណៈកម្មាធិការការពារអ្នកសារព័ត៌មាន បានបញ្ជាក់បែបនេះ នៅលើវេបសាយរបស់ខ្លួន។ 
 
ទន្ទឹមនេះ អង្គការអ្នកសារព័ត៌មានមួយនេះ ក៏បានបញ្ជាក់ផងដែរថា អ្នកសារព័ត៌មាននៅក្នុងតំបន់កាហ្សាមានគ្រោះថ្នាក់ខ្ពស់ ដោយសារពួកគេត្រូវយកព័ត៌មាន និងត្រូវប្រឈមមុខ នឹងការវាយប្រហារពីសំណាក់កងកម្លាំងរបស់អ៊ីស្រាអែល។ 
 
ចាប់តាំងពីថ្ងៃទី៩ ខែតុលា ក្រោយកម្លាំងហាម៉ាសបានវាយប្រហារលើខ្លួន យោធាអ៊ីស្រាអែល បានសងសឹកតាមរយៈវាយប្រហារលើតំបន់កាហ្សាវិញ ដោយបានបំផ្លាញអគារច្រើនកន្លែង ក្នុងតំបន់នោះ។ 
 
ជុំវិញបញ្ហានេះ លោក Sherif Mansour អ្នកសម្របសម្រួលកម្មវិធីអាហ្វ្រិកខាងជើង និងមជ្ឈិមបូព៌ានៃគណៈកម្មាធិការការពារអ្នកសារព័ត៌មាន បានយល់ឃើញថា អ្នកសារព័ត៌មានបានដើរតួនាទីដ៏សំខាន់ ក្នុងពេលមានវិបត្តិ និងមិនគួរក្លាយជាគោលដៅនៃការវាយប្រហារឡើយ៕ 
 

Tag:
 អ៊ីស្រាអែល
  ហាម៉ាស
  សង្រ្គាម
  ប៉ាឡេស្ទីន
© រក្សាសិទ្ធិដោយ thmeythmey.com