អន្តរជាតិ
រុស្ស៊ី​​ ផ្អាក​ការ​នាំ​ចូល​អាហារ​សមុទ្រ​ពី​ជប៉ុន
17, Oct 2023 , 10:41 am        
រូបភាព
អង្គភាពសហព័ន្ធសម្រាប់ការឃ្លាំមើលសត្វពាហនៈ និងអនាម័យ (Rosselkhoznadzor) របស់រុស្ស៊ី នាថ្ងៃទី១៦ ខែតុលាបានប្រកាសថា រុស្ស៊ីនឹងកំហិតលើការនាំចូលត្រី និងអាហារសមុទ្រពីជប៉ុន ដោយបារម្ភពីសុវត្ថិភាពអាហារក្រោយការបញ្ចេញទឹកពីរោងចក្រថាមពលនៅ Fukushima ។

 
ជប៉ុន បាបញ្ចេញទឹកដែលធ្វើប្រព្រឹត្តកម្មជាតិវិទ្យុសកម្មពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ចូលទៅ ក្នុងមហាសមុទ្រប៉ាស៊ីហ្វិកក្នុងខែសីហាកន្លងទៅ ដែលធ្វើឱ្យមានការរិះគន់ពីអ្នកជិតខាង ពិសេសចិនដែលសម្រេច ហាមឃាត់ការនាំចូលអាហារសមុទ្រទាំងអស់តែម្ដង។
 
ក្នុងចំណាត់ការដូចចិនដែរ​ រុស្ស៊ីបញ្ជាក់ថា ខ្លួននឹងរឹតត្បិតគ្រឿងសមុទ្រពីចជប៉ុនដែរ។ ការរឹតបន្តឹងនេះ ធ្វើឡើងរហូតទាល់មានការធានាថា អាហារសមុទ្រជប៉ុនមានសុវត្ថិភាព។
 
ជាការឆ្លើយតបនឹងចំណាត់ការរបស់មូស្គូ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់ជប៉ុន លើកឡើងថា បម្រាមរបស់រុស្ស៊ីគ្មានមូលដ្ឋានវិទ្យាសាស្ត្រ មិនយុត្តិធម៌ និងគួរឱ្យសោកស្ដាយ។ ជប៉ុនអំពាវនាវឱ្យរុស្ស៊ីលុបចោល វិធានការនេះវិញផងដែរ។
 
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយមុនពេលរុស្ស៊ីប្រកាសបម្រាមរបស់ខ្លួន ក្រសួងការបរទេសជប៉ុន អះអាងថា ខ្លួនបានផ្តល់ព័ត៌មានបន្ថែមដល់រុស្ស៊ីត្រឹមថ្ងៃទី ១៥ ខែតុលា បន្ទាប់ពីកិច្ចសន្ទនាតាមអនឡាញរវាងស្ថាប័នរដ្ឋពាក់ព័ន្ធកាលពីថ្ងៃទី១០ ខែតុលា។
 
«ជប៉ុននឹងបន្តផ្តល់ការពន្យល់ដោយផ្អែកលើភស្តុតាងវិទ្យាសាស្រ្តដល់រុស្ស៊ីដោយតម្លាភាពខ្ពស់ និងដោយសេចក្តីស្មោះត្រង់។» សេចក្ដីថ្លែងការណ៍ខាងលើបញ្ជាក់បែបនេះ។
 
លើសពីនេះទៀត ចាប់ពីខែមករាដល់ខែកញ្ញា រុស្ស៊ីបាននាំចូលត្រី និងអាហារសមុទ្រចំនួន១១៨តោនពីជប៉ុន។ នេះបើយោងតាម ​​Rosselkhoznadzor ។ 
 
មន្ទីរពិសោធន៍បរិស្ថានសមុទ្ររបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA ត្រូវធ្វើទស្សនកិច្ចនៅជប៉ុនចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៣ ខែតុលា ដើម្បីត្រួតពិនិត្យ​ការបញ្ចេញទឹកពីរោងចក្រនៅ Fukushima ហើយភាគីទីបីដែលជាតួអង្គឯករាជ្យទៅពីកាណាដា ចិន និងកូរ៉េខាងត្បូងនឹងចូលរួមក្នុងការត្រួតពិនិត្យ​ដែរ៕
 

Tag:
 រុស្ស៊ី
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com