អន្តរជាតិ
អ៊ីស្រាអែលថា យោធាខ្លួននឹងឈ្នះក្រុមហាម៉ាស ដោយសារស្មារតីរួមគ្នា និងការហ្វឹកហាត់
17, Oct 2023 , 12:09 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ប្រមុខកម្លាំងការពារអ៊ីស្រាអែល ឧត្តមសេនីយ៍ឯក Herzi Halevi បានបង្ហាញក្តីជឿជាក់ថា យោធាអ៊ីស្រាអែល នឹងឈ្នះក្នុងសង្រ្គាមប្រឆាំងក្រុមហាម៉ាស។ បើតាមលោក Herzi Halevi ជ័យជម្នះនេះ នឹងកើតមានដោយសារតែស្មារតីរួមគ្នារបស់កម្លាំងអ៊ីស្រាអែល និងការហ្វឹកហាត់។

 
ក្រោយសង្រ្គាមផ្ទុះឡើងនៅក្នុងថ្ងៃទី៧ ខែតុលា មេដឹកនាំអ៊ីស្រាអែល ជាញយៗ បានប្រកាសពីការកម្ទេចក្រុមហាម៉ាសឱ្យអស់។ កន្លងមក អ៊ីស្រាអែល បានកោះហៅទ័ពបម្រុងរហូតដល់៣០ម៉ឺននាក់ឯណោះសម្រាប់សង្រ្គាមជាមួយហាម៉ាស ដែលជាចំនួនមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្រ្តអ៊ីស្រាអែល។ 
 
ក្នុងលិខិតមួយច្បាប់ទៅកាន់យោធា ឧត្តមសេនីយ៍ឯក Herzi Halevi នាយអគ្គសេនាធិការកម្លាំងការពារអ៊ីស្រាអែល (IDF) បានលើកឡើងថា យោធាអ៊ីស្រាអែល នឹងឈ្នះ ក្នុងសង្រ្គាមប្រឆាំងក្រុមហាម៉ាសនៅតំបន់កាហ្សា។ 
 
«កម្លាំងការពារនឹងឈ្នះ ដោយសារតែអ៊ីស្រាអែលបន្តបំពេញបេសកកម្មខ្លួន និងដោយសារតែកម្លាំងនៃស្មារតីរួមគ្នា»។ ឧត្តមសេនីយ៍ឯករូបនេះបានសង្កត់ធ្ងន់បែបនេះ ដោយចាត់ទុកសង្រ្គាមប្រឆាំងក្រុមហាម៉ាស ជារឿងត្រឹមត្រូវ។ 
 
ប្រមុខកម្លាំងការពារអ៊ីស្រាអែល បានបន្ថែមថា អ៊ីស្រាអែលនឹងឈ្នះសង្រ្គាមមួយនេះ ដោយសារតែសមត្ថភាពយោធាខ្លួន និងការហ្វឹកហាត់សម្រាប់កិច្ចការមួយនេះ។ 
 
នៅចំពោះមុខការគំរាមកំហែងនៃប្រតិបត្តិការយោធាផ្លូវគោករបស់អ៊ីស្រាអែល ក្រុមហាម៉ាស បានលើកឡើងថា ខ្លួនបានត្រៀមខ្លួនជាស្រេចក្នុងការទទួលយកយោធាអ៊ីស្រាអែល។ 
 
តាមការបញ្ជាក់របស់អ្នកនាំពាក្យក្រុមហាម៉ាស លោក Abu Obeideh នៅថ្ងៃទី១៦ ខែតុលា ការគំរាមរបស់យោធាអ៊ីស្រាអែលក្នុងការឈ្លានពានផ្លូវគោក មិនអាចបំភ័យក្រុមហាម៉ាសបានឡើយ ហើយកងកម្លាំងរបស់ខ្លួនបានត្រៀមខ្លួនជាស្រេច។ 
 
អ្នកនាំពាក្យរូបនេះ បានបន្ថែមថា ក្រុមហាម៉ាស បានឃុំខ្លួនមនុស្ស២០០នាក់ ចាប់តាំងពីការវាយប្រហារនៅថ្ងៃទី៧ ខែតុលា។ ក្រុមហាម៉ាស ក៏ប្រកាសដែរថា ខ្លួននឹងដោះលែងចំណាប់ខ្មាំងដែលជាជនបរទេស ក្នុងលក្ខខណ្ឌដែលត្រូវបានអនុញ្ញាត។ យ៉ាងណាមិញ លោក Abu Obeideh មិនបានលម្អិតបន្ថែមទៀតឡើយ។ 
 
ចំណែកលោក Moussa Abu Marzouk មន្រ្តីជាន់ខ្ពស់របស់ក្រុមហាម៉ាស បានលើកឡើងថា ចំណាប់ខ្មាំងបរទេស មិនអាចត្រូវបានដោះលែងឡើយដោយសារតែអ៊ីស្រាអែល បន្តវាយប្រហារផ្លូវអាកាសលើតំបន់កាហ្សា។ 
 
ប្រមុខការពារជាតិអ៊ីស្រាអែល លោកYoav Gallant នៅថ្ងៃទី១៥ ខែតុលា បានប្តេជ្ញាជាថ្មីថា យោធាអ៊ីស្រាអែល នឹងតាមប្រមាញ់ក្រុមហាម៉ាសឱ្យអស់ដោយសារតែក្រុមមួយនេះ មិនព្រមទទួលយកវត្តមានរបស់ប្រជាជនអ៊ីស្រាអែល។ លោកបានសន្យាកំណត់ទីតាំងចំណាត់ខ្មាំងឱ្យបានច្បាស់លាស់ផងដែរ ដើម្បីរំដោះពួកគេពីក្រុមហាម៉ាស៕ 
 

Tag:
 អ៊ីស្រាអែល
  ហាម៉ាស
© រក្សាសិទ្ធិដោយ thmeythmey.com