កីឡាអន្តរជាតិ
អន្តរជាតិ
EURO 2024 ៖ ៧ក្រុមកក់កៅទៅអាល្លឺម៉ង់ ឯជំនួបបែលហ្ស៊ិក-ស៊ុយអែតត្រូវផ្អាក​ ក្រោយមានការបាញ់ប្រហារ
17, Oct 2023 , 1:10 pm        
រូបភាព
ការប្រកួតវគ្គជម្រុះពានរង្វាន់បាល់ទាត់ទ្វីបអឺរ៉ុប UEFA Euro 2024 រកឃើញក្រុមចំនួន​ ៨ រួមមាន អាល្លឺម៉ង់ (ម្ចាស់ផ្ទះ), អូទ្រីស, បែលហ្ស៊ិក, បារាំង, ព័រទុយហ្កាល់, ស្កុតឡែន, អេស្ប៉ាញ និងតួកគី ដែលបានកក់កៅអីជុំផ្តាច់ព្រ័ត្រដែលនឹងធ្វើឡើងនៅក្នុងប្រទេសអាល្លឺម៉ង់នៅក្នុងឆ្នាំ ២០២៤។ ចំណែកការប្រកួតរវាងបែលហ្ស៊ិក ទល់នឹងស៊ុយអែតបានផ្អាក ដោយសារតែការបាញ់ប្រហារនៅក្នុងទីក្រុងប្រ៊ុចសែល។



អូទ្រីសជាក្រុមដែលបានកក់កៅអីចុងក្រោយគេចំណោម៨ក្រុម នៅថ្ងៃទី១៦ ខែតុលា ស្របពេលដែលការប្រកួតរវាងក្រុមប៊ែលហ្ស៊ិក ទល់នឹងស៊ុយអែតដែលជាការប្រកួតនៅក្នុងពូល F ត្រូវបានផ្អាកត្រឹមពាក់កណ្តាលវគ្គ ក្រោយពេលដែលជនជាតិស៊ុយអែត ២នាក់ត្រូវបានបាញ់សម្លាប់នៅក្នុងទីក្រុងប្រ៊ុចសែល។​ ស៊ុយអែតធ្លាក់ចេញពីការប្រកួតជុំផ្តាច់ព្រ័ត្រ UEFA Euro 2024 ដែលជាការខកខានលើកដំបូងក្នុងរយៈពេល ២៨ឆ្នាំ។
 
នាថ្ងៃទី១៦ ខែតុលា ក្នុងទីក្រុងប្រ៊ុចសែល នៃប្រទេសបែលហ្ស៊ិក ជនជាតិស៊ុយអែត ២នាក់ត្រូវបានបាញ់សម្លាប់ និងមនុស្សម្នាក់រងរបួស។ខ្នាន់កាំភ្លើងត្រូវបានកំណត់អត្តសញ្ញាណថាជាសមាជិកនៃរដ្ឋអ៊ីស្លាម។ ការបាញ់ប្រហារបានធ្វើឡើង ខណៈពេលដែលការប្រកួតរវាងបែលហ្ស៊ិក និងអ៊ុយអែតហៀបធ្វើឡើង ហើយការបាញ់ប្រហារនេះ បានធ្វើឱ្យប្រទេសបែលសហ្ស៊ិកពង្រឹងការប្រុងប្រយ័ត្នខ្លាំងបន្ថែមនៃអំពើភេរវកម្មកម្រិតខ្ពស់ដែលកំពុងមានការកើនឡើងខ្លាំងនៅក្នុងតំបន់អឺរ៉ុប និងជុំវិញពិភពលោក។
 


អូទ្រីសយកឈ្នះលើក្រុម អាស៊ែបៃហ្សង់លទ្ធផល ១-០ ដើម្បីអាចស្វែងរកកៅអីសម្រាប់ព្រឹត្តិការណ៍ Euro 2024 ដែលធ្វើឡើងនៅក្នុងប្រទេសអាល្លឺម៉ង់ បន្ទាប់ពីការស៊ុតបាល់ពិន័យ ១១ម៉ែត្រពីសំណាក់កីឡាករ Marcel Sabitzer នៅនាទី៤៨។ បើទោះជាការប្រកួតរបស់ប៊ែលហ្ស៊ិកត្រូវបានផ្អាក ប៉ុន្តែពួកគេនៅតែជាក្រុមដែលបានកក់កៅអីរួចស្រេច ក្នុងនាមជាក្រុមឈរនៅកំពូលតារាងពូល F ដោយមានពិន្ទុ ១៦ពិន្ទុ ស្មើជាមួយនឹងក្រុមលេខ ២ ក្រុមអូទ្រីស។
 
បារាំងក៏ជាក្រុមដែលបានឡើងទៅកាន់ជុំផ្តាច់ព្រ័ត្រ ក្រោយឆ្លងកាត់ការប្រកួតត្រឹមតែ ៦សប្តាហ៍របស់ខ្លួនតែប៉ុណ្ណោះ ដោយឈរក្នុងនាមជាក្រុមកំពូលតារាងដែលមាន ១៨ពិន្ទុ។ ក្នុងពូល B ដដែល ក្រុមហូឡង់ក៏កំពុងតែព្យយាមស្វែងរកដំណើរទៅកាន់ជុំផ្តាច់ព្រ័ត្រ ខណៈពួកគេបានឡើងមកឈរនៅចំណាត់ថ្នាក់លេខ ២ បន្ទាប់ពីយកឈ្នះការប្រកួតលើក្រុមគ្រិគដោយលទ្ធផល ១-០ នាថ្ងៃទី១៧ ខែតុលា។ 
 
សម្រាប់ព័រទុយហ្កាល់របស់ខ្សែប្រយុទ្ធ Cristiano Ronaldo ក៏បានកក់កៅអីជុំផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ Euro 2024 ក្នុងនាមជាក្រុមប្រកួតក្នុងពូល I មិនដែលចាញ់សោះ ៨ប្រកួត។ ការប្រកួតទី៨ ព័រទុយហ្កាល់ បានយកឈ្នះលើក្រុមបូស្នីលទ្ធផល ៥-០ នៅក្នុងទីក្រុង Zenica នៃប្រទេសបូស្នី ដោយ Ronaldo រកបានគ្រាប់បាល់នៅការប្រកួតនោះជាមួយនឹងមិត្តរួមក្រុម Bruno Fernandes, Joao Cancelo និង Joao Felix ដែលស៊ុតបាល់បញ្ចូលទី។
 
អេស្ប៉ាញ បញ្ចប់ចំណាត់ថ្នាក់លេខ ១ នៅក្នុងពូល A ដោយរកបាន ១៥ពិន្ទុក្នុងដៃឆ្លងកាត់ការប្រកួតចំនួន ៦លើកឈ្នះទាំងអស់ ជាមួយស្តុតឡែន បញ្ចប់ចំណាត់ថ្នាក់លេខ ២ ដោយមាន ១៥ពិន្ទុក្នុងដៃរួចស្រេចដូចគ្នា។
 
ចំណែកតួកគី ក៏ជាក្រុមកំពុងតែមានទម្រង់លេងល្អខ្លាំងឡើងវិញ សម្រាប់ការប្រកួតប្រជែងពានរង្វាន់ Euro 2024 ដោយពួកគេជាក្រុមដែលស្ថិតនៅក្នុងកំពូលតារាងពូល D ដោយមាន ១៦ពិន្ទុ ក្រោយឆ្លងកាត់ការប្រកួតចំនួន ៧ប្រកួត៕

Tag:
 EURO 2024
  UEFA
© រក្សាសិទ្ធិដោយ thmeythmey.com