អន្តរជាតិ
លោកបៃឌិន នឹងធ្វើដំណើរទៅអ៊ីស្រាអែលដើម្បីបង្ហាញសាមគ្គីភាព
17, Oct 2023 , 2:39 pm        
រូបភាព
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នឹងបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល ក្នុងថ្ងៃទី១៨ ខែតុលា។ រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន បានបញ្ជាក់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៦ ខែតុលា។ បើតាមលោកប្លីងខិន ដំណើរទស្សនកិច្ចរបស់លោកបៃឌិន ជាការបង្ហាញសាមគ្គីភាពរវាងអាម៉េរិក និងអ៊ីស្រាអែល។

 
គិតត្រឹមថ្ងៃទី១៦ ខែតុលា សង្រ្គាមរវាងអ៊ីស្រាអែល និងហាម៉ាស បានឈានចូលដល់ថ្ងៃទី១០ ហើយ ដោយអ៊ីស្រាអែល បន្តវាយប្រហារតាមផ្លូវអាកាសលើតំបន់កាហ្សា ខណៈប្រជាជនប៉ាឡេស៊ីលជាច្រើនម៉ឺននាក់បន្តភៀសខ្លួនទៅភាគខាងត្បូងតាមការណែនាំរបស់អ៊ីស្រាអែល ស្របពេលនេងក្តីបារម្ភពីការវាយប្រហារផ្លូវគោក។ 
 
ទោះជម្លោះនៅតែបន្ត ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន នឹងបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល ក្នុងថ្ងៃទី១៨ ខែតុលា។ ដំណើរទស្សនកិច្ចរបស់លោក បៃឌិន ត្រូវបានប្រកាសដោយលោក អាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក។
 
«លោកបៃឌិនទៅអ៊ីស្រាអែលក្នុងពេលដ៏សំខាន់សម្រាប់អ៊ីស្រាអែល សម្រាប់តំបន់ និងពិភពលោក»។ លោកប្លីងខិន បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី១៦ ខែតុលា ដោយបន្តថា ដំណើរទស្សនកិច្ចរបស់លោកបៃឌិន នឹងបញ្ជាក់ពីសាមគ្គីភាពរបស់អាម៉េរិក និងអ៊ីស្រាអែល រួមទាំងការប្តេជ្ញាចំពោះសន្តិសុខនៅក្នុងក្រុង ហ្ស៊េយរុយសាឡិម និងបញ្ជាក់ពីសិទ្ធិក្នុងការការពារខ្លួនពីសំណាក់អ៊ីស្រាអែល។ 
 
បន្ថែមពីនេះ រដ្ឋមន្រ្តីការបរទេសអាម៉េរិក បានប​ន្ថែមថា លោកបៃឌិន ក៏នឹងស្តាប់អ៊ីស្រាអែលពីអ្វីដែលត្រូវការដើម្បីការពារខ្លួន និងសម្របសម្រួលឱ្យមានការដោះលែងចំណាប់ខ្មាំងដែលត្រូវបានក្រុមហាម៉ាសចាប់ខ្លួន ចន្លោះពី២០០នាក់ទៅ២៥០នាក់ក្នុងតំបន់កាហ្សា។ 
 
ចំណែកអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក Jonh Kirby ក្នុងថ្ងៃទី១៦ ខែតុលាដដែល បានអះអាងថា លោកបៃឌិន ក៏នឹងធ្វើដំណើរទៅហ្ស៊កដានី អេហ្ស៊ីប និងគ្រោងជួបប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក Mahmoud Abbas ដើម្បីជជែកពីច្រកមនុស្សធម៌ទៅកាន់តំបន់កាហ្សាផង។ 
 
ស្ថានភាពនៅក្នុងតំបន់កាហ្សាពេលនេះ កំពុងលំបាកខ្លាំង ដោយប្រជាជនជាច្រើនម៉ឺននាក់ បានភៀសខ្លួនពីភាគខាងជើងទៅភាគខាងត្បូង។ មនុស្សជាច្រើននាក់ បានប្រមូលផ្តុំនៅតាមសាលារៀន និងមន្ទីរពេទ្យសម្រាប់ជម្រក ខណៈមន្ទីរពេទ្យ ក៏ខ្វះប្រេងសម្រាប់បន្តដំណើរការអគ្គិសនីក្នុងការជួយសង្រ្គោះអ្នកជំងឺ។ មន្ទីរពេទ្យនៅតំបន់កាហ្សា មានអ្នកជំងឺណែនណាន់ខ្នាន់ខ្នាប់។
 
ស្របគ្នានេះ ប្រជាជនប៉ាឡេស្ទីន ក្នុងតំបន់កាហ្សាត្រូវការអាហារ និងទឹកជាចាំបាច់ ដោយសារតែស្បៀងអាហារ និងទឹកកាន់តែខើច។ ជុំវិញបញ្ហានេះ អង្គការសុខភាពពិភពលោក (WHO)​ បានព្រមានការផ្ទុះឡើងនៃជំងឺឆ្លងដោយសារតែប្រជាជនភៀសខ្លួនមានចំនួនច្រើន រួមទាំងខ្វះទឹក និងអនាម័យជាដើម។ 
 
ក្នុងសន្និសីទសារព័ត៌មានមួយនៅស្ថានទូតអាម៉េរិកនៅក្រុង Tel Aviv នៅថ្ងៃទី១៦ ខែតុលា លោកប្លីងខិន បានបញ្ជាក់ថា អាម៉េរិក និងអ៊ីស្រាអែល បានឯកភាពក្នុងការអភិវឌ្ឍគម្រោង ដើម្បីអនុញ្ញាតឱ្យមានការផ្តល់ជំនួយមនុស្សធម៌ពីប្រទេសផ្តល់ជំនួយ និងអង្គការអន្តរជាតិ ទៅក្នុងតំបន់កាហ្សា។ 
 
លោកប្លីងខិន ដែលបានធ្វើដំណើរទស្សនកិច្ចទៅអ៊ីស្រាអែលវិញ ក្រោយបញ្ចប់ទស្សនកិច្ចនៅប្រទេសមជ្ឈិមបូព៌ាមួយចំនួន បានលើកឡើងថា គម្រោងជំនួយមនុស្សធម៌នេះ ត្រូវបានធ្វើឡើងដោយអាម៉េរិក រួមទាំងលទ្ធភាពក្នុងការបង្កើតតំបន់មួយចំនួន ដើម្បីជួយការពារប្រជាជនស៊ីវិលពីការគំរាមកំហែងផង។ 
 
សេតវិមានអាម៉េរិក នៅថ្ងៃទី១៦ ខែតុលា បានប្រកាសពីការលុបចោលដំណើរទស្សនកិច្ចរបស់លោកបៃឌិន ទៅរដ្ឋ Colorado មុនប៉ុន្មានម៉ោងប៉ុណ្ណោះ នៃការចាកចេញ។ 
 
គិតត្រឹមថ្ងៃទី១៦ ខែតុលា មនុស្សច្រើនជាង៤ពាន់នាក់ហើយ បានស្លាប់ក្នុងសង្រ្គាមរវាងអ៊ីស្រាអែល និងហាម៉ាស ក្នុងនោះមានអ្នកសារព័ត៌មានយ៉ាងហោចណាស់ ១៥នាក់ដែរ៕ 
 

Tag:
 អាម៉េរិក
  អ៊ីស្រាអែល
© រក្សាសិទ្ធិដោយ thmeythmey.com