អន្តរជាតិ
៥នាក់បានស្លាប់ដោយសារទឹកជំនន់នៅភាគខាងជើងថៃ, អាជ្ញាធរព្រមានពីការធ្លាក់ភ្លៀងខ្លាំងទៀត
17, Oct 2023 , 3:09 pm        
រូបភាព
មនុស្ស៥នាក់បានស្លាប់ដោយសារទឹកជំនន់នៅភាគខាងជើងថៃក្នុងសប្តាហ៍នេះ ស្របពេលដែលអាជ្ញាធរបានព្រមាននៅថ្ងៃទី១៧ ខែតុលាថា នឹងមានភ្លៀងខ្លាំងធ្លាក់មកបន្ថែមទៀត។

 
នៅដើមសប្ដាហ៏នេះ មនុស្ស៥នាក់បានស្លាប់ដោយសារគ្រោះទឹកជំនន់នៅក្នុងខេត្តផាយ៉ាវភាគខាងជើងថៃ។ នេះបើតាមការបញ្ជាក់របស់ក្រសួង​សុខាភិបាល​សាធារណៈថៃ។
 
ជាមួយគ្នានេះ អាជ្ញាធរថៃបានចេញការព្រមាននៅថ្ងៃទី១៧ ខែតុលាបន្ថែមទៀតអំពីគ្រោះទឹកជំនន់ទៅលើខេត្តចំនួន៣២។ ទីក្រុងបាងកក រួមជាមួយកោះភូកេតត្រូវបានព្យាករថា នឹងមានភ្លៀងធ្លាក់ខ្លាំងដែរ។ 
 
«ខ្យល់មូសុងពីភាគនិរតីនឹងបក់បោកលើសមុទ្រ Andaman និងឈូងសមុទ្រថៃ ហើយវានឹងធ្វើឱ្យមានភ្លៀងធ្លាក់ក្នុងប្រទេស»។ ក្រសួងមហាផ្ទៃថៃបានប្រកាសបែបនេះ។ 
 
ក្រសួងដដែលក៏បានបញ្ជាក់បន្ថែមថា ពលរដ្ឋ៦២,០០០គ្រួសារត្រូវបានរងផលប៉ះពាល់ដោយទឹកជំនន់នៅរដូវវស្សានេះ។
 
ចាប់តាំងពីដើមខែកញ្ញាមក ប្រជាជនថៃសរុប២៣នាក់ត្រូវបានស្លាប់ដោយសារគ្រោះទឹកជំនន់ ហើយ៣៣នាក់ត្រូវបានរងរបួស។ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៏ចុងក្រោយនេះ នាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីនបានចុះទៅពិនិត្យតំបន់ទឹកជំនន់ជារឿយៗ ខណៈដែលអាជ្ញាធរមូលដ្ឋានកំពុងព្យាយាមផ្តល់ឧបករណ៍សង្គ្រោះដល់ជនជម្លៀសពីតំបន់រងគ្រោះ៕ 
 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com